Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ប្រាប់​ថា អាមេរិក​ដោះដូរ​ការ​លក់​អាវុធ​ឲ្យ​អ៊ុយក្រែន ដើម្បី​បាន​បច្ចេកវិទ្យា​ដ្រូន​ទៅ​វិញ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហើបថា លោកកំពុងពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញ«កិច្ចព្រមព្រៀង​ដ្រូន​ដ៏ធំ​មួយ» ដែល​ជា​ជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាង​ប្រជាជាតិ​ទាំង​ពីរ។

ដ្រូន​របស់​អ៊ុយក្រែន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​​របស់​ទីភ្នាក់ងារ​​ព័ត៌មាន​ Reuters កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧ខែ​កក្កដា លោក ហ្សេលេនស្គី បាននិយាយថា កិច្ចព្រមព្រៀងដែលបានស្នើឡើង​នេះ នឹង​អនុញ្ញាត​ឲ្យ​​អាមេរិក​ទិញ​ដ្រូន​ដែល​សមត្ថភាព និង​ធ្លាប់​សាកល្បង​លើ​សមរភូមិ​ប្រយុទ្ធ​ពិតៗ ពី​អ៊ុយក្រែន ខណៈ​អ៊ុយក្រែន​​​នឹងទទួល​ប្រព័ន្ធអាវុធទំនើបរបស់អាមេរិកជាថ្នូរ​វិញ។ មេ​ដឹក​នាំ​អ៊ុយក្រែន បានពណ៌នាអំពីគោលគំនិតនេះថាជាយន្តការ «ឈ្នះ-ឈ្នះ» ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ចំពេលមានការវិវត្តនៃការគំរាមកំហែងផ្នែកសន្តិសុខពិភពលោក។

លោក ហ្សេលេនស្គី បានលើក​ឡើង​ថា «ដ្រូន​របស់យើងកំពុងដំណើរការនៅជួរមុខជាមួយនឹងលទ្ធផលដ៏អស្ចារ្យ។ នេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងយោធាប៉ុណ្ណោះទេ វា​បញ្ជាក់​អំពីការពង្រឹងទំនុកចិត្ត និងការពង្រឹងសម្ព័ន្ធភាពរបស់យើង»។ លោក​បន្ថែម​ថា «ប្រជាជនអាមេរិកត្រូវការបច្ចេកវិទ្យានេះ ហើយអ្នកត្រូវមានវានៅក្នុងឃ្លាំងអាវុធរបស់អ្នក។ យើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​​នេះ​ជាមួយ​អាមេរិក និង​ដៃគូ​អឺរ៉ុប​ផ្សេង​ទៀត»។

អ៊ុយក្រែន​ បាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​អ្នក​អភិវឌ្ឍ​​ដ្រូន​​​វាយ​ប្រហារ​ដ៏​ទំនើប​​បំផុត​​លើ​​ពិភពលោក ក្នុង​​អំឡុង​ពេល​សង្រ្គាម​ជាមួយ​រុស្ស៊ី។ គ្រាន់​តែ​នៅ​ឆ្នាំ​២០២៥នេះ កងកម្លាំងអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងផលិត​​ដ្រូន​​រយៈ​ចម្ងាយឆ្ងាយជាង ៣០ ០០០​គ្រឿង ដែលភាគច្រើនមានសមត្ថភាពវាយប្រហារគោលដៅរហូតដល់ ១ ៣០០​គីឡូម៉ែត្រ។

ដ្រូន​ទាំងនេះ បានដើរតួនាទីសំខាន់ក្នុងវិស័យការពារជាតិអ៊ុយក្រែន ដោយលោក ហ្សេលេនស្គី បានបញ្ជាក់ថា ជាង​បី​ឆ្នាំ​មក​នេះ ពួកវា​បាន​ជួយ​ដល់​​ការវាយប្រហារពីរភាគបីនៅជួរមុខ និងបីភាគបួននៃការវាយប្រហារទៅលើគោលដៅពាសដែករបស់រុស្ស៊ី។

កិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ កើតឡើងនៅពេលដែលសហរដ្ឋអាមេរិកកំពុងស្វែងរកការ​ធ្វើទំនើបកម្មសមត្ថភាព​ដ្រូន​របស់ខ្លួន ចំពេលមានការព្រួយបារម្ភថា រុស្ស៊ី និងចិនកំពុងវ៉ាដាច់ទីក្រុងវ៉ាស៊ីនតោន ក្នុងប្រព័ន្ធ​បច្ចេកវិទ្យា​គ្មានមនុស្សបើក។ កម្មវិធី​ដ្រូន​មួយ​ចំនួន​​របស់សហរដ្ឋអាមេរិកក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយ បាន​​ទទួល​បរាជ័យ​ ដែល​ទាមទារ​ឲ្យ​មាន​តម្រូវការសម្រាប់ការ​អភិវឌ្ឍ​យ៉ាងឆាប់រហ័ស និង​​កំណែ​ទម្រង់​ប្រយុទ្ធ ដែល​ទាំង​នេះសុទ្ធតែ​ជា​អ្វី​ដែល​​អ៊ុយក្រែន​អាច​ផ្ដល់​ឲ្យ​​​បាន​តាម​រយៈ​បទ​ពិសោធន៍​ជាក់ស្ដែង​លើ​សមរភូមិ​សង្គ្រាម​ជាមួយ​រុស្ស៊ី៕

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម