ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រឹងប្រែងផលិតអាវុធរចនាដោយ អាមេរិក ក្នុងទឹកដីខ្លួន ដើម្បីពង្រឹងវិស័យការពារជាតិណាតូ
អាល្លឺម៉ង់កំពុងសង្ឃឹមថា នឹងពង្រីកទំនាក់ទំនងឧស្សាហកម្មការពារជាតិជាមួយសហរដ្ឋអាមេរិក និងផលិតអាវុធដែលរចនាដោយទីក្រុងវ៉ាស៊ីនតោនបន្ថែមទៀត នៅតាមរោងចក្រផលិតអាវុធនានាក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

ទីភ្នាក់ងារព័ត៌មាន euractiv បានផ្សាយថា លោក Pistorius បានប្រាប់អ្នកយកព័ត៌មានក្នុងពេលអមដំណើរអធិការបតី លោក Friedrich Merz និងអគ្គលេខាធិការណាតូ លោក Mark Rutte ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងប៊ែកឡាំងថា «យើងដឹងថា សមត្ថភាពផលិតរបស់អាមេរិកមានកម្រិត ហើយមានតម្រូវការបន្ទាន់ក្នុងការពង្រីក»។
លោក Pistorius បានបន្ថែមថា «នោះហើយជាមូលហេតុដែលយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផលិតប្រព័ន្ធអាវុធមួយចំនួន ឬសមាសធាតុនៃប្រព័ន្ធអាវុធទាំងនោះ នៅទីនេះក្នុងប្រទេសអាល្លឺម៉ង់»។
តម្រូវការអាវុធសំខាន់ៗរបស់អាមេរិក ជាពិសេសប្រភេទកាំជ្រួចមីស៊ីល និងប្រព័ន្ធស្ទាក់ចាប់ដូចជាប្រព័ន្ធ Patriot បានកើនឡើងយ៉ាងខ្លាំង ចំពេលមានសង្រ្គាម និងវិបត្តិសកល ហើយស្តុកអាវុធទាំងនោះកំពុងមានកម្រិតទាប ដោយសារការប្រើប្រាស់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ុយក្រែន និងមជ្ឈិមបូព៌ា។
ក្នុងពេលជាមួយគ្នានេះ អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តណាតូអឺរ៉ុបផ្សេងទៀត កំពុងស្វែងរកការអភិវឌ្ឍបន្ថែមទៀតនូវឧស្សាហកម្មអាវុធផ្ទាល់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើឧបករណ៍ដែលផលិតដោយអាមេរិក។
ការផ្លាស់ប្តូរនេះត្រូវបានជំរុញមួយផ្នែកដោយការចោទសួរញឹកញាប់របស់លោកត្រាំ លើការប្តេជ្ញាចិត្តសន្តិសុខរបស់អាមេរិកចំពោះអឺរ៉ុប ក៏ដូចជាជម្លោះកាន់តែខ្លាំងឡើង ដូចជាយុទ្ធនាការដំឡើងពន្ធគយរបស់លោកត្រាំ និងការគំរាមកំហែងដណ្តើមយកទឹកដី Greenland របស់ដាណឺម៉ាក។
លោក Pistorius បានសង្កត់ធ្ងន់ថា «គ្មាននរណាម្នាក់ នៅពេលអំពាវនាវឲ្យមានឯករាជ្យភាពកាន់តែខ្លាំង បាននិយាយថា យើងចង់បោះបង់ចោលប្រព័ន្ធអាវុធអាមេរិកនោះទេ»។ លោកអះអាងថា មានអាវុធផលិតដោយអាមេរិកដែលអឺរ៉ុបមិនបានផលិត ប៉ុន្តែយើងត្រូវការជាចាំបាច់ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។
ដោយឡែក មេដឹកនាំណាតូ Mark Rutte ក៏បានចេញមុខស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាល្លឺម៉ង់ ក្នុងការជម្រុញយោធា និងសមត្ថភាពផលិតអាវុធរបស់ខ្លួន។ លោកបានលើកឡើងដែរថា កិច្ចប្រជុំកំពូលណាតូ នឹងផ្តោតលើការបំប្លែងការចំណាយបន្ថែមឲ្យទៅជាសមត្ថភាពត្រៀមខ្លួនប្រយុទ្ធ និងការបង្កើនទំហំឧស្សាហកម្មការពារជាតិរបស់យើងឲ្យបានកម្រិតខ្ពស់។ បើទោះបីជាសង្រ្គាមនៅអ៊ុយក្រែនបញ្ចប់ក៏ដោយ តែរុស្ស៊ីនឹងនៅតែជាការគំរាមកំហែងរយៈពេលវែងដល់សន្តិសុខអឺរ៉ុប-អាត្លង់ទិក។
សូមបញ្ជាក់ដែរថា ការដេញថ្លៃនេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលដ៏សំខាន់របស់អង្គការណាតូ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ដល់ ៨ ខែកក្កដា នៅក្នុងប្រទេសទួកគី។ នៅក្នុងកិច្ចប្រជុំនោះ ការពង្រីកយោធាអឺរ៉ុបនឹងនៅតែជាចំណុចផ្តោតសំខាន់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធលើសម្ព័ន្ធមិត្ត ឲ្យបង្កើនការចំណាយបន្ថែមទៀត៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ហេតុអ្វី រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ ហ៊ានបរិហារទម្លាក់កំហុសលើលោក ត្រាំ?
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


