Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះរញ្ជួយដីកម្រិត ៤.៦ រ៉ិចទ័រ វាយប្រហារនៅក្បែរ​រដ្ឋធានី ប្រទេស​អ៊ីរ៉ង់​​

បានផុស

នៅ

មជ្ឈមណ្ឌលរញ្ជួយដីអ៊ីរ៉ង់ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៤.៦ រ៉ិចទ័រ បានវាយប្រហារកាលពីយប់ថ្ងៃអង្គារ ទី១២ ខែឧសភា នៅជិតទីក្រុង Pardis ដែលស្ថិតនៅភាគខាងកើតរដ្ឋធានីនៃប្រទេសអ៊ីរ៉ង់ ដោយបង្កឲ្យមានរំញ័រដឹងដល់ផ្នែកខ្លះនៃទីក្រុងតេហេរ៉ង់ និងតំបន់ជិតខាង​ទៀត​ផង​​។

មជ្ឈមណ្ឌលនេះ បានបញ្ជាក់នៅក្នុងការវាយតម្លៃបឋមថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ២០:១៦នាទី (ត្រូវនឹងម៉ោង ៣:១៦ នាទីទៀបភ្លឺ ម៉ោងនៅកម្ពុជា) ក្នុងជម្រៅដី ប្រមាណជា ១០ គីឡូម៉ែត្រ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់​តួកគី ដោយដកស្រង់​​​​ការ​ប្រកាស​របស់​មជ្ឈមណ្ឌលរញ្ជួយដីអ៊ីរ៉ង់ បានចេញផ្សាយនៅថ្ងៃពុធនេះថា ចំណុចកណ្តាលនៃរញ្ជួយដី គឺស្ថិតនៅក្បែរព្រំប្រទល់ខេត្តតេហេរ៉ង់ និងខេត្តម៉ាហ្សាន់ដារ៉ាន់ (Mazandaran) ដែលមានចម្ងាយប្រហែល ៤១ គីឡូម៉ែត្រ ពីទីក្រុងតេហេរ៉ង់ និង ៧៧ គីឡូម៉ែត្រពីទីក្រុងការ៉ាច (Karaj)។

ការរំញ័រនេះត្រូវបានគេរាយការណ៍ថា អាចដឹងបាននៅតាមតំបន់ជុំវិញមួយចំនួន រួមទាំងស្រុកនានានៅភាគខាងកើតនៃខេត្តតេហេរ៉ង់ ក៏ដូចជាផ្នែកខ្លះនៃខេត្តម៉ាហ្សាន់ដារ៉ាន់ ដែលបង្កឲ្យមានការព្រួយបារម្ភរយៈពេលខ្លីដល់ប្រជាពលរដ្ឋរស់នៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករងគ្រោះ ឬការខូចខាតទ្រង់ទ្រាយសំណង់ណាមួយ បន្ទាប់ពីព្រឹត្តិការណ៍រញ្ជួយដីនេះនៅឡើយទេ។

បច្ចុប្បន្ន ភ្នាក់ងារសង្គ្រោះបន្ទាន់ និងស្ថាប័នត្រួតពិនិត្យ កំពុងបន្តវាយតម្លៃស្ថានភាព និងហានិភ័យនៃរញ្ជួយដីបន្ទាប់បន្សំ ទោះបីជាមិនទាន់មានការចេញការព្រមានអំពីគ្រោះរញ្ជួយដីបន្ថែមទៀតនៅដំណាក់កាលនេះក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

តើវាសនានយោបាយ​ លោក Starmer នឹងទៅជាយ៉ាងណា ខណៈរលកបះបោរ​ផ្ទៃក្នុងបក្សផ្ទុះឡើងខ្លាំង?
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម