Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រកាសខ្វះប្រព័ន្ធការពារដែនអាកាស ទើបធ្វើឲ្យមីស៊ីលរុស្ស៊ី ហោះបុកចូលទីក្រុងកៀវ សម្លាប់មនុស្ស ២៣នាក់

បានផុស

នៅ

លោក វ្ល៉ាឌីមៀរ ពូទីន បានបើកការវាយប្រហារទ្រង់ទ្រាយធំ លើប្រទេសអ៊ុយក្រែន ឥតដកដៃឡើយ ដោយស្រោចមីស៊ីល យ៉ាងច្រើនសន្ធឹក ដល់ថ្នាក់ឥឡូវនេះ ទីក្រុងកៀវ ប្រកាសថា ខ្លួនកំពុងខ្វះប្រព័ន្ធការពារដែនអាកាសយ៉ាងធ្ងន់ធ្ងរ ជាហេតុបណ្តាលឲ្យមីស៊ីលរុស្ស៊ី ជាង២០គ្រាប់ ហោះធ្លាយ ទម្លុះចូលរដ្ឋធានី សម្លាប់មនុស្ស ២៣នាក់។

ការវាយប្រហាររបស់រុស្ស៊ី នៅទីក្រុងកៀវ (រូប៖ Reuters)

តាមការបញ្ជាក់ពីកងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦, ក្នុងវាយប្រហារកាលពីថ្ងៃអាទិត្យ មីស៊ីលបាលីស្ទិករុស្ស៊ី ចំនួន ២៣គ្រាប់ បានហោះចូលរដ្ឋធានីកៀវ ទាំងដែលគ្មានមីស៊ីលណាមួយ ត្រូវស្ទាក់ចាប់បានសោះ។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat ត្រូវបានដកស្រង់សម្តីដោយ BBC ដែលថ្លែងថា ការខ្វះខាតយ៉ាងធ្ងន់ធ្ងរ នៃប្រព័ន្ធស្ទាក់ចាប់ Patriot  ប្រភេទ PAC-2 និង PAC-3 បានធ្វើឲ្យរដ្ឋធានីកៀវ ធ្លាក់ក្នុងស្ថានភាពងាយរងគ្រោះទាំងស្រុង ចំពោះការវាយប្រហារ តាមផ្លូវអាកាសដោយគ្រាប់មីស៊ីលបាលីស្ទិក។

ការវាយប្រហាររបស់រុស្ស៊ី នៅទីក្រុងកៀវ (រូប៖ Reuters)

ក្រៅពីបណ្តាលឲ្យមានមនុស្សស្លាប់ហើយនោះ ចន្លោះប្រហោងទាំងនេះ បានក៏បណ្តាលឲ្យជនស៊ីវិល រាប់សិបនាក់ផ្សេងទៀត រងរបួស ផងដែរ ខណៈអគារស្នាក់នៅ ជាច្រើនខ្នង ត្រូវដួលរលំ។

យ៉ាងណា ទោះគ្មានសមត្ថភាពស្ទាប់ចាប់ មីស៊ីលបាលិស្ទិកបានមែន ប៉ុន្តែអ៊ុយក្រែន អះអាងពីការបាញ់ទប់ស្កាត់មីស៊ីលគ្រូស យ៉ាងច្រើនគ្រាប់ និងបាញ់ទម្លាក់ដ្រូន ៣២៦គ្រឿង ក្នុងចំណោម ៣៥១គ្រឿង អំឡុងការវាយប្រហារទ្រង់ទ្រាយធំ កាលពីចុងសប្តាហ៍។

ការវាយប្រហាររបស់រុស្ស៊ី នៅទីក្រុងកៀវ (រូប៖ Reuters)

ក្រោយការវាយប្រហារនោះភ្លាម ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអំពាវនាវដល់សម្ព័ន្ធមិត្តទាំងឡាយ សុំឲ្យធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ អំឡុងកិច្ចប្រជុំកំពូលអង្គារណាតូ ដើម្បីផ្តល់ខែលការពារមីស៊ីលដល់ខ្លួន ព្រោះមិនអាចបណ្តែតបណ្តោយបានទៀតទេ។

សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០២៦ អ៊ុយក្រែនមានប្រព័ន្ធ Patriot ចន្លោះ ៦ ទៅ ៨ គ្រឿង។ ប្រព័ន្ធនេះ ប្រើប្រាស់គ្រាប់មីស៊ីលប្រភេទ PAC-3 ដើម្បីកម្ទេចមីស៊ីលបាលីស្ទិកល្បឿនលឿនរបស់រុស្ស៊ី ដូចជា Iskander-M និង Kinzhal។

ការវាយប្រហាររបស់រុស្ស៊ី នៅទីក្រុងកៀវ (រូប៖ Reuters)

អ៊ុយក្រែន ក៏មានប្រព័ន្ធមីស៊ីល SAMP/T  ផលិតដោយបារាំង-អ៊ីតាលី ១គ្រឿងផងដែរ ហើយបារាំង និងអ៊ីតាលី បានព្រមព្រៀងផ្គត់ផ្គង់ប្រព័ន្ធជំនាន់ថ្មី SAMP/T NG ចំនួន ៨ គ្រឿងបន្ថែមទៀត ដោយចាប់ផ្តើមចែកចាយបណ្តើរៗ ចាប់ពីឆ្នាំ២០២៦ នេះតទៅ ដើម្បីពង្រឹងសមត្ថភាពប្រឆាំងមីស៊ីលបាលីស្ទិក៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម