ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី៖ ការសង់រដ្ឋធានីថ្មីនៅតែបន្ត ទោះប្រធានគម្រោងលាលែងពីតំណែង
លោក Joko Widodo បានប្រកាសប្រាប់សាធារណជននៅក្នុងប្រទេសថា គម្រោងរដ្ឋធានីថ្មីនៅតែបន្តធ្វើដូចដើម បើទោះជាមានការលាលែងពីតំណែងរបស់ប្រធានគម្រោងចំនួន២រូបក៏ដោយ។ ការប្រកាសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ក្នុងដំណើរទស្សនកិច្ចនៅកំផែទីក្រុង Balikpapan ដែលនៅកៀកក្បែរគម្រោងរដ្ឋធានីថ្មី Nusantara។

លោក Widodo បានសង្កត់ធ្ងន់ថា រដ្ឋធានីថ្មីនៅតែស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ ហើយវានឹងក្លាយជារដ្ឋធានីចម្រុះដោយពណ៌បៃតងបំផុតជាងគេនៅលើពិភពលោក។ មេដឹកនាំវ័យ៦២ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា រដ្ឋធានី Nusantara នឹងពោរពេញទៅដោយបណ្ដុំអគារជាច្រើន ព្រមទាំងឧទ្យានធម្មជាតិលំហែកាយនៅក្នុងទីក្រុងផងដែរ។ លោកថា “ទីក្រុងនៃសុបិននាពេលអនាគត គឺជាទីក្រុងឆ្លាតវៃ ទីក្រុងពោរពេញទៅដោយការឆ្នៃប្រឌិត ហើយរស់រវើក”។
ការលើកឡើងរបស់លោក Widodo ធ្វើឡើង ដើម្បីជាការឆ្លើយតបនឹងដំណឹងកាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅ ពាក់ព័ន្ធនឹងការលាលែងតំណែងរបស់ប្រធាន និងអនុប្រធាននៃគម្រោងរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី។
ក្រៅតែពីការប្រកាសនៅសុន្ទរកថា លោក Widodo ក៏បានបញ្ជាក់ម្ដងហើយម្ដងទៀតនៅលើបណ្ដាញសង្គម Instagram ផងដែរថា ការអភិវឌ្ឍនៃ Nusantara នឹងមិនបញ្ឈប់ទេ ដោយបន្តទៅតាមចក្ខុវិស័យរួមដែលបានបង្កើតឡើង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣មិថុនា ការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសថា លោក Widodo យល់ព្រមទទួលយកលិខិតលាលែងតំណែងរបស់លោក Bambang Susantono ប្រធានគម្រោង Ibu Kota Nusantara និងលោក Dhony Rahajoe ដែលជាអនុប្រធាន។ លោក Pratikno រដ្ឋលេខាធិការឥណ្ឌូណេស៊ី បានប្រាប់ថា ការលាឈប់នេះ ក៏ព្រោះតែលោក Widodo បានផ្ដល់មុខតំណែងថ្មីឲ្យលោក Bambang នៅក្នុងតួនាទីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការកសាងរដ្ឋធានីថ្មី។ យ៉ាងណាមិញ ព័ត៌មានលម្អិតដែលថា លោក Bambang នឹងស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងណាមួយនៅមិនទាន់បង្ហើបឲ្យដឹងនោះឡើយ។
លោក Widodo បានតែងតាំងលោក Basuki Hadimuljono រដ្ឋមន្ត្រីក្រសួងការងារសាធារណៈ និងលំនៅដ្ឋាន ជាប្រធានថ្មីនៃគម្រោងរដ្ឋធានីថ្មី ខណៈដែលលោក Raja Juli Antoni អនុរដ្ឋមន្ត្រីក្រសួងផែនការ និងកសិកម្ម នឹងក្លាយជាអនុប្រធាន។

គួររំឭកថា Nusantara នឹងក្លាយជារដ្ឋធានីថ្មីជំនួសឲ្យរដ្ឋធានីចាកាតា នាពេលបច្ចុប្បន្ន ដែលគ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ៣២ពាន់លានដុល្លារ លាតសន្ធឹងលើផ្ទៃដី ២៥៦០គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងកើតកោះ Borneo ក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត។ គម្រោងសាងសង់ បានចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២២កន្លងទៅ ហើយត្រៀមនឹងបញ្ចប់ឲ្យរួចរាល់ជាស្ថាពរនៅខែតុលា ឆ្នាំ២០៤៥ខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


