Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី៖ ក្នុងពិភពលោកបច្ចុប្បន្ន ប្រទេសធំៗ កំពុងប្រើអំណាច ធ្វើអ្វីស្រេចចិត្ត មិនខ្វល់អ្នកដទៃ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋហើយ ក្នុងប្រទេសចិន នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយពេលទៅដល់រដ្ឋធានី ប៉េកាំង ប្រមុខវិមានក្រឹមឡាំង បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់មន្ត្រីកំពូលៗ របស់ប្រទេសចិន។

ប្រធានាធិបតីចិន ស៊ី ជីនពីង (រូប៖ Reuters)

ភ្លាមៗនោះ បើតាមការផ្សាយរបស់ Times Now News, លោកពូទីន និងប្រធានាធិបតីចិន ស៊ី ជីនពីង ក៏ចាប់ផ្តើមកិច្ចពិភាក្សាកម្រិតខ្ពស់ នៅវិមាន Great Hall of the People ដោយក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ប្រមុខរដ្ឋាភិបាលទីក្រុងប៉េកាំង ថ្លែងថា អនុត្តរភាពឯកតោភាគី កំពុងតែរីករាលដាលយ៉ាងខ្លាំង នៅក្នុងពិភពលោកបច្ចុប្បន្ន។

ប្រសាសន៍របស់លោកស៊ី គឺសំដៅទៅលើប្រទេសធំៗ ដែលប្រើអំណាច ឬសម្រេចចិត្តតែឯងក្នុងការធ្វើអ្វីមួយ ដោយមិនខ្វល់ពីប្រទេសដទៃ ហើយនោះត្រូវបានគេដឹងថា ជាការផ្ញើសារចំៗទៅលើមហាអំណាច ដូចជាសហរដ្ឋអាមេរិក។

យោងតាមប្រសាសន៍របស់លោក ស៊ី, ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាមហាអំណាច ដ៏សំខាន់របស់ពិភពលោក ប្រទេសចិន និងរុស្ស៊ី គួរតែប្រកាន់យកនូវទស្សនវិស័យយុទ្ធសាស្ត្ររយៈពេលវែង ហើយសហការគ្នាដើម្បីកសាង ប្រព័ន្ធគ្រប់គ្រងសកលមួយ ដែលមានភាពយុត្តិធម៌ និងសមធម៌ជាងមុន។

ប្រធានាធិបតីចិន ស៊ី ជីនពីង (រូប៖ Reuters)

ប្រមុខរដ្ឋចិន ក៏បានលើកឡើងផងដែរថា ទីក្រុងប៉េកាំង និងមូស្គូ គួរតែ ជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ និងការស្តារឡើងវិញនូវភាពរុងរឿង។

ការអះអាងនេះ  កើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបតែបញ្ចប់ដំណើរទស្សនកិច្ចប្រទេសចិន រយៈពេល២ថ្ងៃ។

អំឡុងដំណើររបស់ប្រមុខសេតវិមាន, លោកត្រាំ បានលើកបញ្ហារសើបពិភាក្សាជាមួយលោក ស៊ី ជាពិសេសបញ្ហាកោះតៃវ៉ាន់ និងសង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែអាមេរិក​និងចិន មិនសម្រេចបានកិច្ចព្រមព្រៀង និងលទ្ធផលអ្វី ជាដុំកំភួននោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម