Connect with us

ព័ត៌មានអន្ដរជាតិ

NYT៖ អាមេរិក ប្រាប់ឲ្យអ៊ីរ៉ង់ ប្រយ័ត្នខ្លួន ព្រោះអ្នកការទូតកំពូល ២រូប ត្រូវអ៊ីស្រាអែល ដាក់ចូលក្នុង «បញ្ជីធ្វើឃាត» ហើយ

បានផុស

នៅ

សហរដ្ឋអាមេរិក ហាក់ប្រែដោះដៃពីអ៊ីស្រាអែល ហើយឥឡូវបែរជាងាកទៅខាងអ៊ីរ៉ង់វិញ ខណៈបើយោងតាមកាសែត News York Times បានឲ្យដឹងថា មន្ត្រីអាមេរិកច្រើនរូប បានប្រាប់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi និងប្រធានរដ្ឋសភា Mohammad Bagher Ghalibaf កំពុងស្ថិតក្នុងបញ្ជីតាមសម្លាប់ របស់អ៊ីស្រាអែល ហើយ។

លោក Mohammad Bagher Ghalibaf (ឆ្វេង) ជាមួយលោក Abbas Araghchi (រូប៖ Reuters)

យោងតាម NYT ផ្សាយនៅថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ដែលដកស្រង់សម្តី ទាំងមន្ត្រីអាមេរិកមុន និងបច្ចុប្បន្ន​ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ, មន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ ត្រូវបានអ៊ីស្រាអែល រៀបផែនការធ្វើឃាត អំឡុងពេលមានបទឈប់បាញ់ ដ៏ផុយស្រួយ ក្រោយថ្ងៃទី៨ ខែមេសា។

ដ្បិតមិនប្រាប់ផ្ទាល់មាត់ ប៉ុន្តែការព្រមាន ត្រូវបានបញ្ជូនតាមរយៈអ្នកសម្របសម្រួលនៅក្នុងតំបន់ ចំពេលមានក្តីបារម្ភថា សកម្មភាពបែបនេះ អាចនឹងធ្វើឲ្យរំខានដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ឈានឆ្ពោះទៅរកសន្តិភាព។

ក្នុងករណីមួយ ដែលមិនធ្លាប់ត្រូវបានគេទម្លាយ! យន្តហោះចម្បាំងអ៊ីស្រាអែល ពីរគ្រឿង បានហោះចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់ ពេលលោក Ghalibaf វិលមកមាតុភូមិ ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយអនុប្រធានាធិបតីអាមេរិក JD Vance នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ថ្ងៃទី១២ ខែមេសា។

លោក Mohammad Bagher Ghalibaf (ឆ្វេង) ជាមួយលោក Abbas Araghchi (រូប៖ Reuters)

ភ្លាមនោះ កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានជូនដំណឹងដល់លោក Ghalibaf បន្ទាប់មកយន្តហោះរបស់លោក ក៏ចុះចតជាបន្ទាន់នៅក្នុងទីក្រុង Mashhad ហើយលោក ក៏បន្តដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ តាមផ្លូវគោកវិញទៅ។

យោងតាមការវាយតម្លៃផ្នែកចារកម្ម និងការទូតរបស់អាមេរិក, ជាការពិត អ៊ីស្រាអែល មើលឃើញថា ការកម្ចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ គឺជាវិធីសាស្ត្រមួយ ដើម្បីដោះស្រាយជម្លោះ ដូច្នេះហើយ អាមេរិក ក៏សម្រេចស្នើសុំឲ្យបណ្តាប្រទេសទីបីនៅក្នុងតំបន់ ជួយផ្តល់ដំណឹងដល់ទីក្រុងតេហេរ៉ង់ អំពីការគំរាមកំហែងទាំងនេះ តែម្តងទៅ។

យ៉ាងណា មិនមែនត្រឹមអ្នកការទូតជាន់ខ្ពស់ ទាំងពីររូបនេះទេ, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានប្រកាសក្តែងៗរួចហើយថា មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei ត្រូវបានចុចឈ្មោះ ដាក់ក្នុងបញ្ជីគោលដៅសម្លាប់រួចជាស្រេច។

លោក Israel Katz (រូប៖ Reuters)

ទោះបែបនោះ លោក Araghchi បានគំរាមសងសឹកវិញ ដោយព្រមានថា បើអ៊ីស្រាអែល ហ៊ានប៉ះលោក Mojtaba មែន ខ្លួននឹងផ្តល់មេរៀនវិញ ជាមួយនឹងការសងសឹក ដ៏ខ្លាំងក្លាជាទីបំផុត។

សូមជម្រាបថា អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានច្បាំងគ្នា ជិត ៥ទសវត្សរ៍មកហើយ គិតចាប់តាំងពី បដិវត្តឥស្លាមអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងបើកចំហរដោយផ្ទាល់ដាក់គ្នា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម