Connect with us

ព័ត៌មានអន្ដរជាតិ

អនាគតនយោបាយ​របស់ លោក ណេតាន់យ៉ាហ៊ូ នឹងត្រូវកាត់សេចក្តីនាថ្ងៃទី​២៧ តុលា

បានផុស

នៅ

សភារបស់អ៊ីស្រាអែល បានប្រកាសជាផ្លូវការថា ពួកគេនឹងបញ្ចប់អាណត្តិបច្ចុប្បន្ននៅថ្ងៃទី១៧ ខែកក្កដា ហើយការបោះឆ្នោតជាតិត្រូវតែប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា តាមការកំណត់នៃច្បាប់។ ការសម្រេចនេះ ធ្វើឡើងដោយគ្មានការរំលាយសភានៅមុនកាលកំណត់នោះទេ ដែលនេះបង្ហាញថា រដ្ឋាភិបាលបច្ចុប្បន្នបានគ្រប់គ្រងតំណែងរបស់ខ្លួនបានពេញអាណត្តិបួនឆ្នាំ ដែលជារឿងដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្រនយោបាយអ៊ីស្រាអែល។ នេះ​បើ​យោងតាម​សារព័ត៌មាន Al Jazeera ចុះផ្សាយ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៦។

លោក ណេតាន់យ៉ាហ៊ូ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បុរសវ័យ ៧៦ឆ្នាំ ដែលជាមេដឹកនាំកាន់អំណាចយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសអ៊ីស្រាអែល​ ការបោះឆ្នោត​លើកនេះ មិនមែនគ្រាន់តែជាការងាររដ្ឋបាលធម្មតាទេ ប៉ុន្តែវាជាការប្រជែងដ៏ធំបំផុតក្នុងជីវិតនយោបាយរបស់លោក។ ក្នុងនាមជាអ្នកដែលធ្លាប់ឈ្នះឆ្នោតច្រើនលើកច្រើនសា លោកបានប្រកាសយ៉ាងច្បាស់ថា លោកមានបំណងចង់ឈ្នះជាថ្មីម្តងទៀត។ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលរបស់លោកដែលល្បីថាជាក្រុមស្តាំនិយមខ្លាំងបំផុតនោះ កំពុងតែប្រញាប់ប្រញាល់ជំរុញឱ្យសភាអនុម័តច្បាប់ជាច្រើន ដើម្បីពង្រឹងកម្លាំងរបស់ខ្លួនមុនពេលបោះឆ្នោតមកដល់។

យ៉ាងណាមិញ មាគ៌ានយោបាយរបស់លោក ណេតាន់យ៉ាហ៊ូ កំពុងជួបព្យុះភ្លៀងយ៉ាងខ្លាំង។ លទ្ធផលស្ទង់មតិពីសាកលវិទ្យាល័យ Hebrew ក្នុងទីក្រុងយេរូសាឡឹម បានបង្ហាញពីតួលេខដ៏គួរឱ្យភ្ញាក់ផ្អើល៖ ប្រជាជនអ៊ីស្រាអែលជាង ៩២ភាគរយ មានជំនឿថា អ៊ីរ៉ង់គឺជាអ្នកឈ្នះនៅក្នុងសង្គ្រាមតំបន់នេះ ហើយការគាំទ្រលោក ណេតាន់យ៉ាហ៊ូ បានធ្លាក់ចុះយ៉ាងគំហុកពីជាង ៤០ភាគរយនៅដើមឆ្នាំ មកនៅត្រឹមមិនដល់ ៣០ភាគរយក្នុងខែមិថុនា។ មិនត្រឹមតែប៉ុណ្ណោះ អតីតមេបញ្ជាការយោធា លោក កាឌី អេសិនកូត (Gadi Eisenkot) បានលេច​វត្តមាន​ឡើងជាគូប្រជែងដ៏ខ្លាំងក្លាបំផុតរបស់លោក ដែលធ្វើឱ្យក្តីសង្ឃឹមក្នុងការឈ្នះឆ្នោតរបស់លោក ណេតាន់យ៉ាហ៊ូ កាន់តែស្រពិចស្រពិល។

ភាពខឹងសម្បាររបស់ប្រជាជន បានកើនឡើងជុំវិញបញ្ហាជាច្រើន ដែលរួមមាន ការមិនពេញចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន ដែលពួកគេយល់ថាធ្វើឱ្យអ៊ីស្រាអែលចាញ់ប្រៀប។ បន្ថែមពីលើនេះ ភាពបរាជ័យផ្នែកសន្តិសុខកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៣ ក៏នៅតែជាស្រមោល​ខ្មៅដែលតាមលងបន្លាច​លោកមិនឈប់។ មួយវិញទៀត ជម្លោះរឿងការកែនទាហាន ដោយសារតែកូនប្រុសរបស់ក្រុមជនជាតិយូដាជ្រុលនិយម មិនព្រមចូលបម្រើកងទ័ព ខណៈដែលប្រជាជនទូទៅចាត់ទុកថា ការចូលបម្រើកងទ័ព គឺជាកាតព្វកិច្ចចាំបាច់ ដើម្បីការពារជាតិ បានក្លាយជាភ្លើងឆេះសន្ធោសន្ធៅរវាងសម្ព័ន្ធមិត្តរបស់លោក និងសាធារណជន។

បច្ចុប្បន្ន លោក ណេតាន់យ៉ាហ៊ូ កំពុងព្យាយាមប្តូរយុទ្ធសាស្ត្រពីការដឹកនាំបែបបក្សពួក ទៅជាការដឹកនាំបែប «រួបរួមជាតិ»។ លោកបានថ្លែងយ៉ាងច្បាស់ថា បន្ទាប់ពីការបោះឆ្នោត លោកនឹងបង្កើតរដ្ឋាភិបាលមួយដែលមិនមែនស្តាំ ឬឆ្វេងនិយម ប៉ុន្តែជារដ្ឋាភិបាលជាតិដ៏ទូលំទូលាយមួយ។ លោកសន្យាថា នឹងប្រើជ័យជម្នះយោធាប្រឆាំងនឹងក្រុមហេសបូឡា និងអ៊ីរ៉ង់ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយបណ្តាប្រទេសជិតខាង ដូចជា លីបង់ ជាដើម។ តើពាក្យសន្យាទាំងនេះនឹងអាចជួយលោក ណេតាន់យ៉ាហ៊ូ ឱ្យឆ្លងផុតព្យុះនយោបាយនៅថ្ងៃទី២៧ ខែតុលា បានដែរឬទេ? នេះគឺជាសំណួរដែលប្រជាជនអ៊ីស្រាអែលទាំងមូល កំពុងតែទន្ទឹងរង់ចាំចម្លើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម