Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ចោទ​ អាមេរិក ​ជាអ្នកផ្តើមសង្គ្រាមកូរ៉េ ក្រោម​«ផែនការ​​​រៀបចំទុកជាមុន»

បានផុស

នៅ

កូរ៉េខាងជើង បានបន្តអះអាងជាថ្មីម្តងទៀតថា សង្គ្រាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) គឺជាលទ្ធផលនៃការឈ្លានពានរបស់អាមេរិក ក្រោម «ផែនការដែលបានរៀបចំទុកជាមុនយ៉ាងល្អិតល្អន់» ព្រមទាំងបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងត្បូង និងអាមេរិក។ នេះបើតាមសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​​ចុះផ្សាយនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមកាសែត Rodong Sinmun ដែលជាសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានចេញផ្សាយការអះអាងនេះ នៅក្នុងអត្ថបទវិចារណកថា ដើម្បីរំលឹកខួបលើកទី៧៦ នៃការផ្ទុះសង្គ្រាមកូរ៉េ ដោយសរសេរថា «នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ កងទ័ពរាយការណ៍ជួរមុខរបស់កូរ៉េខាងត្បូង បានបើកការវាយលុកប្រដាប់អាវុធប្រឆាំងនឹងសាធារណរដ្ឋរបស់យើង។ ហេតុនេះ កូរ៉េខាងជើងត្រូវបង្ខំចិត្តចូលរួមក្នុងសង្គ្រាមការពារខ្លួនអស់រយៈពេល ១១២៩ ថ្ងៃ ដោយសារតែ «ការញុះញង់ឲ្យមានសង្គ្រាម» ពីសំណាក់ពួកចក្រពត្តិនិយមអាមេរិក។

សារព័ត៌មានដដែល ក៏បានបដិសេធទាំងស្រុង ចំពោះភាពស្របច្បាប់នៃការចូលរួមរបស់កងកម្លាំងអង្គការសហប្រជាជាតិ (UN) នៅក្នុងសង្គ្រាមកូរ៉េ ទោះបីជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តអំពាវនាវឲ្យបណ្តាប្រទេសជាសមាជិក ជួយជ្រោមជ្រែងដល់កិច្ចប្រឹងប្រែងសង្គ្រាមរបស់កូរ៉េខាងត្បូងក៏ដោយ។

នៅក្នុងអត្ថបទវិចារណកថា​ទំព័រមុខមួយផ្សេងទៀត កាសែតនេះបានជំរុញឲ្យប្រជាជនកូរ៉េខាងជើង បំពាក់អាវុធគំនិតខ្លួនឯងជាមួយនឹង «ស្មារតីតស៊ូប្រឆាំងអាមេរិក» យ៉ាងរឹងមាំ ដោយលើកឡើងពីការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងអាមេរិក និងកូរ៉េខាងត្បូង។

ទោះជាយ៉ាងណាក៏ដោយ បើតាមក្រុមអ្នកប្រវត្តិសាស្ត្រ បានបញ្ជាក់អះអាងម្តងហើយម្តងទៀតថា សង្គ្រាមកូរ៉េបានផ្ទុះឡើង នៅពេលដែលកងទ័ពកូរ៉េខាងជើងដែលដឹកនាំដោយរថក្រោះ បានបើកការឈ្លានពានចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប្រទេសចំនួន១៦ រួមទាំងអាមេរិក ផងនោះ បានចូលរួមប្រយុទ្ធជាមួយកូរ៉េខាងត្បូង ក្រោមទង់ជាតិរបស់អង្គការសហប្រជាជាតិ អំឡុងពេលមានជម្លោះនោះ។

យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ កូរ៉េខាងជើងនៅតែបន្តអះអាងថា សង្គ្រាមបានចាប់ផ្តើមឡើងដោយសារការឈ្លានពានពីខាងកូរ៉េខាងត្បូង ដោយពួកគេបានហៅសង្គ្រាមនេះថាជា «សង្គ្រាមរំដោះមាតុភូមិ» ហើយតែងតែប្រារព្ធពិធីអបអរសាទរថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃដែលកូរ៉េខាងជើង និងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់បញ្ចប់សង្គ្រាម ទុកជា «ទិវាជ័យជម្នះ»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម