ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ ស្នើតុលាការពន្យារពេលចេញសាលក្រមសំណុំរឿង ផែថងថាន ដោយយកលេសប្រទេសកំពុងមានវិបត្តិព្រំដែន
សមាជិកបក្សភឿថៃ Cherdchai Tantisirin បានស្នើដល់តុលាការធម្មនុញ្ញ សុំពន្យារពេល៦ខែទៀត ជុំវិញការប្រកាសសាលក្រមលើសំណុំរឿងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ដោយលើកហេតុផលថា បច្ចុប្បន្នប្រទេសកំពុងជួបវិបត្តិព្រំដែនជាមួយកម្ពុជា ចាំដោះស្រាយចប់សិនសឹមចេញសេចក្តីសម្រេច។

ថ្លែងមុនការប្រជុំបក្សនៅថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ លោក Cherdchai អះអាងថា ប្រទេសថៃមិនមែនកំពុងមានត្រឹមវិបត្តិព្រំដែនទេ ប៉ុន្តែក៏មានបញ្ហាពន្ធនិងបញ្ហាក្នុងស្រុកផ្សេងទៀតត្រូវដោះស្រាយផងដែរ ជាពិសេសគ្រឿងញៀនតែម្តង។ ដូច្នេះហើយ ការដែលមាននាយករដ្ឋមន្ត្រីកំពុងបំពេញការងារ គឺប្រសើរជាងនាយករដ្ឋមន្ត្រីស្តីទី។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបពីតុលាការនៅឡើយទេ។

មុននេះដែរ នាយករដ្ឋមន្ត្រីស្តីទី ភូមិថាំ វិឆាយ៉ាឆៃ បានអះអាងថា ផែថងថាន នឹងមិនព្រមចុះចេញដាច់ខាត នាងនឹងត្រូវតតាំងជាមួយសំណុំរឿងក្នុងតុលាការ ដែលអាចប្រកាសសាលក្រមប្រហែលជានៅចុងខែសីហាឬចុងខែកញ្ញា។
ការចេញមុខបញ្ជាក់របស់លោក ភូមិថាំ គឺដើម្បីឆ្លើយតបទៅពាក្យចចាមអារ៉ាមដែលថា ផែថងថាន អាចចុះចេញពីតំណែង ដើម្បីចៀសវាងសាលក្រមរបស់តុលាការធម្មនុញ្ញ ពោលគឺនឹងលាលែងបន្ទាប់ពីសភា អនុម័តច្បាប់ថវិកាសារពើពន្ធឆ្នាំ២០២៦ នៅក្នុងការអានលើកទីពីរនិងទីបីរបស់ខ្លួន នៅថ្ងៃទី១៣, ១៤និង១៥ខែសីហា។
សូមជម្រាបថា រលកកម្ដៅនយោបាយដ៏ខ្លាំង នឹងកើតមាននៅក្នុងខែសីហាដល់ខែកញ្ញា ដែលពោរពេញដោយសេចក្តីសម្រេចមានកម្រិតនយោបាយខ្ពស់ប៉ះលើក្រុមគ្រួសារលោក ថាក់ស៊ីន ដែលអាចកែប្រែទិដ្ឋភាពនយោបាយរបស់ប្រទេសថៃឡើងវិញផងដែរ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ប្រឈមសាលដីការរហូតដល់ទៅ២ គឺទីមួយសំណុំរឿងព្រហ្មទណ្ឌប្រមាថស្តេចនិងសំណុំរឿងមួយទៀត ពាក់ព័ន្ធការកុហកតុលាការថាមានជំងឺដើម្បីគេចវេសពីការជាប់ពន្ធនាគារ។
សំណុំរឿងទាំងពីរនេះនឹងសម្រេចដោយតុលាការកំពូលនិងតុលាការព្រហ្មទណ្ឌ នៅថ្ងៃទី២២ខែសីហា និងថ្ងៃទី៩ខែកញ្ញាតាមលំដាប់រៀងគ្នា។ ក្នុងករណីមានពិរុទ្ធ លោកថាក់ស៊ីន អាចប្រឈមមានទោសអតិបរមាដល់់៣០ឆ្នាំ ពីសំណុំរឿងទាំងពីរ។
ចំណែកករណីលោកស្រី ផែថងថាន វិញ តុលាការធម្មនុញ្ញដែលជាស្ថាប័នមើលការខុសត្រូវរដ្ឋធម្មនុញ្ញ និងត្រូវបានគេមើលឃើញថា មានទំនោរលំអៀងទៅរកក្រុមយោធា ក៏គ្រោងនឹងចេញសាលក្រមសម្រេចក្នុងរង្វង់ពេលនោះដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផែថងថានលេចមុខ ក្រោយបាត់វត្តមានលោកថាក់ស៊ីនដែលប្រឈមទោសព្រហ្មទណ្ឌ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


