Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន បដិសេធជួប ហ្សេលេនស្គី ក្រោយត្រូវដៀមដាមរឿងអាយុ និងការវាយប្រហារដោយដ្រូន

បានផុស

នៅ

សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តមានភាពតានតឹងខ្លាំង ខណៈពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសក្ដែងៗ​ថា លោក «គ្មានហេតុផលអ្វីត្រូវជួប» ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នោះទេ។

លោក ពូទីន (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះ បានធ្វើឡើង បន្ទាប់ពីលោក ហ្សេលេនស្គី បានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់លោក ពូទីន ដែលជាសារសាធារណៈលើកដំបូងបង្អស់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ក្នុងឆ្នាំ២០២២។ នៅក្នុងលិខិតនោះ មេដឹកនាំអ៊ុយក្រែន បានរិះគន់ចំៗទៅលើការកាន់អំណាចរយៈពេល ២៦ឆ្នាំរបស់លោក ពូទីន និងថែមទាំងបាននិយាយឌឺដងថា អាយុច្រើនកំពុងតែធ្វើឲ្យលោក ពូទីន ចុះខ្សោយទៀតផង។

បើតាម CBS News ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៦ លោក ពូទីន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយចាត់ទុកលិខិតរបស់លោក ហ្សេលេនស្គី ថាជាទង្វើ «អសុរោះ»។ លោក ពូទីន បានចោទសួរត្រឡប់ទៅវិញថា តើការសរសេរសារបែបនេះ ជាបំណងចង់ជួបចរចាពិតប្រាកដ ឬគ្រាន់តែចង់បង្កើតបរិយាកាស ដើម្បីកុំឲ្យមានការជួបគ្នា? លោក ពូទីន បានបង្ហើបថា កាលពីខែមុន មានអ្នកជំនួញរុស្ស៊ីម្នាក់បានធ្វើដំណើរទៅទីក្រុងកៀវ ដើម្បីស្តាប់សំណើសុំជួបពីលោក ហ្សេលេនស្គី ប៉ុន្តែសម្រាប់ពេលនេះ លោកឃើញថា ការជួបគ្នា គឺគ្មានប្រយោជន៍អ្វីឡើយ ជាពិសេសបន្ទាប់ពីអ៊ុយក្រែនបានប្រើប្រាស់ដ្រូន វាយប្រហារលើ​មហាវិទ្យាល័យមួយកន្លែង នៅក្នុងតំបន់ Luhansk ដែលគ្រប់គ្រងដោយរុស្ស៊ី បណ្តាលឲ្យមនុស្ស ២១នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។

ចំពោះការដៀមដាមរឿងអាយុ និងការនៅក្រាញននាលក្នុងអំណាច មេដឹកនាំរុស្ស៊ីវ័យ ៧៣ឆ្នាំរូបនេះ បានបកស្រាយថា រឿងសំខាន់មិនមែននៅលើអាយុនោះទេ ប៉ុន្តែវាស្ថិតនៅលើសមត្ថភាព និងការធ្វើការងារទៅវិញទេ។ ជាមួយគ្នានោះ លោក ពូទីន ក៏បាននិយាយចំអកឲ្យលោក ហ្សេលេនស្គី អំពីជំនួបដ៏ត្រដាបត្រដួសនៅសេតវិមាន កាលពីឆ្នាំ២០២៥ ដោយបានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាន «ប្រដៅ» និងបង្រៀនលោក ហ្សេលេនស្គី ឲ្យចេះស្លៀកពាក់ឲ្យបានសមរម្យនៅចំពោះមុខពិភពលោក។

លោក ហ្សេលេនស្គី (រូបថត៖ REUTERS)

ងាកមកមើលខាងសហរដ្ឋអាមេរិកវិញ លោក ដូណាល់ ត្រាំ បានសម្តែងការគាំទ្រចង់ឲ្យមេដឹកនាំទាំងពីរជួបគ្នា ដោយលោកមានប្រសាសន៍ថា វាជារឿងដ៏ល្អប្រសើរមួយ ហើយលោកចង់ឃើញសង្រ្គាមនេះបញ្ចប់ទៅ។ ចំណែកឯលោក ហ្សេលេនស្គី ក៏បានទទួលស្គាល់ថា អាមេរិកកំពុងផ្លាស់ប្តូរអាទិភាពរបស់ខ្លួន ដោយសារតែបច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន កំពុងផ្តោតអារម្មណ៍ខ្លាំងលើសង្រ្គាមអ៊ីរ៉ង់ ដូច្នេះអ៊ុយក្រែនមិនអាចអង្គុយរង់ចាំតែជំនួយពីអាមេរិកនោះឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម