Connect with us

KPT+

កម្រងជីវិត៖ ស្ត្រីខ្មែរដំបូង បានអាហារូបករណ៍ហ្វូលប្រាយ សាកលវិទ្យាល័យល្បីសាកលលោក

បានផុស

នៅ

រយៈពេលជាង២ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ សាធារណជនជាតិ និងអន្តរជាតិ ពិតជាបានស្គាល់កិត្តិនាម ស្ត្រី ជាមន្ត្រីជាន់ខ្ពស់មួយរូប នៃក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាព និងការចុះបេសកកម្មដ៏សែនមមាញឹក គ្មានថ្ងៃសម្រាកសៅរ៍អាទិត្យ សូម្បីតែពេលយប់ក៏មិនបានសម្រាន្តឱ្យគ្រប់គ្រាន់នោះ គឺ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាងនេះទៅទៀត លោកស្រីវេជ្ជបណ្ឌិត ក៏មានតួនាទីជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ជា ប្រធានអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និង ទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ស្ត្រីខ្មែររាងតូច តែឆន្ទៈខ្ពស់ មានសមត្ថភាពធំទូលាយរូបនេះ មិនត្រឹមតែមានប្រវត្តិសិក្សាពូកែនៅក្នុងមាតុប្រទេសប៉ុណ្ណោះទេ ពោលគឺលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន គឺជា ស្ត្រីកម្ពុជាដំបូងគេ ទទួលបានអាហារូបករណ៍ហ្វូលប្រាយ ពីសាកលវិទ្យាល័យយែល (Yale University) ដែលជាសាកលវិទ្យាល័យល្បី និងពិបាកសិក្សានៅ សហរដ្ឋអាមេរិក ថែមទៀត។

ហេតុអ្វីលោកស្រីមានបំណង និងអាចសិក្សានៅសាកលវិទ្យាល័យដ៏លំបាកនោះ?

ស្ថិតនៅក្នុងការិយាល័យ គេហទំព័រសារព័ត៌មាន “កម្ពុជាថ្មី” លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ដោយសម្ដីទន់ភ្លន់ហ្មត់ចត់ រម្លឹកថា លោកស្រីបានធ្វើជា អ្នកស្ម័គ្រចិត្តនៅក្នុងកម្មវិធី ចាក់ថ្នាំបង្ការជំងឺដល់កុមារា-កុមារីកម្ពុជា តាំងពីនៅជាយុវវ័យដ៏ក្មេងខ្ចីនៅឡើយ។ លុះនៅចុងឆ្នាំ ១៩៨០ លោកស្រីបានទទួលសញ្ញាប័ត្រគិលានុបដ្ឋាកយិកា និងឆ្មបបឋម បំពេញ តួនាទីជាគិលានុបដ្ឋាយិកា និងឆ្មប។ ដោយការខិតខំឧស្សាហ៍ព្យាយាមរៀនសូត្រ លោកស្រី បានក្លាយជាវេជ្ជបណ្ឌិតនៅឆ្នាំ ១៩៨៨ ហើយត្រូវបានជ្រើសរើស ឱ្យទៅបម្រើការជាប្រធានផ្នែកជំងឺទូទៅ និងជំងឺកុមារ នៅមន្ទីរពេទ្យខេត្តសៀមរាប ដែលនៅពេលនោះ គឺជាតំបន់ជម្លោះ និងនៅបន្តមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ មិនសូវមានគ្រូពេទ្យណាចង់ទៅធ្វើការឡើយ។

បន្ទាប់ពីលោកស្រីរៀបអាពាហ៍ពិពាហ៍ លោកស្រី បានប្ដូរមកបម្រើការងារនៅភ្នំពេញវិញ ដោយទទួលបានការចាត់តាំងបំពេញតួនាទីទទួលការខុសត្រូវក្នុងការកែទម្រង់ប្រព័ន្ធព័ត៌មានសុខាភិបាល។ ពេលនោះជាពេលវេលាដ៏សែនលំបាកមែនទែន ដោយសារកម្ពុជាមិនសូវមានធនធានមនុស្ស រីឯធនធានសម្ភារៈបរិក្ខា និងថវិកាក៏ខ្វះខាត។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ប៉ុន្តែដើម្បីកែទម្រង់ប្រព័ន្ធមួយ គឺត្រូវការធនធានទាំងព្រមខាងលើ អ៊ីចឹងអ្វីដែលខ្ញុំធ្វើគឺចាប់ផ្តើមតែម្នាក់ឯង ដោយធ្វើការដោយមានការជួបជ្រោមជ្រែងពីដៃគូរបស់យើងមាន អង្គការសុខភាពពិភពលោក ក៏ដូចជាអង្គការយូនីសេហ្វ។ នៅពេលធ្វើកិច្ចការនោះ បានបណ្តុះគំនិតរបស់ខ្ញុំមួយទៀត ពីព្រោះ ការណ៍ដែលយើងទទួលខុសត្រូវនៅក្នុងការធ្វើកំណែទម្រង់នេះ ខ្ញុំធ្វើបានហើយ យើងមានផែនការ យើងមានអភិវឌ្ឍទម្រង់បែបបទផ្សេងៗ មានការបណ្ដុះបណ្ដាលមន្ត្រីរាជការសុខាភិបាលហើយ ក៏ប៉ុន្តែអ្វីដែលសំខាន់ទៀតនោះ ខ្ញុំតែងតែគិតថា នេះគឺជាកិច្ចការសុខភាពសាធារណៈ ពីព្រោះវាខុសពីអ្វីដែលយើងរៀនក្នុងការព្យាបាលជំងឺ”។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ការងារដែលលោកស្រីទទួលពេលនោះ ជាការងារពាក់ព័ន្ធទៅនឹងការគិតគូរអំពី ផែនការ កំណែទម្រង់ សុខភាពសាធារណៈ ហើយដោយសារកង្វះចំណេះដឹងទាំងនោះ ទើបបណ្ដុះគំនិត ​លោកស្រីចាំបាច់ត្រូវតែទៅបន្តការសិក្សាបន្ថែមទៀត ជាអនុបណ្ឌិតក្ដី ឬបណ្ឌិតក្ដី បន្ថែមលើអ្វីដែលលោកស្រីទទួលបានជាវេជ្ជបណ្ឌិតហើយ។

ចៃដន្យនៅពេលនោះ អាហារូបករណ៍ហ្វូលប្រាយ របស់សហរដ្ឋអាមេរិក បានប្រកាសផ្សាយជាលើកទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ១៩៩៣។ លោកស្រីបានសាកល្បងទៅធ្វើតេស្ត និងបានជាប់។ នៅពេលនោះ ក្នុងចំណោមមនុស្សជាច្រើន មានបេក្ខជនជាប់តិចណាស់ ប្រហែល ៦-៨ នាក់ ហើយ​​ នារីមានតែលោកស្រីម្នាក់គត់។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ខាងស្ថានទូតអាមេរិកបានចាត់ទុកខ្ញុំថា ជាស្ត្រីដំបូងរបស់កម្ពុជាដែលទទួលបាននូវអាហារូបករណ៍ហ្វូលប្រាយ របស់សហរដ្ឋអាមេរិក ដែលជាអាហារូបករណ៍ដ៏ល្បីល្បាញរបស់សាកលលោក ហើយគេយកខ្ញុំទៅដាក់នៅសាកលវិទ្យាល័យយែល (Yale University) ដែលជាសាកលវិទ្យាល័យល្បី។ ប៉ុន្តែនៅពេលនោះខ្ញុំអត់អត់ដឹងទេ ពីព្រោះយើងចេញពីរបប ប៉ុល ពត យើងអត់មានព័ត៌មានអ្វីទាំងអស់”។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចងចាំនៅពេលនោះ បុរសមន្ត្រីទទួលខុសត្រូវខាងការផ្ដល់អាហារូបករណ៍ បានប្រាប់លោកស្រីថា៖ “អ្នកឯងត្រូវបានជ្រើសរើសឱ្យទទួលនូវអាហារូបករណ៍ហ្វូលប្រាយនេះហើយស្ថានទូតនឹងរកសាកលវិទ្យាល័យដែលល្បី ដែលល្អខាងផ្នែកសុខភាពសាធារណៈសម្រាប់អ្នក។ ប៉ុន្តែអ្វីដែលសំខាន់ គឺអ្នកខ្លួនឯងផ្ទាល់ត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីទទួលយកសញ្ញាបត្រពីសាកលវិទ្យាល័យនោះ ពីព្រោះសកលវិទ្យាល័យនេះជាសកលវិទ្យាល័យដែលពិបាករៀនជាទីបំផុត”។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “នៅពេលនោះ ខ្ញុំមិនបានដឹងទេថា តើការសិក្សាទីនោះមានទំហំនៃការលំបាកយ៉ាងម៉េច ព្រោះអត់ដែលទៅ អត់ដែលដឹង ឬក៏អត់ដែលឮ តែអ្វីដែលជាការសំខាន់គឺ “ការប្ដេជ្ញាចិត្ត” អ្វីដែលយើងចង់បាន យើងចង់ធ្វើ គឺត្រូវដាក់ចិត្តថា ត្រូវតែធ្វើឱ្យបាន។ ដូច្នេះបានជាខ្ញុំសម្រេចទទួលយកនូវអាហារូបករណ៍នេះ ព្រោះពេលហ្នឹង បើយើងមិនទទួលយកក៏បាន គេអត់មានបង្ខំយើងទេ”។

​លោកស្រីបានទៅសិក្សានៅសហរដ្ឋអាមេរិក រយៈពេលពីរឆ្នាំ នៅឆ្នាំ១៩៩៤-១៩៩៦ ផ្នែកសុខភាពសាធារណៈ ប្រឡងជាប់ដោយការសរសេរនិក្ខេបបទ និងទទួលបានលទ្ធផលល្អប្រសេីរ។ ក្រោយបញ្ចប់ការសិក្សា ទោះជាមានការផ្តល់លទ្ធភាពឱ្យបន្តការសិក្សាបន្ថែមទៀតក្តី ប៉ុន្តែដោយសារ ទឹកចិត្តចង់ចូលរួមជួយបម្រើប្រទេសជាតិរបស់ខ្លួន និងដកស្រង់បទពិសោធន៍ការងារផង លោកស្រីក៏វិលត្រឡប់មកកម្ពុជាវិញ បន្តបម្រេីការងាររហូតដល់ពេលបច្ចុប្បន្ននេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “អ៊ីចឹងហើយ ខ្ញុំក៏សម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញដើម្បីបន្តការងារនៅក្នុងក្រសួងសុខាភិបាល ហើយនៅពេលនោះ ចំពេលដែលក្រសួងសុខាភិបាលបានទទួលនូវថវិកាដែលជាជំនួយ និងប្រាក់កម្ចីដំបូងបំផុត ចូលក្នុងវិស័យសុខាភិបាល ពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង​ការអភិវឌ្ឍឡើងវិញ។ ក្នុងនោះមានការសាងសង់ ឬការជួសជុលនូវមន្ទីរពេទ្យ ក៏ដូចជាមណ្ឌលសុខភាព បូកជាមួយនឹងការបំពាក់នូវគ្រឿងសម្ភារៈបរិក្ខារសំខាន់ៗសម្រាប់ដំណើរការ គួបផ្សំជាមួយនឹងគម្រោងមួយទៀតគឺ ដំណើរការនូវសេវាសុខាភិបាលជាមូលដ្ឋាន។ ខ្ញុំក៏ទទួលបាននូវទំនុកចិត្តឱ្យបំពេញតួនាទីជា ប្រធានគ្រប់គ្រងនៅគម្រោងពីរដ៏សំខាន់នេះ”។

ទន្ទឹមពេលនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏ទទួលបានការចាត់តាំងឱ្យជួយចាត់ចែងរៀបចំការបង្កើតនូវនាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង ​ពីព្រោះលោកស្រីបានសិក្សានៅសាកលវិទ្យាល័យយែល ផ្នែកសុខភាពសាធារណៈ ផ្ដោតទៅលើការគ្រប់គ្រងសុខភាពសាធារណៈផ្នែកអន្តរជាតិផងដែរ ព្រមទាំងទទួលបាននូវការចាត់តាំង ឱ្យធ្វើជានាយខុទ្ទកាល័យរបស់ក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “នៅពេលវិលត្រឡប់មកកម្ពុជាវិញនោះ គឺមានការងារធ្វើច្រើនមែនទែន។ អ៊ីចឹងនៅពេលដែលខ្ញុំធ្វើការងារ ខ្ញុំពេញចិត្តណាស់ ពីព្រោះខ្ញុំបានអនុវត្តនូវចំណេះដឹង និងចំណេះធ្វើដែលបង្កើននូវបទពិសោធន៍”។

បន្ទាប់ពីគម្រោងទាំងពីរនេះបន្តដំណើរទៅមានការអភិវឌ្ឍបានល្អប្រសើរហើយ នៅឆ្នាំ២០០០ លោកស្រីវេជ្ជបណ្ឌិត បានស្ម័គ្រចិត្តទៅបម្រើការនៅអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានទីតាំងនៅ ទីក្រុងម៉ានីឡា នៃប្រទេសហ្វីលីពិន ធ្វើការជាបុគ្គលិកអន្តរជាតិ ជិត១ឆ្នាំ ដើម្បីដកស្រង់បទពិសោធន៍ដែលត្រូវធ្វើការជាមួយដៃគូអន្តរជាតិ និងបញ្ចៀសការទិតៀន កម្ពុជា ជា ការិយាល័យអនាធិបតេយ្យ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម