Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វី រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ ហ៊ាន​បរិហារ​​ទម្លាក់​កំហុស​លើ​លោក ត្រាំ?

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានចេញមុខរិះគន់ និងទម្លាក់កំហុសចំៗលើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកពាណិជ្ជកម្ម និងថាមពលដ៏មានសារៈសំខាន់បំផុតមួយនៅលើពិភពលោក។

ការរិះគន់ជាចំហនេះ បានស្តែងឲ្យឃើញពីការមិនពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ប្រទេសមហាអំណាចអឺរ៉ុបមួយ​នេះ​ ទៅលើការសម្រេចចិត្តផ្នែកយោធាឯកតោភាគីរបស់អាមេរិក។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និងលោកត្រាំ (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ដ៏ក្តៅគគុកមួយ ជាមួយស្ថានីយទូរទស្សន៍អាល្លឺម៉ង់ ARD លោក Boris Pistorius បានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗ ដោយប្រៀបធៀបវិបត្តិនេះទៅនឹងឆ្នុកដប។ លោកបាននិយាយថា អ្នកដែលរុញឆ្នុកដបឲ្យណែនបិទផ្លូវទឹកដ៏សំខាន់នេះ គឺលោក ត្រាំ មិនមែនជាអឺរ៉ុប ឬអាល្លឺម៉ង់នោះទេ ប៉ុន្តែអឺរ៉ុបមានផលប្រយោជន៍ និងកាត្វកិច្ចក្នុងការដកឆ្នុកដបនោះចេញមកវិញ ដើម្បីបើកផ្លូវនាវាចរណ៍អន្តរជាតិឡើងវិញ។

យ៉ាងណាមិញ មូលហេតុចម្បងដែលនាំឲ្យរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ចេញមុខបន្ទោសលោក ត្រាំ គឺដោយសារតែសកម្មភាពវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ បានក្លាយជាការដុតបញ្ឆេះសង្គ្រាមក្នុងតំបន់ និងបង្ខំឲ្យអ៊ីរ៉ង់ប្រើប្រាស់ «អាវុធសេដ្ឋកិច្ច» តាមរយៈការបិទខ្ទប់ច្រកសមុទ្រជាថ្មី ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។ ការបិទច្រកសមុទ្រនេះ បានធ្វើឲ្យប៉ះពាល់ផ្ទាល់ដល់សន្តិសុខថាមពល ការផ្គត់ផ្គង់ប្រេង ហ្គាស និងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញរបស់បណ្តាប្រទេសនៅតំបន់អឺរ៉ុបទាំងមូល។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានបង្ហាញជំហរដកឃ្លាយ៉ាងច្បាស់ក្រឡែត ពីយុទ្ធនាការយោធារបស់លោក ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។ មិនត្រឹមតែលោក Pistorius នោះទេ សូម្បីតែអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានប្រកាសរិះគន់អាមេរិកផងដែរ ចំពោះការបើកការវាយប្រហារលើអ៊ីរ៉ង់ដោយចិត្តឯង ដោយមិនបានពិគ្រោះយោបល់ ឬសាកសួរមតិយោបល់ពីបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនជាមុនឡើយ ព្រមទាំងបានសង្កត់ធ្ងន់ថាសង្គ្រាមនេះមិនមែនជាកិច្ចការ ឬជាទំនួលខុសត្រូវរបស់ណាតូ នោះទេ។

ជាដំណោះស្រាយ អាល្លឺម៉ង់បានអំពាវនាវឲ្យមានការបើកច្រកសមុទ្រ ឡើងវិញជាបន្ទាន់ តាមរយៈផ្លូវការទូត និងការចរចាដោយសន្តិវិធី។

លោក Pistorius បានបញ្ជាក់ថា រាល់កិច្ចព្រមព្រៀងដើម្បីធានាសុវត្ថិភាពផ្លូវទឹកនេះ មិនអាចធ្វើឡើងតាមការបង្ខិតបង្ខំផ្នែកយោធារបស់អាមេរិកនោះឡើយ ពោលគឺដាច់ខាតត្រូវតែមានការចូលរួមគាំទ្រ និងព្រមព្រៀងពីប្រទេសម្ចាស់តំបន់ គឺអ៊ីរ៉ង់ និងអូម៉ង់ ទើបអាចទទួលបានសន្តិភាពយូរអង្វែង៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម