Connect with us

សុខភាព

បើស្រ្តីមិនហូបបាយមួយឆ្នាំ តើរាងកាយផ្លាស់ប្តូរយ៉ាងដូចម្តេច?

បានផុស

នៅ

កាល​ពី​មួយ​ឆ្នាំ​មុន មនុស្សស្រីម្នាក់ អាយុ ៤៥ ឆ្នាំ បាន​សម្រេច​ចិត្ត​សម្រក​ទម្ងន់​ដោយ​បោះបង់​បាយ​ទាំង​ស្រុង ដោយ​ញ៉ាំ​តែ​បន្លែ និង​ផ្លែឈើ។

ជាលទ្ធផលទម្ងន់របស់នាង បានធ្លាក់ចុះពី ៧២.៥ គីឡូក្រាមមក ៥៥ គីឡូក្រាមមើលទៅកាន់តែស្គម។ ប៉ុន្តែ​ក្នុង​ការពិនិត្យ​សុខភាព​នាពេល​ថ្មីៗ​នេះ នាង​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​មិន​នឹកស្មាន​ដល់​ថា​មាន​ខ្លាញ់ក្នុង​ថ្លើម និង​អង់ស៊ីម​ថ្លើម​ខ្ពស់​។

យោង​តាម​លោក Aboluowang ករណី​ដូច​អ្នកស្រ្ីរូបនោះ មិនមែន​ជា​ករណី​កម្រ​ឡើយ ។ មនុស្សកាន់តែច្រើនឡើងកំពុងទទួលយករបបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប ជាមួយនឹងជំនឿថាអង្ករគឺជា ពិរុទ្ធជនដែលបណ្តាលឲ្យធាត់ ហើយការរំលងអង្ករគឺជាវិធីសម្រកទម្ងន់យ៉ាងឆាប់រហ័ស។ ប៉ុន្តែ​គ្រូពេទ្យ​ព្រមាន​ថា ម្សៅ​ជា​ប្រភព​ថាមពល​ដ៏​សំខាន់ ហើយ​ការ​ខ្វះ​ម្សៅ​ នឹង​នាំ​ឲ្យមាន​ផល​វិបាក​ជាច្រើន​ដល់​សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យរងជនជាតិចិនបាននិយាយថា អង្ករសមានសន្ទស្សន៍ glycemic ខ្ពស់ ប៉ុន្តែមិនមែនជា អាហារឥតប្រយោជន៍នោះទេ។ ការទទួលទានអង្ករក្នុងបរិមាណត្រឹមត្រូវនៅតែផ្តល់នូវកាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែចាំបាច់។ ការសិក្សាមួយនៅក្នុងទស្សនាវដ្តីសុខភាពសាធារណៈ Lancet ដែលបានតាមដានមនុស្សជាង ១៥,០០០នាក់ក្នុងរយៈពេល ២៥ ឆ្នាំបានបង្ហាញថានៅពេលដែលម្សៅមាន ៥០-៥៥% នៃថាមពលប្រចាំថ្ងៃ ហានិភ័យនៃការស្លាប់គឺទាបបំផុត។ ប្រសិនបើវាធ្លាក់ចុះក្រោម ៤០% អាយុកាលជាមធ្យមមាននិន្នាការខ្លីជាង។

ការ​មិន​ញ៉ាំ​បាយ​ក្នុង​រយៈពេល​យូរ​អាច​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​អវិជ្ជមាន​មួយ​ចំនួន៖

ខ្លាញ់រុំថ្លើម កង្វះអាហារូបត្ថម្ភ៖ មិនមានថាមពលគ្រប់គ្រាន់ពីអង្ករទេ រាងកាយត្រូវបង្ខំចិត្តយកប្រូតេអ៊ីន និងខ្លាញ់ដើម្បីរំលាយ។ ថាមពល​លើស​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ថ្លើម ដែល​ធ្វើ​ឲ្យថ្លើម​មាន​ខ្លាញ់​ជា​បណ្តើរៗ។ កង្វះវីតាមីន B ស័ង្កសី ម៉ាញេស្យូម បង្កើនហានិភ័យនៃភាពស្លេកស្លាំង ភាពស៊ាំចុះខ្សោយ។

កាត់បន្ថយការចងចាំ ពិបាកក្នុងការផ្តោតអារម្មណ៍៖ ខួរក្បាលត្រូវការថាមពលច្រើនជាង ៨០% ពីគ្លុយកូស។ ការមិនទទួលទានម្សៅ ខួរក្បាលដូចជាអស់ឧស្ម័ន ភ្លេចភ្លាំង ផ្តោតអារម្មណ៍មិនល្អ ឆ្លុះយឺត។

បាត់បង់សាច់ដុំ កាត់បន្ថយការរំលាយអាហារ៖ រាងកាយដុតប្រូតេអ៊ីនសម្រាប់ថាមពល ធ្វើឲ្យម៉ាសសាច់ដុំថយចុះ បន្ថយល្បឿនមេតាបូលីសមូលដ្ឋាន។ ជាលទ្ធផល អ្នកញ៉ាំតិច កាន់តែពិបាកសម្រកទម្ងន់ និងងាយស្រួលឡើងទម្ងន់ម្តងទៀត។

អស់កម្លាំង អារម្មណ៍មិនល្អ៖ កង្វះម្សៅកាត់បន្ថយសារធាតុ serotonin ដែលជាសារធាតុគ្រប់គ្រងអារម្មណ៍ និងការគេង – ធ្វើឲ្យអ្នកតមអាហារឆាប់ខឹង គេងមិនលក់ និងអស់កម្លាំងឥតឈប់ឈរ។

បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ អាយុសង្ឃឹមរស់ខ្លី៖ ការសិក្សាបង្ហាញថា ការទទួលទានម្សៅតិចពេក បង្កើនហានិភ័យនៃការស្លាប់មុនអាយុពី ១៨-២០% ថែមទាំងបង្កឱ្យមានជំងឺ endocrine កាត់បន្ថយដង់ស៊ីតេឆ្អឹង និងធ្វើឲ្យងាយកើតជំងឺរ៉ាំរ៉ៃ។

គួរឲ្យកត់សម្គាល់ មនុស្សជាច្រើនដែលញ៉ាំតែបន្លែនៅតែមានខ្លាញ់ក្បាលពោះ ឬខ្លាញ់រុំថ្លើមស្រាល ដោយសារតែរាងកាយធ្លាក់ក្នុងស្ថានភាពអត់ឃ្លានលាក់កំបាំង បង្ខំឱ្ឲ្យថ្លើមបង្កើនការសំយោគខ្លាញ់ដើម្បីការពារខ្លួន។

ផ្អែកតាមគោលការណ៍​៣​យ៉ាង ​នៃ​ការ​ញ៉ាំ​បាយ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ និង​រាង​ស្អាត​មានដូចជា៖

ការ​សម្រក​ទម្ងន់ គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​រស់​នៅ​យូរ​មិន​មែន​មាន​ន័យ​ថា​កាត់​ម្សៅ​ចេញ​ទាំង​ស្រុង​នោះ​ទេ។ អ្នកជំនាញណែនាំ៖

ទទួលទានឲ្យបានគ្រប់គ្រាន់ ចម្រុះ៖ ម្សៅ ២៥០-៣០០ក្រាម ក្នុងមួយថ្ងៃ ស្មើនឹងអង្ករ ១-១.៥ចាន/អាហារ។ អាច​កាត់​បន្ថយ​បាន​បន្តិច​បើ​លើស​ទម្ងន់ ប៉ុន្តែ​មិន​គួរ​កាត់​ចេញ​ទាំង​ស្រុង។

ផ្សំគ្រាប់ធញ្ញជាតិ និងមើម៖ អង្ករសំរូប ពោត ស្រូវសាលី សណ្តែក មើម ផ្សំជាមួយអង្ករស ដើម្បីជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ បន្ថែមវីតាមីន និងជាតិសរសៃ។

រៀបចំសុខភាព៖ ផ្តល់អាទិភាពដល់ចំហុយ ស្ងោរ បបរ។ កំណត់អាហារចៀន នំ។ ញ៉ាំបន្លែ និងស៊ុបមុនពេលញ៉ាំអាហារ ដើម្បីកាត់បន្ថយការស្រូបយកជាតិស្ករ ផ្សំជាមួយប្រូតេអ៊ីន ដើម្បីឲ្យឆ្អែតបានយូរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ការស្រាវជ្រាវមួយថា ស្រ្តីនិយមផឹកភេសជ្ជៈប្រចាំថ្ងៃ ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម