Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ ប្តឹង​ទៅ​ UN ឱ្យ​ធ្វើ​សកម្ម​ភាព​​បន្ទាន់​ ចំពោះការដែល​​អាមេរិក​ វាយប្រហារលើខ្លួន ម្តង​ហើយ​ម្តង​ទៀត​

បានផុស

នៅ

ឯកអគ្គ​រដ្ឋ​ទូត និងជា​តំណាងអចិន្ត្រៃយ៍របស់​អ៊ីរ៉ង់ ​ប្រចាំអង្គការសហប្រជាជាតិ(UN) លោក Amir Saeid Iravani បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅកាន់អគ្គ​លេខាធិការ UN ​ លោក António Guterres និង​ក្រុមប្រឹក្សាសន្តិសុខអង្គ​ការសហប្រជាជាតិ​(UNSC) បន្ទាប់​ពីការវាយ​ប្រហារចុង​ក្រោយរបស់​សហរដ្ឋអាមេរិក ដែល​រំលោភលើបទឈប់​បាញ់ និងអនុស្សរណៈ​នៅ​ទី​ក្រុង​អ៊ីស្លាម៉ាបាដ ក៏ដូចជាបណ្តាល​ឱ្យយោធាអ៊ីរ៉ង់​ចំនួន​ ៨នាក់​ ស្លាប់​។ នេះ​បើយោង​តាម​សារព័ត៌មាន​ WANA ផ្សាយ​នៅ​ថ្ងៃ​ទី​៩​ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

ឯកអគ្គ​រដ្ឋ​ទូត ​អ៊ីរ៉ង់​ប្រចាំអង្គការសហប្រជាជាតិ(UN) លោក Amir Saeid Iravani ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​លិខិត​​ផ្ញើ​នៅល្ងាច​ថ្ងៃពុធ លោក Iravani រៀប​រាប់​ថា៖ « អាមេរិក​បានបើកការវាយ​ប្រហារយោធា​ទ្រង់ទ្រាយធំម្តង​ទៀត​ ប្រឆាំង​នឹងអធិបតេយ្យភាព និងបូរណភាពទឹកដី​របស់សាធារណរដ្ឋ​អ៊ីរ៉ង់។ ការ​ធ្វើ​បែប​នេះ​ ជាការរំលោភបំពាន​យ៉ាងច្បាស់​ លើ​ធម្មនុញ្ញ UN និង​កាតព្វកិច្ច​អន្តរជាតិរបស់ខ្លួន​»។

លោកបន្ថែម​ថា ការវាយ​ប្រហារ​ទាំងនេះ ​បានកំណត់​គោលដៅទៅលើទីតាំង​នានានៅភាគខាងត្បូងអ៊ីរ៉ង់ ជាពិសេស​នៅ​​ទី​ក្រុង​​ Bushehr ក៏ដូចជាកោះ​មួយ​ចំនួន​របស់​អ៊ីរ៉ង់​ នៅឈូងសមុទ្រពែរ្ស។

លោក Iravani ​បញ្ជាក់ថា ការវាយប្រហារថ្មីនេះ គឺរំលោភបំពានយ៉ាងច្បាស់​មួយ​ទៀត​លើមាត្រា ២(៤) នៃ​ធម្មនុញ្ញ ​UN និងជាការរំលោភបំពាន​ជាមូលដ្ឋានលើ​ប្រការ១ នៃអនុស្សរណៈ​អ៊ី​ស្លាម៉ាបាដ ដែល​អាមេរិក​បានប្តេជ្ញាចិត្តដោយ​គ្មានលក្ខខណ្ឌ ​ដើម្បីបញ្ឈប់សកម្មភាព​យោធាទាំងអស់​ប្រឆាំងនឹងអ៊ីរ៉ង់ និងចៀសវាង​ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី​អ៊ីរ៉ង់​។

​អ្នក​កាទូត​អ៊ីរ៉ង់រូបនេះ​បន្ត​ថា ដោយ​ការរំលោភបំពានម្តង​ហើយម្តង​ទៀតរបស់​អាមេរិក​ និងដោយ​ចេតនាលើការប្តេជ្ញាចិត្ត​ទាំងនោះ ​ពួក​គេ​ត្រូវ​តែ​ទទួលខុសត្រូវពេញលេញ​ ចំពោះផលវិបាក​ផ្នែកច្បាប់និងនយោបាយទាំង​អស់ ​កើតចេញពីការប្រព្រឹត្ត​ខុសច្បាប់ និងការ​កើនឡើង​ដ៏គ្រោះថ្នាក់​របស់ខ្លួន​។

លោក​ក៏​អំពាវនាវឱ្យប្រមុខ UN និងក្រុមប្រឹក្សាសន្តិសុខ​បំពេញ​កាតព្វកិច្ច​ភ្លាមៗ ក្រោមធម្មនុញ្ញ UN ដោយ​ចាត់វិធានការ​បន្ទាន់ មានប្រសិទ្ធភាព និងម៉ឺងម៉ាត់ ដើម្បីបង្ខំ​សហរដ្ឋអាមេរិកឱ្យបញ្ឈប់​ទង្វើ​ឈ្លានពានខុសច្បាប់ដែល​កំពុងបន្ត ទប់ស្កាត់ការកើនឡើងបន្ថែម​ទៀត និងធានាការទទួល​ខុសត្រូវ​ពេញលេញ​របស់សហរដ្ឋអាមេរិក​ចំពោះទង្វើឈ្លាន​ពាន ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ​លើច្បាប់អន្តរជាតិ និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម