Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មានធំៗលើពិភពលោក បង្ហាញគោលដៅសំខាន់ នៃដំណើររបស់លោក Xi ទៅអឺរ៉ុប លើកនេះ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជា CNN, BBC, AFP, RT និង Reuters សុទ្ធតែរាយការណ៍ដូចៗគ្នាថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់តំបន់អឺរ៉ុបលើកនេះ គឺដើម្បីរិះរកវិធីបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម។

តាមសេចក្តីរាយការណ៍ លោក Xi បានជួបជាមួយសមភាគីបារាំងលោក Emmanuel Macron និងប្រធានគណៈកម្មការ EU លោកស្រី Ursula von der Leyen កាលពីថ្ងៃចន្ទទី៦ខែឧសភា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាផ្នែកសេដ្ឋកិច្ចរវាងទីក្រុងព្រុចសែល និងប៉េកាំង ហើយធ្វើយ៉ាងណាត្រូវចៀសវាងសង្គ្រាមពាណិជ្ជកម្មឲ្យខានតែបាន ព្រោះថា បើរឿងនេះកើតឡើងមែន នោះវានឹងជះឥទ្ធិពលខ្លាំងណាស់ ដល់សេដ្ឋកិច្ចសកល។

លោក Xi និងជំទាវទី១ បានអញ្ជើញទៅដល់ប្រទេសបារាំងកាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ទ្វីបអឺរ៉ុបក្នុងរយៈពេលប្រាំឆ្នាំ។ 

នៅពេលចាប់ផ្តើមកិច្ចប្រជុំត្រីភាគីក្នុងទីក្រុងប៉ារីសដែល​ផ្តោត​សំខាន់​លើ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង​និង​ EU, លោក Xi បានលើកឡើងថា “ពិភពលោកសព្វថ្ងៃ បានឈានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ។ ក្នុងនាមជាកម្លាំងជំរុញដ៏សំខាន់ទាំងពីរនៅលើពិភពលោក ចិននិងអឺរ៉ុប គួរតែបន្តការរួមចំណែកថ្មីដល់សន្តិភាព និងការអភិវឌ្ឍពិភពលោក”។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំងបានកត់សម្គាល់ថា អឺរ៉ុបនិង​ចិន ​ត្រូវ​រួមគ្នាដោះស្រាយ​ផលលំបាកផ្នែក​រចនាសម្ព័ន្ធ ជាពិសេស​លើ​វិស័យពាណិជ្ជកម្មតែម្តង។ អនាគតទ្វីបអឺរ៉ុប ក៏នឹងពឹងផ្អែកសំខាន់ទៅលើការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយប្រទេសចិនដែរ។

ក្រៅពីបញ្ហាពាណិជ្ជកម្ម លោក Xi និងលោក Macron ត្រូវបានគេរាយការណ៍ថា ក៏ពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ការផ្លាស់ប្តូរទស្សនៈអំពីស្ថានការណ៍នៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីធ្វើទស្សនកិច្ចនៅបារាំង លោក Xi នឹងត្រូវបន្តដំណើរទៅកាន់ប្រទេសអឺរ៉ុប២ទៀត ដូចជា ស៊ែប៊ីនិងហុងគ្រី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រធានាធិបតី ចិន ហោះទៅដល់ បារាំង ត្រៀមពិភាក្សារឿងក្ដៅៗលើពិភព​លោកជាមួយលោក ម៉ាក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម