ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងចោទកូរ៉េខាងត្បូងថាបង្ហោះដ្រូនចូលព្យុងយ៉ាង និងគំរាមឆ្លើយតបចាស់ដៃ
ទីភ្នាក់ងារព័ត៌មាន AP បានផ្សាយថា កូរ៉េខាងជើងចោទប្រកាន់កូរ៉េខាងត្បូងថា បានបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន)ចូលទៅកាន់រដ្ឋធានីព្យុងយ៉ាង ដើម្បីទម្លាក់ខិត្តប័ណ្ណឃោសនាប្រឆាំងកូរ៉េខាងជើង ហើយបានគំរាមឆ្លើយតបដោយកម្លាំង ប្រសិនបើការបង្ហោះបែបនេះកើតឡើងម្តងទៀត ប៉ុន្តែកូរ៉េខាងត្បូងបានចេញមុខបដិសេធចំពោះការចោទប្រកាន់នេះ។

ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រថា យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងត្បូងត្រូវបានរកឃើញនៅលើលម្ហអាកាសក្នុងទីក្រុងព្យុងយ៉ាងនៅថ្ងៃទី៣ខែតុលានិងថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ក្រសួងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានរំលោភលើអធិបតេយ្យភាព «ដ៏ពិសិដ្ឋ» របស់ខ្លួន និងគំរាមកំហែងដល់សន្តិសុខជាតិ និងហៅហេតុការណ៍នេះថាជា «ការបង្កហេតុដ៏គ្រោះថ្នាក់» ដែលអាចកើនឡើងដល់ជម្លោះប្រដាប់អាវុធ និងអាចដល់សង្គ្រាម។
កងកម្លាំងកូរ៉េខាងជើងនឹងរៀបចំ «គ្រប់មធ្យោបាយនៃការវាយប្រហារ» ដែលមានសមត្ថភាពបំផ្លាញផ្នែកខាងត្បូងនៃព្រំដែន និងយោធាកូរ៉េខាងត្បូង ហើយឆ្លើយតបដោយគ្មានការព្រមាន ប្រសិនបើយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងត្បូងត្រូវបានរកឃើញនៅក្នុងទឹកដីរបស់ខ្លួនម្តងទៀត។
ក្រសួងបាននិយាយថា៖«យើងនឹងត្រៀមខ្លួនសម្រាប់អ្វីៗគ្រប់យ៉ាង ហើយនឹងតាមដាន ខណៈឧក្រិដ្ឋជនមិនគួរលេងល្បែងជីវិតពលរដ្ឋទៀតទេ»។
ទោះយ៉ាងណាភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើភាគីកូរ៉េខាងជើងសំដៅលើយន្តហោះគ្មានមនុស្សបើករបស់យោធាកូរ៉េខាងត្បូង ឬក៏យន្តហោះគ្មានមនុស្សបើករបស់ជនស៊ីវិលកូរ៉េខាងត្បូងនោះទេ។
ឆ្លើយតបនឹងបញ្ហានេះរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun បាននិយាថា៖«យោធាកូរ៉េខាងជើងមិនបានធ្វើដូច្នេះទេ»។
លោកបានបន្តថា លោកនៅតែព្យាយាមវាយតម្លៃស្ថានភាព និងមិនបានបញ្ជាក់លម្អិតបន្ថែមទៀត។ ក្រោយមក អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនអាចបញ្ជាក់ថាតើការអះអាងរបស់កូរ៉េខាងជើងជាការពិតទេ ដោយមិនបានបញ្ជាក់លម្អិតពីមូលហេតុ។
កូរ៉េខាងត្បូងបានព្រមានកូរ៉េខាងជើងឱ្យ «អនុវត្តការអត់ធ្មត់ និងកុំប្រព្រឹត្តដោយមិនប្រុងប្រយ័ត្ន ប្រសិនបើសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើងត្រូវបានគំរាមកំហែងតាមមធ្យោបាយណាមួយ យោធារបស់យើងនឹងឆ្លើយតបដោយការសងសឹកយ៉ាងតឹងរ៉ឹង និងហ្មត់ចត់»។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងមានភាពរសើបខ្លាំងចំពោះការរិះគន់ពីខាងក្រៅចំពោះរដ្ឋាភិបាលផ្តាច់ការរបស់មេដឹកនាំ គីម ជុងអ៊ុន និងការគ្រប់គ្រងរបស់គ្រួសារគាត់។
ចាប់តាំងពីខែឧសភាមក ប្រទេសកូរ៉េខាងជើង បានបញ្ជូនប៉េងប៉ោងរាប់ពាន់ដែលយោងកាកសំណល់ផ្សេងៗ ដូចជាក្រដាស ប្លាស្ទិក និងសំរាម ទៅទម្លាក់ក្នុងទឹកដីកូរ៉េខាងត្បូង ដែលជាការសងសឹកប្រឆាំងនឹងសកម្មជនស៊ីវិលកូរ៉េខាងត្បូង ដែលបានបង្ហោះប៉េងប៉ោងជាមួយខិត្តប័ណ្ណឃោសនាប្រឆាំងកូរ៉េខាងជើងឆ្លងកាត់ព្រំដែន។
យោធាកូរ៉េខាងត្បូងបានឆ្លើយតបទៅនឹងយុទ្ធនាការប៉េងប៉ោងរបស់កូរ៉េខាងជើង ដោយប្រើឧបករណ៍បំពងសំឡេងតាមព្រំដែន ដើម្បីផ្សព្វផ្សាយការឃោសនា និង K-pop ទៅកាន់កូរ៉េខាងជើង។
យុទ្ធនាការសង្គ្រាមចិត្តសាស្ត្រនេះបានបង្កើនភាពតានតឹងដែលបង្កើតឡើងដោយការសាកល្បងអាវុធរបស់គីម និងការគំរាមកំហែងដោយពាក្យសំដីនៃជម្លោះនុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល។ បញ្ហានេះបានជុំរុញឲ្យសម្ព័ន្ធមិត្តឆ្លើយតបដោយការពង្រឹងសមយុទ្ធយោធារួមរបស់ពួកគេ និងពង្រីកកិច្ចសហប្រតិបត្តិការបីផ្លូវជាមួយប្រទេសជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវផែនការទប់ស្កាត់នុយក្លេអ៊ែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ