ព័ត៌មានអន្ដរជាតិ
UN៖ ការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រថាមពលអ៊ុយក្រែន អាចបំពានច្បាប់មនុស្សធម៌
ស្ថាប័នឃ្លាំមើលរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ខែកញ្ញា បានប្រាប់ថា ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីលើបណ្តាញថាមពលអ៊ុយក្រែន ប្រហែលជាបំពានច្បាប់មនុស្សធម៌អន្តរជាតិ ខណៈដែលប្រជាជនអ៊ុយក្រែនត្រៀមខ្លួនសម្រាប់រដូវរងាដ៏លំបាកបំផុតចាប់តាំងពីការឈ្លានពានពីក្រុងមូស្គូ។

ក្នុងអំឡុងពេលនៃការលុកលុយរបស់ខ្លួន រុស្ស៊ីបានបាញ់មីស៊ីល និងដ្រូនរាប់រយគ្រឿងនៅរោងចក្រផលិត បញ្ជូន និងចែកចាយអគ្គិសនីរបស់អ៊ុយក្រែន។ ការវាយប្រហារដ៏ធំលើកដំបូង បានកើតឡើងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងាឆ្នាំ២០២២ ប៉ុន្មានខែបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន។
រាល់ការវាយប្រហារម្ដងៗ បានធ្វើឲ្យទីក្រុងនានារបស់អ៊ុយក្រែនគ្មានថាមពលប្រើប្រាស់អស់រយៈពេលជាច្រើនម៉ោង ហើយជួនកាលអាចដល់រាប់សប្ដាហ៍ក៏មាន។
បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែន (HRMMU) បានផ្តោតការយកចិត្តទុកដាក់លើរបាយការណ៍របស់ខ្លួនស្តីពីរលកនៃការវាយប្រហារចំនួន៩លើករបស់រុស្ស៊ីនៅចន្លោះខែមីនា និងខែសីហា ឆ្នាំ២០២៤។
របាយការណ៍របស់ HRMMU បានរៀបរាប់ថា៖ «មានហេតុផលសមស្របក្នុងការជឿថាទិដ្ឋភាពជាច្រើននៃយុទ្ធនាការយោធាដើម្បីធ្វើឲ្យខូចខាត ឬបំផ្លាញអគ្គិសនីស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងផលិតកម្ដៅរបស់អ៊ុយក្រែន បានរំលោភលើគោលការណ៍គ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ»។
HRMMU បានបន្តថា ខ្លួនបានទៅទស្សនារោងចក្រថាមពលចំនួន៧ដែលត្រូវបានខូចខាត ឬបំផ្លាញដោយការវាយប្រហារ ក៏ដូចជាសហគមន៍ចំនួន២៨ ដែលរងផលប៉ះពាល់។
ទីក្រុងកៀវ បានបញ្ជាក់ថា ការកំណត់គោលដៅនៃប្រព័ន្ធថាមពលរបស់ខ្លួន គឺជាឧក្រិដ្ឋកម្មសង្រ្គាម ហើយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួនមន្ត្រី និងយោធារុស្ស៊ីចំនួន ៤នាក់ ពីបទទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិល។
ទីក្រុងមូស្គូបានតបវិញថា ហេដ្ឋារចនាសម្ព័ន្ធថាមពលគឺជាគោលដៅយោធាស្របច្បាប់ ហើយបានច្រានចោលការចោទប្រកាន់ទៅលើមន្ត្រីរបស់ខ្លួន។
HRMMU បានបន្ថែមថា ការវាយប្រហារបង្កហានិភ័យដល់ការផ្គត់ផ្គង់ទឹករបស់ប្រទេសអ៊ុយក្រែន ប្រព័ន្ធទឹកសម្អុយ និងអនាម័យ ប្រព័ន្ធផ្តល់កម្ដៅ និងទឹកក្តៅ សុខភាពសាធារណៈ ការអប់រំ និងសេដ្ឋកិច្ចទាំងមូល។
HRMMU បានដកស្រង់សម្តីអ្នកជំនាញថា ប្រជាជនអ៊ុយក្រែនគួរតែត្រៀមទុកមុនថានឹងមានការដាច់ចរន្តអគ្គិសនីចន្លោះពី៤ទៅ១៨ម៉ោងជារៀងរាល់ថ្ងៃនារដូវរងាខាងមុខនេះ។
របាយការណ៍របស់ HRMMU ក៏បាននិយាយផងដែរថា ក្នុងអំឡុងរដូវក្តៅនៃឆ្នាំ២០២៤នេះ បញ្ហាទាក់ទងនឹងថាមពលគឺជាហេតុផលធំបំផុតទីពីរដែលបង្ខំឲ្យប្រជាជនអ៊ុយក្រែនធ្វើការភៀសខ្លួនចេញពីប្រទេស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


