Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ដោះលែងអ្នកទោសជាង ៧ពាន់នាក់ នៅថ្ងៃបុណ្យឯករាជ្យជាតិ

បានផុស

នៅ

យោធាមីយ៉ាន់ម៉ាបានប្រកាសលើកលែងទោសដល់អ្នកទោសជាង ៧,០០០នាក់ នៅថ្ងៃបុណ្យឯករាជ្យជាតិ (ថ្ងៃទី៤ ខែមករា) គម្រប់ខួបលើកទី៧៥ នៃការទទួលបានឯករាជ្យរបស់មីយ៉ាន់ម៉ាពីអាណានិគមអង់គ្លេស។ ចំណាត់ការនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីតុលាការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំបន្ថែមទៀត ដែលសរុបទាំងអស់រហូតដល់ ៣៣ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាមីយ៉ាន់ម៉ាគ្រោងនឹងរៀបចំការបោះឆ្នោតថ្មីនៅចុងឆ្នាំ២០២៣ ដែលការបោះឆ្នោតនេះ ត្រូវបានសហរដ្ឋអាមេរិកនិយាយថា គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។ ប្រភពពីសារព័ត៌មានបរទេសបានឱ្យដឹងថា ក្នុងឱកាសគម្រប់ខួបបុណ្យឯករាជ្យលើកទី៧៥នេះ គេឃើញមានក្បួនព្យុះហយាត្រា រួមមានរថក្រោះ កាំជ្រួចមីស៊ីល និងរថពាសដែក បានដង្ហែក្បួនព្យុះហាយាត្រាក្នុងទីក្រុងណៃពិដោរ ដើម្បីជាការបង្ហាញឥទ្ធិផលកម្លាំងយោធា។ ទន្ទឹមគ្នានេះ គេឃើញមានមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សថ្នាក់វិទ្យាល័យក៏បានចូលរួមដើរក្បួនព្យុះហយាត្រាតាមក្រោយក្បួនកងកម្លាំងយោធា និងមានការប្រលែងសត្វព្រាបសន្តិភាពចំនួន ៧៥០ក្បាលដើម្បីអបអរក្នុងឱកាសបុណ្យឯករាជ្យជាតិនេះ ព្រមជាមួយនឹងការ
ប្រកាសដោះលែងអ្នកទោសចំនួន ៧.០១២នាក់ផងដែរ។

ក្នុងឱកាសថ្លែងសុន្ទរកថាទៅកាន់កងទ័ព លោក មីន អ៊ុងឡាំង បានចោទប្រកាន់ដោយមិនបញ្ជាក់ឈ្មោះប្រទេសមួយចំនួនថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១។ មេដឹកនាំរូបនេះក៏បាននិយាយផងដែរថា កងទ័ពកំពុងជួបប្រជុំមួយគណបក្សនយោបាយនានា ដើម្បីពិភាក្សាអំពីប្រព័ន្ធការបោះឆ្នោតបែបសមាមាត្រ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

ចុចអាន៖ ប្រធានាធិបតី ហ្វីលីពីន នឹងបើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម