Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ-រុស្ស៊ី ធ្វើសមយុទ្ធយោធាជាមួយគ្នា ស្របពេលភូមិសាស្រ្តនយោបាយពិភពលោក កាន់តែតានតឹង

បានផុស

នៅ

កងទ័ពឡាវនិងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធជាមួយគ្នានៅខេត្ត វៀងចន្ទន៍ ប្រទេសឡាវ ស្របពេលស្ថានការណ៍ភូមិសាស្រ្តនយោបាយពិភពលោក កាន់តែតានតឹង។

(រូបថត៖ Vientiane Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Vientiane Times នៅថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥ សមយុទ្ធនេះមានឈ្មោះ LAROS-2025 ធ្វើឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់២៥ខែកញ្ញា នៅសាលាយោធា Gommadam ក្រោមប្រធានបទ «ប្រកៀកស្មាគ្នា ប្រយុទ្ធដើម្បីសន្តិភាពនិងសន្តិសុខ»។

សមយុទ្ធនេះផ្តោតលើការហ្វឹកហ្វឺនបញ្ជាការនិងត្រួតពិនិត្យរួមគ្នា ប្រតិបត្តិការប្រឆាំងភេរវកម្ម និងបង្កើនការត្រៀមលក្ខណៈប្រយុទ្ធ ជាពិសេសនៅតំបន់ភូមិសាស្ត្រដ៏ស្មុគស្មាញ និងក្រោមលក្ខខណ្ឌអាកាសធាតុលំបាក។

ការហ្វឹកហ្វឺនក៏រួមបញ្ចូលទាំងការដាក់ពង្រាយកងវរសេនាតូចថ្មើរជើងពាសដែក និងអង្គភាពកងកម្លាំងពិសេស ក៏ដូចជាការប្រើប្រាស់យានយន្ត និងអាវុធយោធាទំនើបៗផងដែរ។

(រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

ក្រៅពីការហ្វឹកហ្វឺនប្រយុទ្ធហើយនោះ សមយុទ្ធនេះក៏ដាក់បញ្ចូលការផ្លាស់ប្តូរវប្បធម៌គ្នា និងមនោគមវិជ្ជាផងដែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងភាពស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។

សកម្មភាពនានាមានដូចជាព្រឹត្តិការណ៍កីឡារួម ការផ្លាស់ប្តូរសិល្បៈនិងអក្សរសិល្ប៍ វគ្គសិក្សាភាសា និងអន្តរកម្មប្រចាំថ្ងៃរវាងយោធាមកពីប្រទេសទាំងពីរ។

សូមជម្រាបថា សមយុទ្ធនេះក៏ជាការអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងឡាវ និងរុស្ស៊ី ដែលបង្ហាញពីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​វត្តមាន​យោធា​អាមេរិក​​​​​នៅសមយុទ្ធ«​Zapad 2025» បន្ថយ​កម្តៅ​រវាង​​ណាតូ​អឺរ៉ុប និង​រុស្ស៊ី​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម