ព័ត៌មានអន្ដរជាតិ
ចូលឆ្នាំ២០២៤បានប៉ុន្មានថ្ងៃ ជប៉ុន រងទុក្ខផ្ទួន ស្លាប់មនុស្ស ៦០នាក់
២០២៤មិនមែនជាឆ្នាំល្អឡើយសម្រាប់ជប៉ុន ព្រោះថាគ្រាន់តែបើកទំព័រដំបូងភ្លាមប្រទេសនេះ បានជួបទុក្ខផ្ទួនៗទៅហើយ មួយគឺគ្រោះរញ្ជួយដីកម្រិតធ្ងន់ និងមួយទៀតគឺការឆេះយន្តហោះនៅអាកាសយានដ្ឋានទីក្រុងតូក្យូ។

នៅរសៀលថ្ងៃចន្ទទី១ខែមករា គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារខេត្ត អ៊ីស៊ីកាវ៉ា បណ្តាលឲ្យមានការព្រមានពីរលកយក្សស៊ូណាមិ ហើយគិតត្រឹមថ្ងៃពុធទី៣ មានមនុស្សចំនួន៥៥នាក់ ត្រូវបានគេរាយការណ៍ថា បាត់បង់ជីវិត ធ្វើឲ្យវាក្លាយជាគ្រោះរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតក្នុងប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ២០១៦មក។
ក្រៅពីអ្នកស្លាប់ មនុស្សជាច្រើននាក់ទៀតក៏កំពុងបាត់ខ្លួននិងជាប់នៅក្រោមអគារបាក់បែកផងដែរ នៅក្នុងខេត្ត Niigata, Toyama, Fukui និង Gifu។ លើសពីនេះ រញ្ជួយដីបានបំផ្លាញសំណង់អគារ កាត់ផ្តាច់អគ្គិសនីចំពោះមនុស្សរាប់ម៉ឺននាក់ និងជំរុញឲ្យប្រជាពលរដ្ឋ រត់ចេញពីតំបន់ឆ្នេរទៅរកទីទួលសុវត្ថិភាព។

លោកនាយករដ្ឋមន្ត្រី Fumio Kishida និយាយថា បុគ្គលិកជួយសង្គ្រោះជាង៣០០០នាក់ត្រូវបានដាក់ពង្រាយ ប៉ុន្តែកំពុងធ្វើការក្នុងស្ថានភាពដ៏លំបាកព្រោះថា អាកាសធាតុត្រជាក់ខ្លាំង ហើយតំបន់ខ្លះពិបាកទៅដល់ទៀតព្រោះផ្លូវត្រូវកាត់ផ្តាច់។
លើសពីនេះ សេវាផ្លូវដែកនិងជើងហោះហើរជាច្រើនចូលទៅក្នុងតំបន់រញ្ជួយ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយមនុស្សជាង៥០០នាក់ ត្រូវជាប់គាំងនៅអាកាសយានដ្ឋាន Noto បន្ទាប់ពីការបិទ ដោយសារតែមានស្នាមប្រេះនៅលើផ្លូវយន្តហោះ។

គ្រោះរញ្ជួយដីមិនទាន់ធធូរស្បើយផង ស្រាប់តែជប៉ុន ជួបហេតុការណ៍មួយទៀត នោះគឺយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ប្រភេទ Airbus A350 មួយគ្រឿង បានផ្ទុះឆេះនៅលើផ្លូវរត់នៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ បន្ទាប់ពីបុកជាមួយយន្តហោះឆ្មាំសមុទ្រ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដំណើរសរុប៣៦៧នាក់ និងសមាជិកអាកាសយានិក១២នាក់នៅលើយន្តហោះ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពតាមរយៈច្រកសង្គ្រោះបន្ទាន់ ប៉ុន្តែមនុស្ស ៥នាក់ក្នុងចំណោម ៦នាក់ នៅលើយន្តហោះឆ្មាំសមុទ្រត្រូវបាត់បង់ជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន បុកជាមួយយន្តហោះឆ្មាំសមុទ្រ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១២ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


