ព័ត៌មានអន្ដរជាតិ
អាមេរិកនិងអ៊ីរ៉ង់ ត្រៀមចរចាកម្រិតខ្ពស់ ខណៈអ៊ីរ៉ង់បិទច្រក Hormuz ភ្លាមៗ ដោយសារអ៊ីស្រាអែលបន្តវាយលីបង់
ការចរចាឈានទៅបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានកំណត់ថា នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា នេះ ដោយក្រុមអ្នកចរចាអ៊ីរ៉ង់ បានធ្វើដំណើរទៅដល់ទីក្រុងនៃប្រទេសស្វីសដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ប៉ុន្មានម៉ោងមុនការមកដល់របស់អនុប្រធានាធិបតីអាមេរិក លោក JD Vance ចំពេលដែលទីក្រុងតេហេរ៉ង់ បានប្រកាសបិទច្រក Hormuz ម្តងទៀត ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ក៏ដោយ។

យោងតាមភ្នាក់ងារ AFP របស់បារាំង មុនពេលឡើងយន្តហោះទៅកាន់អឺរ៉ុប អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានប្រាប់អ្នកយកព័ត៌មានថា លោកសង្ឃឹមនឹង «សម្រេចបានវឌ្ឍនភាពលើបញ្ហានុយក្លេអ៊ែរ និងបញ្ហាបទឈប់បាញ់នៅលីបង់។ ទាំងនេះគឺជាចំណុចធំៗពីរ ដែលខ្ញុំគិតថាយើងនឹងផ្តោតអារម្មណ៍ទៅលើ»។
តាមពិតទៅ កិច្ចចរចាបន្តបន្ទាប់គ្រោងធ្វើឡើងនៅប្រទេសស្វីសកាលពីថ្ងៃសុក្រ ប៉ុន្តែត្រូវបានពន្យារពេលនៅនាទីចុងក្រោយ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារ បណ្តាលឲ្យមានមនុស្សស្លាប់នៅលីបង់ ក្រោយពីទាហានរបស់ខ្លួន ៤ នាក់បានពលីជីវិតក្នុងការប្រយុទ្ធ។ ក្រោយមក វ៉ាស៊ីនតោនបានប្រកាសពីបទឈប់បាញ់ជាថ្មីនៅទីនោះនៅថ្ងៃដដែល ដែលជាលក្ខខណ្ឌមួយនៃកិច្ចព្រមព្រៀងបឋមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ប៉ុន្តែកងទ័ពអ៊ីស្រាអែលបានប៉ះទង្គិចគ្នាម្ដងទៀត ជាមួយក្រុមហេសបូឡា កាលពីថ្ងៃសៅរ៍ ដោយភាគីសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នករំលោភលើបទឈប់បាញ់។
ដោយលើកឡើងពីការខកខានកិច្ចសន្យារបស់អាមេរិក និងការរំលោភលើបទឈប់បាញ់ជាបន្តបន្ទាប់មិនឈប់ឈរពីសំណាក់របបអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ បញ្ជាការដ្ឋានយោធាមជ្ឈិមរបស់អ៊ីរ៉ង់ បានប្រកាសភ្លាមៗថា ច្រកសមុទ្រ Hormuz នឹងត្រូវបិទមិនឲ្យមានចរាចរណ៍នាវាឆ្លងកាត់ឡើយ។
ទោះជាយ៉ាងណាក៏ដោយ កងទ័ពអាមរិកបានបដិសេធការអះអាងរបស់អ៊ីរ៉ង់ដែលថា ខ្លួនបានបិទច្រកសមុទ្រ Hormuz ដោយបានបញ្ជាក់ថា ផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះនៅតែបើកចំហ ហើយកងកម្លាំងអាមេរិកកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឲ្យចរាចរណ៍នាវានៅតែបន្តទៅមុខ។
សូមជម្រាបជូនថា មុនពេលមានភាពតានតឹងនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងបឋម» មួយ។ កិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីស្វែងរកសន្តិភាព និងដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយមានលក្ខខណ្ឌសំខាន់ៗពីរគឺ អ៊ីរ៉ង់យល់ព្រមបើកច្រក Hormuz ឡើងវិញ ក្រោយបិទខ្ទប់អស់មួយរយៈពេលធំក្នុងអំឡុងសង្គ្រាម។ ចំណែកភាគីអាមេរិក ត្រូវធានាឲ្យមានបទឈប់បាញ់គ្នានៅលីបង់ (រវាងអ៊ីស្រាអែល និងក្រុម ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់)៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


