ព័ត៌មានអន្ដរជាតិ
រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧
លោក ដូណាល់ ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ ក្នុងពិធីដែលនឹងប្រព្រឹត្តទៅនៅម៉ោង ១២ថ្ងៃត្រង់ថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២៥ ត្រូវនឹងម៉ោង១២អាធ្រាត្រ ឈានចូលថ្ងៃអង្គារទី២១ ពេលវេលានៅកម្ពុជា។
សម្រាប់សហរដ្ឋអាមេរិក ពិធីនេះរៀបចំឡើងដើម្បីសម្គាល់ជាពេលប្រធានាធិបតីជាប់ឆ្នោត ចូលស្បថចូលកាន់តំណែង ហើយចាប់ផ្តើមអាណត្តិ៤ឆ្នាំជាផ្លូវការ។
ដើម្បីស្បថចូលកាន់តំណែង ប្រធានាធិបតីជាប់ឆ្នោត ត្រូវដាក់ដៃនៅលើព្រះគម្ពីរ ទោះប្រធានាធិបតីខ្លះមានសិទ្ធិជ្រើសរើសសៀវភៅផ្សេងក៏ដោយ ប៉ុន្តែសៀវភៅទាំងនោះសុទ្ធសឹងមានសារៈសំខាន់ខាងសាសនា ឬនយោបាយ។ បន្ទាប់ពីសូត្រពាក្យសច្ចាប្រណិធានឡើងកាន់តំណែង ប្រធានាធិបតីថ្មី នឹងត្រូវថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកគាំទ្រ មន្ត្រីរដ្ឋាភិបាល និងឥស្សរជនបរទេសដែលមកចូលរួម។
សច្ចាប្រណិធាននេះគឺយកចេញពីមាត្រា២ ក្នុងជំពូកទី១នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលសរសេរថា «ខ្ញុំសូមស្បថសច្ចាថា ខ្ញុំចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកដោយស្មោះត្រង់និងមានឆន្ទៈធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីរក្សា និងការពាររដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក”។

ក្នុងពិធីកាលពីអាណត្តិដំបូងនៅឆ្នាំ២០១៧ លោក ត្រាំ បានស្បថចូលកាន់តំណែងជាមួយព្រះគម្ពីរដូចគ្នាដែលលោក Abraham Lincoln ប្រើក្នុងឆ្នាំ១៨៦១។ លោក ត្រាំ ក៏បានយកព្រះគម្ពីរទីពីរ ដែលផ្តល់ជាអំណោយដោយម្តាយរបស់គាត់ឈ្មោះ Mary Anne MacLeod Trump ផងដែរ។ ដូច្នេះហើយ អាណត្តិថ្មីនេះ លោក ត្រាំ នឹងនៅតែធ្វើដូចអាណត្តិទី១ដដែល។
ពាក់ព័ន្ធទីតាំងវិញ ដំបូងឡើយគេរៀបចំពិធីនេះនៅខាងក្រៅឯណោះទេ ពោលគឺនៅមុខវិមានកាពីតូល ដោយបែរមុខទៅឧទ្យាន National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ប៉ុន្តែដោយសារអាកាសធាតុត្រជាក់ពេកប៉ះពាល់ដល់សុវត្ថិភាព ទើបលោកត្រាំ សម្រេចចិត្តប្រកាសទៅធ្វើក្នុងវិមាន Rotunda វិញ។ ដោយសារតែទីតាំងនោះ ផ្ទុកមនុស្សមានកំណត់ ទើបលោកត្រាំ សុំឲ្យអ្នកទិញសំបុត្រចូលរួមជិត ២៥០ ០០០នាក់មេត្តាយោគយល់ ហើយសូមទស្សនាការផ្សាយផ្ទល់តាមអេក្រង់វិញទៅ។
យ៉ាងណា នេះមិនមែនលើកដំបូងឡើយ ដែលពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក ត្រូវធ្វើនៅខាងក្នុងវិមាន Rotunda។ ជាក់ស្តែងកាលពីឆ្នាំ១៩៨៥ ពិធីរបស់លោក Ronald Reagan នៅអាណត្តិទី២ គឺធ្វើនៅខាងក្នុងបែបនេះដែរ ដោយសារហេតុផលដូចគ្នានេះ។

និយាយអំពីសន្តិសុខវិញ, សន្តិសុខត្រូវបានរឹតបន្តឹងឈានដល់កម្រិតខ្ពស់បំផុត ជាពិសេសបន្ទាប់ពីការប៉ុនប៉ងយកជីវិតលោក ត្រាំ កាលពីឆ្នាំមុន។ អាមេរិក បានដាក់រនាំងកម្ពស់២ម៉ែត្រ ចម្ងាយ៤៨គីឡូម៉ែត្រ ហ៊ុមព័ទ្ធជុំវិញវិមានកាពីតូល ហើយភ្នាក់ងារអនុវត្តច្បាប់ប្រមាណ ២៥ ០០០នាក់ ត្រូវល្បាតក្នុងរដ្ឋធានី រួមទាំងឆ្មាំជាតិ ៧ ៨០០នាក់ផងដែរ។ លើសពីនេះ នឹងមានការបិទផ្លូវនៅជិតពិធី ហើយអ្នកកាន់សំបុត្រ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព មុនពេលចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ។
ស្របពេលជាមួយគ្នានោះ ប៉ូលិសនិយាយថា ក៏នឹងមានការធ្វើបាតុកម្មផងដែរ ប៉ុន្តែបាតុកម្មទាំងនោះ គឺជាទ្រង់ទ្រាយតូចទេ មិនធំដូចកាលពីពិធីស្បថចូលកាន់តំណែងអាណត្តិដំបូងរបស់លោក ត្រាំ ឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បង្ហើបប្រាប់ពីបញ្ជាប្រតិបត្តិមួយចំនួន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃដំបូងជាប្រធានាធិបតី

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច