Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ជះលុយជាង ៥០០ពាន់​លាន​ដុល្លារ បើកគម្រោងយក្ស ក្តោបក្តាប់ទីផ្សារបន្ទះឈីប និង AI

បានផុស

នៅ

រដ្ឋាភិបាលកូរ៉េខាងត្បូង ទើបតែ​ប្រកាសបើក​ផែនការវិនិយោគ​ដ៏មហាសាលរហូតដល់ទៅ​ជាង ៥០០​ពាន់លាន​ដុល្លារ ដើម្បីបង្កើតមូលដ្ឋានផលិតបន្ទះឈីប (Semiconductor) ដ៏ធំមួយថ្មីទៀតនៅភាគនិរតីនៃប្រទេស។ នេះបើយោងតាម​ការ​ចុះ​​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Anadolu នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងការណ៍ដ៏ធំសម្បើមនេះ ត្រូវបានប្រកាសឡើងដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក គីម ជុងក្វាន់ នៅក្នុងកិច្ចប្រជុំកម្រិតជាតិមួយ ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតី លី ជេម្យុង នៅក្នុងទីក្រុងសេអ៊ូល។

ទឹកប្រាក់វិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ដែលគេហៅថា «មហាគម្រោងទាំងបី Three Mega Projects»។ គោលបំណងធំនៃការបង្កើតគម្រោងនេះ គឺចង់កែប្រែតំបន់ Gwangju និងតំបន់ Jeolla ឱ្យក្លាយទៅជាមជ្ឈមណ្ឌលផលិតបន្ទះឈីបលំដាប់យក្សទីពីររបស់ប្រទេស បន្ទាប់ពីមជ្ឈមណ្ឌលទីមួយដែលមានស្រាប់ នៅម្ដុំរដ្ឋធានីសេអ៊ូល។ គម្រោងនេះ នឹងមានការចូលរួមវិនិយោគទុនយ៉ាងធំធេងពីក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ របស់កូរ៉េខាងត្បូង ដូចជា ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន SK hynix រួមទាំងក្រុមហ៊ុនឯកជនដទៃទៀត និងរដ្ឋាភិបាលផ្ទាល់ ដើម្បីអភិវឌ្ឍវិស័យបន្ទះឈីប ប្រព័ន្ធបញ្ញាសិប្បនិម្មិត (Physical AI) និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI។

លោកប្រធានាធិបតី លី ជេម្យុង បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងត្រូវតែពង្រឹងសមត្ថភាពផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួនឱ្យបានខ្លាំងក្លាបំផុត ដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ កូរ៉េខាងត្បូងកំពុងស្ថិតនៅលើផ្លូវបំបែកមួយ ក្នុងការបោះជំហានទៅមុខយ៉ាងលឿន ខណៈដែលទីផ្សារបន្ទះឈីប និងបច្ចេកវិទ្យា AI នៅលើពិភពលោក កំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់។ លោកបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ជួយជំរុញឱ្យប្រទេសកូរ៉េខាងត្បូងទទួលបាន «សមត្ថភាពប្រកួតប្រជែងដាច់គេ» លើផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីប្រែប្រទេសមួយនេះ ឱ្យក្លាយទៅជាមហាអំណាចឧស្សាហកម្មឈានមុខគេ នៅក្នុងយុគសម័យ AI ដែលកំពុងតែរីកដុះដាលខ្លាំង៕

​ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម