Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ​ប្រឆាំង​ដាច់​ខាត​ ចំពោះ​ការ​កាន់​កាប់អចិន្ត្រៃយ៍ ​របស់​អ៊ីស្រាអែល​ ​នៅ​លីបង់

បានផុស

នៅ

រដ្ឋាភិបាល​​អាល្លឺម៉ង់ ​បាន​​លើក​ឡើង​ កាល​ពីថ្ងៃចន្ទ​ ថា ​អាល្លឺម៉ង់​​ប្រឆាំង​​នឹង​ការប៉ុនប៉ង​​កាន់កាប់​ជាអចិន្ត្រៃយ៍របស់​អ៊ីស្រាអែល​ លើទឹកដីលី​បង់ បន្ទាប់​​ពី​សេច​ក្តីថ្លែងការណ៍​របស់រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល លោក Israel Katz បញ្ជាក់ថា ប្រទេស​របស់​លោក​​នឹង​​មិន​​ដក​ខ្លួន​​ចេញ​​ពី​ទឹក​​ដីដែល​កាន់កាប់​ នៅភាគខាងត្បូងប្រទេសលីបង់​នោះទេ។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ ។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាលអាល្លឺម៉ង់​ លោក Stefan Kornelius ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំពាក្យក្រសួងការ​បរទេស​អាល្លឺម៉ង់​ លោក Martin Giese ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅទីក្រុងប៊ែរឡាំងថា៖ « ជំហរ​របស់​រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់​​គឺច្បាស់​លាស់ណាស់! យើង​បដិសេធវត្ត​មាន​អចិន្ត្រៃយ៍​របស់កងទ័ពអ៊ីស្រាអែល​នៅលើទឹកដីលីបង់ ហើយប្រជាជន​ស៊ីវិល​ក៏មិនត្រូវ​រារាំងពីការវិលត្រឡប់​ទៅផ្ទះ​ដែលពួកគេរស់នៅដែរ​»។

ការ​កត់​សម្គាល់​របស់​ លោក Giese ត្រូវ​បាន​ធ្វើ​ឡើង និង​បញ្ជាក់​ដោយ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល លោក Stefan Kornelius ជាថ្មី​អំពីការ​គាំទ្រ​របស់​អាល្លឺម៉ង់​ ចំពោះបូរណភាពទឹកដី​របស់​ប្រទេសលីបង់។

ភាគី​អ៊ីស្រាអែល លោក Katz បានអះអាងថា កងកម្លាំងអ៊ីស្រាអែល​គ្មាន​ការរឹតបន្តឹង នៅ​ក្នុងប្រទេសលី​បង់ទេ។

លោក ថា៖ «​ ពិត​មែន​ហើយ​! មិនមានការរឹតបន្តឹង​លើទាហាន​អ៊ីស្រាអែល​ IDF នៅ​ក្នុងប្រទេសលីបង់​ពីប្រតិបត្តិការ​ ដើម្បីលុបបំបាត់ការគំរាមកំហែងនោះ​ទេ»។

លោក Katz បន្ថែម​ថា៖ « ដូចខ្ញុំ និងនាយករដ្ឋមន្ត្រី បេន​ចាមីន បាន​បញ្ជាក់​យ៉ាងច្បាស់ថា អ៊ីស្រាអែល​នឹងមិនដកខ្លួនចេញ​ពីតំបន់សន្តិសុខ​ នៅក្នុងប្រទេសលីបង់ទេ»។

ការអត្ថា​ធិប្បាយរបស់លោក​បានកើតឡើង​ បន្ទាប់ពីការកើន​ឡើង​យ៉ាងខ្លាំងរបស់​អ៊ីស្រាអែលនៅលីបង់​កាល​ពី​ថ្ងៃសុក្រ និងថ្ងៃសៅរ៍ អំឡុង​ពេលយោធាអ៊ីស្រាអែល​បានបើកការវាយ​ប្រហារជាង ២០០ដងនៅ​ទូទាំងភាគខាងត្បូង និងខាងកើត​នៃប្រទេស។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀងបណ្តោះ​អាសន្នរវាង​ទីក្រុងវ៉ាស៊ីន​តោន​ និង​ទីក្រុងតេហេរ៉ង់បានអំពាវនាវ​ឱ្យ​បញ្ឈប់អរិភាពទាំងអស់​ រួមទាំងប្រទេសលីបង់ផងដែរ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម