Connect with us

ព័ត៌មានអន្ដរជាតិ

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រៀមខ្លួន ដោះស្រាយជម្លោះនៅភាគខាងត្បូងប្រទេសថៃ

បានផុស

នៅ

ឆ្លើយតបទៅនឹងការអំពាវនាវឲ្យលោក អាន់វ៉ា អ៊ីប្រាហ៊ីម ចូលខ្លួនដោះស្រាយជម្លោះនៅភាគខាងត្បូងប្រទេសថៃ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានឲ្យដឹងថា លោកត្រៀមរួចជាស្រេចដើម្បី ដើម្បីជួយសម្របសម្រួលក្នុងជម្លោះមួយនេះ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអាន់វ៉ា អ៊ីប្រាហ៊ីម គឺជាបុគ្គលដ៏សំខាន់មួយរូបដែលនាំឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ហើយឥឡូវ ពាក់ព័ន្ធជម្លោះនៅព្រំដែនភាគខាងត្បូងប្រទេសថៃ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ជាក់ថា លោកពិភាក្សាបញ្ហានេះរួចហើយ ជាមួយរដ្ឋាភិបាលទីក្រុងបាងកក។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅរដ្ឋ Johor កាលពីចុងសប្តាហ៍ លោក អាន់វ៉ា អ៊ីប្រាហ៊ីម និយាយថា «បញ្ហានៅភាគខាងត្បូងប្រទេសថៃ គឺជាបញ្ហាផ្ទៃក្នុងរបស់រដ្ឋាភិបាលថៃ ហើយខ្ញុំបានទាក់ទងពួកគេ ដែលបង្ហាញឆន្ទៈក្នុងការបន្តព្យាយាមបញ្ឈប់ភាពតានតឹង ជាពិសេសអំពើហិង្សាលើភាគីទាំងពីរ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា មេដឹក​នាំ​ថៃនឹង​ខិត​ខំ​ស្វែង​រក​សន្តិភាពនិង​សន្តិសុខ​ ហើយ​បន្ត​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ការ​អភិវឌ្ឍ ពង្រឹង​ការ​សិក្សាឥស្លាមនិង​ភាសា​ម៉ាឡេ»។

សូមជម្រាបជាថ្មី នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ គឺជាបុគ្គលម្នាក់ដែលខិតខំខ្នះខ្នែងជាទីបំផុត ក្នុងការនាំយកបទបាញ់មកឲ្យកម្ពុជានិងថៃ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Reuters)

ក្នុងនាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ លោក អាន់វ៉ា បានប្រើប្រាស់ឥទ្ធិពលការទូតរបស់លោកដើម្បីសម្របសម្រួលជម្លោះនេះ ហើយលោកគឺជាកម្លាំងចលករមួយក្នុងការសម្របសម្រួលកិច្ចចរចារវាងមេដឹកនាំកម្ពុជា-ថៃ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។

មិនត្រឹមប៉ុណ្ណឹង ម៉ាឡេស៊ីថែមទាំងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួ ដែលជាជំនួបនាំមេដឹកនាំយោធានិងការទូតកម្ពុជា-ថៃឲ្យមកពិភាក្សាគ្នាដោយផ្ទាល់ទៀតផង។

ក្រៅពីជួយសម្របសម្រួលឲ្យកម្ពុជា-ថៃ លោក អាន់វ៉ា ក៏ធ្លាប់ដើរតួនាទីដ៏សំខាន់ ក្នុងការជួយដោះស្រាយជម្លោះអាយុកាលរាប់ទសវត្សរ៍នៅកោះ មីនដាណាវ នៃប្រទេសហ្វីលីពីន ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រៅពីបទឈប់បាញ់កម្ពុជា-ថៃ, លោក អាន់វ៉ា ក៏ធ្លាប់ជួយរកសន្តិភាពនៅភាគខាងត្បូង ហ្វីលីពីន ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម