សុខភាព
មកដឹងពី រោគសញ្ញា ការព្យាបាល ការបង្ការ ជំងឺពងបែកដៃជើង និងក្នុងមាត់
ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និង កុមារ ភាគច្រើនលើកុមារដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម៥ឆ្នាំ។ ជំងឺពងបែកនៅដៃជើង និង មាត់ជាជំងឺឆ្លង ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមការប៉ះពាល់ផ្ទាល់ជាមួយនឹង វត្ថុរាវនៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពីពងបែក និង លាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហស៍ទី១។

នៅថ្ងៃទី០៩ ខែមិថុនានេះ ក្រសួងសុខាភិបាល បានបង្ហាញថា តាមដានជំងឺឆ្លងជាប្រចាំឃើញថា បច្ចុប្បន្នមានការរកឃើញជារប៉ះរប៉ោះ នៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់លើកុមារតាមបណ្តាខេត្តមួយចំនួន។ បើទោះបីជាមានករណីតិចតួចក្ដី ក្រសួងសុខាភិបាលសូមធ្វើការក្រើនរំលឹក ជូនសាធារណៈជនបន្តការប្រុងប្រយ័ត្ន និងប្រកាន់ខ្ជាប់អនាម័យ។
តទៅនេះ សូមមកដឹងរោគសញ្ញា ការព្យាបាល ការបង្ការ ជំងឺពងបែកដៃជើង និងក្នុងមាត់។
+ រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់
ជំងឺនេះជាទូទៅចាប់ផ្តើមឡើងដោយមាន ក្ដៅខ្លួន ការហូបចុកថយចុះ អស់កម្លាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ ចាប់ផ្តើមចេញក្នុងកំឡុងពេល ១ ទៅ ២ថ្ងៃ ដោយមានស្នាមចំណុចក្រហមអុជៗ និងខ្លះមាន ពងបែក នៅលើបាតដៃ ដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉ះគូទ ឬ អវៈយវៈភេទ។

+ រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់
ក្នុងចំណោមកុមារមួយចំនួនតូច ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ អាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ។ រោគសញ្ញា នៃជំងឺធ្ងន់ធ្ងរ រួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ទន់អវៈយវៈ និងប្រកាច់ ឬកន្ត្រាក់ដៃជើង) និង រោគសញ្ញា ពិបាកដកដង្ហើម (ហត់)។ ក្នុងករណីឃើញរោគសញ្ញាទាំងអស់នេះនៅលើខ្លួន សូមឪពុកម្តាយ ឬ អាណាព្យាបាលស្វែងរកសេវាព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យដែលជិតបំផុត។

+ ការព្យាបាលកុមារដែលមានជំងឺពងបែកនៅដៃជើង និង ក្នុងមាត់
មិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺពងបែកនៅដៃជើង និងក្នុងមាត់។ អ្នកជំងឺគួរពិសាទឹកឱ្យបានច្រើន និងពេលខ្លះអាចត្រូវការព្យាបាលទៅតាមរោគសញ្ញា ដើម្បីបន្ថយគ្រុនក្ដៅ ដោយថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់ការឈឺចាប់ ដែលបណ្ដាលមកពីដំបៅក្នុងមាត់។ ទោះជាមិនបានទទួលការព្យាបាល អ្នកជំងឺភាគច្រើន អាចជាសះស្បើយទៅវិញក្នុងកំឡុងពេលពី ៧ ទៅ ១០ថ្ងៃ និងកម្រមានផលវិបាកណាស់។ លើកលែងតែករណី ជំងឺមួយចំនួនតូចដែលធ្ងន់ធ្ងរ ត្រូវទាមទារការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យដែលបានរៀបរាប់នៅចំណុចខាងលើ។

+ វិធានការបង្ការ ជំងឺពងបែកនៅដៃជើង និង ក្នុងមាត់
– អនាម័យល្អ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ពិសេសក្រោយពីប៉ះពាល់ ជាមួយ នឹងវត្ថុរាវ នៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពី ពងបែក និងលាមកអ្នកជំងឺ។
– ត្រូវលាងសម្អាតដៃឱ្យបានស្អាត មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណី ដល់ទារក ឬ កុមារ ក្រោយចេញពីបង្គន់ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូតសម្អាតរាងកាយកុមារ។ លាងសម្អាតផ្ទៃ និងរបស់ដែលប្រលាក់ដោយទឹក និងសាប៊ូ។
– ជៀសវាងការប៉ះពាល់ស្និទស្នាល (ថើប ឱប ប្រើប្រាស់សម្ភារៈសម្រាប់ហូបចុក រួមគ្នា។ល៕) ត្រូវបន្ត ផ្តល់អាហារដែលមានសារជាតិចិញ្ចឹមច្រើន និងទឹកស្អាតដល់កុមារ។ ប្រើស្លាបព្រា និងចានដាច់ដោយឡែកសម្រាប់កុមារនីមួយៗ។
– អ្នកមើលថែទាំកុមារតូចៗត្រូវមានអនាម័យផ្ទាល់ខ្លួនល្អ។
ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខ ទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

គួរបញ្ជាក់ថា កុមារអាចឆ្លងកើតជំងឺពងបែកនៅដៃជើង និង ក្នុងមាត់ លើសពីមួយដង ពីព្រោះជំងឺនេះ បង្កឡើងដោយវីរុសផ្សេងៗគ្នា។ ការឈឺជំងឺនេះម្ដង អាចបង្កឱ្យមាន ប្រព័ន្ធការពារខ្លួនទៅនឹងវីរុសតែមួយប្រភេទប៉ុណ្ណោះ ដូច្នេះយើងអាចឈឺម្តងទៀតប្រសិនបើ យើងឆ្លងវីរុសប្រភេទថ្មី មួយផ្សេងទៀត។
ជំងឺនេះកើតមាននៅ ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកផងដែរ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ខុសពី ជំងឺជើង និងមាត់ ដែលកើតឡើងចំពោះសត្វគោ។ ជំងឺពងបែកនៅ ដៃជើង និងក្នុងមាត់ មិនឆ្លងទៅ ឬចម្លងមកពីសត្វចិញ្ចឹម សត្វពាហនៈដទៃឡើយ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស (Enterovirus) ដែលភាគច្រើនដោយវីរុស កុកសាគី (Cossackievirus) ហើយជាទូទៅបណ្តាលឱ្យមានជំងឺស្រាល។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាចបង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឱ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម២ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច