Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ កម្ពុជា មិនទាន់រកឃើញករណីជំងឺអេបូឡាទេ ប៉ុន្តែបានត្រៀមវិធានការចាំបាច់សម្រាប់ការពារ

បានផុស

នៅ

ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានប្រកាសថា រហូតមកដល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ ប៉ុន្តែក្រសួងបានត្រៀម វិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ជំងឺនេះក៏ បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។

តាមរយៈសេចក្តីប្រកាស ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ ហើយក្រសួងបាននិងកំពុងតាមដានស្ថានការណ៍យ៉ាង ជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំង ប្រទេស អ្នកទទួលទូរសព្ទ១១៥ និងសាធារណជន តាមបណ្ដាញទំនាក់ទំនងសង្គម។ ជាមួយនេះក្រសួងបានត្រៀមវិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។

បើតាមក្រសួងសុខាភិបាល ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡា ដែលអាចបណ្ដាលឱ្យស្លាប់ ក្នុងអត្រាខ្ពស់រហូតដល់ ៨០-៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។ វីរុសនេះ ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។ ក្រុមវីរុសអេបូឡា ដែលអាចបង្កជំងឺលើមនុស្សមាន ៤ ប្រភេទ រួមមាន អេបូឡា (Ebola)ស៊ូដង់ (Sudan) តៃហ្វ័ររេស (Tai Forest) និង ប៊ុនឌីប៊ូហ្គីយ៉ូ (Bundibugyo)។

ក្រសួងបានបញ្ជាក់ទៀតថា បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡា មួយចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានិភ័យខ្ពស់។ មិនមានឱសថព្យាបាលជាក់លាក់ ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។

ជំងឺអេបូឡា ឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺ ឬអ្នកស្លាប់ ដោយសារជំងឺអេបូឡា ឬសម្ភារដែលមានផ្ទុកវីរុសអេបូឡា។ ជំងឺនេះអាចឆ្លងដោយកម្រតាមរយៈការប៉ះពាល់ជាមួយសត្វដែលមានផ្ទុកវីរុសអេបូឡា ដូចជា ពពួកអំបូរសត្វប្រចៀវ ជ្រឹង ឈ្លូស ប្រើស និងស្វាដែលរស់នៅក្នុងព្រៃក្រាស់ៗនៃទ្វីបអាហ្វ្រិក។ ចំពោះរោគសញ្ញាវិញ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ រាក ក្អួត និងអាចមានការហូរឈាម។ រោគសញ្ញាចាប់ផ្តើមបង្ហាញក្នុងរយៈពេល ពី២ថ្ងៃ ដល់២១ថ្ងៃ ជាមធ្យម លេចចេញចន្លោះពី៨ថ្ងៃ ទៅ ១០ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយវីរុសអេបូឡា។

ដើម្បីបង្ការពីជំងឺនេះ ត្រូវលាងសម្អាតដៃជាមួយនឹងសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់ ឬអាល់កុលលាងដៃ។
ប្រសិនបើអ្នករស់នៅ ឬធ្វើដំណើរទៅតំបន់ដែលមានការសង្ស័យឬមានជំងឺអេបូឡាត្រូវអនុវត្តវិធានការ ការពារខ្លួនឱ្យបានត្រឹមត្រូវ។ ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយសារធាតុរាវក្នុងរាងកាយរបស់បុគ្គលដែលឆ្លងវីរុសអេបូឡា ឬអ្នកស្លាប់ដោយសារជំងឺនេះ ឬសម្ភារដែលមានវីរុសអេបូឡា។ សារធាតុរាវក្នុងរាងកាយ រួមមាន ឈាម ទឹកនោម លាមក ទឹកមាត់ ញើស កម្អួត ទឹកដោះម្តាយ ទឹកភ្លោះ ទឹកកាម និងទឹករំអិលរបស់មនុស្សដែលមានជំងឺអេបូឡា។

លើសពីនេះ សូមចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូក ខ្នើយ ម្ជុល ឧបករណ៍វេជ្ជសាស្ត្រ ឬរបស់របរផ្សេងទៀតដែលអាច មានការប៉ះពាល់ឈាម ឬសារធាតុរាវរបស់មនុស្សដែលឆ្លងវីរុសអេបូឡា។ សាកសពអ្នកសង្ស័យឬបញ្ជាក់ថាមានជំងឺអេបូឡា។ ពពួកអំបូរសត្វប្រចៀវ ជឹង ឈ្លូស ប្រើស ស្វា និងឈាម សាច់ឆៅ ឬសារធាតុរាវរបស់សត្វទាំងនេះ។

ត្រូវប្រើឧបករណ៍ការពារខ្លួន (PPE) នៅពេលប៉ះពាល់ ឬថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានជំងឺអេបូឡា ឬស្លាប់ដោយសារជំងឺអេបូឡា ឈា និងសារធាតុរាវក្នុងរាងកាយរបស់ពួកគេ ឬវត្ថុដែលប្រលាក់ ដោយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់ពួកគេ។

បន្ទាប់ពីត្រឡប់មកពីតំបន់ផ្ទុះជំងឺអេបូឡា សូមតាមដានសុខភាពខ្លួនឯងរយៈពេល ២១ ថ្ងៃ និង ស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើមានរោគសញ្ញានៃជំងឺអេបូឡា។ ប្រសិនបើមានរោគសញ្ញាដូចជា អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ក្អួត រាក និងមានប្រវត្តិធ្វើដំណើរពី តំបន់ផ្ទុះជំងឺអេបូឡា (សាធារណរដ្ឋកុងហ្គោ អ៊ូហ្គង់ដា) សូមទៅក៏និត្យនិងពិគ្រោះយោបល់ ជាមួយ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកជាបន្ទាន់ភ្លាមៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម