ព័ត៌មានអន្ដរជាតិ
ប្រជាជនវ៉េណេស៊ុយអេឡា ខកចិត្តនឹង លោក ត្រាំ ដែលសន្យាធើ្វឲ្យសេដ្ឋកិច្ចងើប ប៉ុន្តែផ្ទុយស្រឡះ
ការខកចិត្តចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែកើនឡើងយ៉ាងខ្លាំងក្នុងចំណោមប្រជាជនវ៉េណេស៊ុយអេឡា ដោយសារតែ ការផ្លាស់ប្តូរមានសភាពយឺតយ៉ាវជាងការរំពឹងទុក បន្ទាប់ពីប្រើកម្លាំងយោធាចាប់ខ្លួនអតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមឆ្នាំនេះ។

សារព័ត៌មាន Financial Times (FT) បានរាយការណ៍ កាលពីថ្ងៃទី១៤ ថា ក្តីសង្ឃឹម និងភាពរីករាយដែលធ្លាប់មានភ្លាមៗក្រោយការដួលរលំនៃរបបលោក ម៉ាឌូរ៉ូ កាលពីខែមករា បានប្រែប្តូរទៅជាការខកចិត្តវិញ ដោយសារប្រជាពលរដ្ឋមិនទាន់មានអារម្មណ៍ថា ជីវភាពប្រចាំថ្ងៃរបស់ពួកគេបានធូរស្រាលនោះឡើយ។
ជាក់ស្ដែង អត្រាគាំទ្ររបស់ លោក ត្រាំ បានធ្លាក់ចុះជិត ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ។ តាមការស្ទង់មតិរបស់ក្រុមហ៊ុន Meganalisis ការគាំទ្របានធ្លាក់ចុះពី ៧៥ភាគរយ ក្នុងខែមីនា មកត្រឹម ៤៧ភាគរយ ក្នុងខែមេសា ហើយការស្ទង់មតិរបស់ Atlas Intel និង Bloomberg ក៏បង្ហាញថា ធ្លាក់ពី ៥៣ភាគរយ ក្នុងខែកុម្ភៈ មកត្រឹម ៤៥ភាគរយ ក្នុងខែឧសភា។
កាលពីថ្ងៃទី១ ខែមករា ប្រតិបត្តិការយោធាដឹកនាំដោយអាមេរិក បានឈានទៅដល់ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដែលបង្កើតឲ្យមានការរំពឹងទុកយ៉ាងខ្ពស់។ អាមេរិកបានសម្រាលទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួន និងអនុញ្ញាតឲ្យវ៉េណេស៊ុយអេឡានាំចេញប្រេងឆៅឡើងវិញ ព្រមទាំងមានការដោះលែងអ្នកទោសនយោបាយរាប់រយនាក់។ ទោះបីជា ត្រាំ បានអះអាងថ្មីៗនេះថា វ៉េណេស៊ុយអេឡាបានក្លាយជាប្រទេសដែលមានសេចក្តីសុខក៏ដោយ ប៉ុន្តែពលរដ្ឋក្នុងស្រុកជាច្រើនមិនយល់ស្របឡើយ។
យោងតាមធនាគារកណ្តាលវ៉េណេស៊ុយអេឡា អត្រាអតិផរណាប្រចាំឆ្នាំកាលពីខែមុនបានហក់ឡើងហួស ៥០០%។ ប្រាក់ឈ្នួលអប្បបរមាកំណត់ដោយច្បាប់មានចំនួនត្រឹមតែ ១៣០ បូលីវ៉ា (Bolivars) ក្នុងមួយខែ ដែលមិនដល់ ១ ដុល្លារអាមេរិកផង។ បើទោះបីជាបូកបញ្ចូលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ក៏ប្រាក់ចំណូលសរុបប្រចាំខែរបស់ប្រជាពលរដ្ឋម្នាក់មានត្រឹមតែប្រហែល ២៤០ ដុល្លារ ខណៈដែលសហជីពក្នុងស្រុកប៉ាន់ប្រមាណថា ការចំណាយលើម្ហូបអាហារសម្រាប់គ្រួសារដែលមានសមាជិក ៥ នាក់ ត្រូវការរហូតដល់ទៅជាង ៧៣០ ដុល្លារក្នុងមួយខែ។ កត្តានេះបានបណ្តាលឲ្យមានបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកើតឡើងជាបន្តបន្ទាប់។
ក្រៅពីបញ្ហាសេដ្ឋកិច្ច ភាពយឺតយ៉ាវនៃកំណែទម្រង់នយោបាយក៏ជាប្រភពនៃជម្លោះផងដែរ។ អាមេរិកបានសន្យាថានឹងរៀបចំការបោះឆ្នោតដោយសេរី ប៉ុន្តែមិនទាន់បានបង្ហាញកាលវិភាគច្បាស់លាស់ណាមួយឡើយ។ យោងតាមក្រុមសិទ្ធិមនុស្ស Foro Penal អ្នកទោសនយោបាយប្រមាណ ៤០០ នាក់នៅតែបន្តត្រូវគេឃុំខ្លួន ហើយរចនាសម្ព័ន្ធអំណាចចាស់ៗរបស់លោក ម៉ាឌូរ៉ូ ភាគច្រើននៅតែមានឥទ្ធិពលដដែល។
ស្ថានការណ៍កាន់តែអាក្រក់ទៅៗ បន្ទាប់ពីលោកត្រាំ បានបង្ហើបជាគំនិតថា វ៉េណេស៊ុយអេឡាអាចនឹងត្រូវបញ្ចូលជា «រដ្ឋទី៥១ របស់សហរដ្ឋអាមេរិក»។ ការលើកឡើងនេះបានធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង ហើយសូម្បីតែរដ្ឋបាលលោកស្រី Rodríguez ដែលមាននិន្នាការគាំទ្រអាមេរិក ក៏បានចេញមុខតវ៉ាជាសាធារណៈ ដោយបញ្ជាក់ថា «វ៉េណេស៊ុយអេឡាមិនមែនជាអាណានិគមនោះទេ ប៉ុន្តែជាប្រទេសដែលមានអធិបតេយ្យភាព»។
សារព័ត៌មាន FT បានសន្និដ្ឋានបន្ថែមទៀតថា ភ្លាមៗបន្ទាប់ពីលោក ម៉ាឌូរ៉ូ ត្រូវបានទម្លាក់ ប្រជាជនវ៉េណេស៊ុយអេឡាបានចាត់ទុកលោក ត្រាំ ដូចជាព្រះមកសង្គ្រោះ ប៉ុន្តែប៉ុន្មានខែក្រោយមក ការលំបាកផ្នែកសេដ្ឋកិច្ច និងភាពយឺតយ៉ាវនៃកំណែទម្រង់ បានបង្វែរការរំពឹងទុកទាំងនោះឲ្យទៅជាការខកចិត្តយ៉ាងខ្លាំងវិញ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


