ព័ត៌មានជាតិ
លោក កុយ គួង ទូតថ្មីកម្ពុជានៅអាមេរិក ក្នុងរដ្ឋបាលលោក ត្រាំ ជានរណា?
នៅខែមករា ឆ្នាំ២០២៥ខាងមុខ សហរដ្ឋអាមេរិកនឹងផ្លាស់ប្ដូរប្រធានាធិបតីថ្មីជាផ្លូវការ ពោលគឺលោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក ជំនួសប្រធានាធិបតី ចូ បៃដិន។ ស្របពេលអាមេរិក នឹងដឹកនាំដោយរដ្ឋបាលថ្មីរបស់លោក ត្រាំ កម្ពុជា ក៏បានត្រៀមផ្លាស់ប្ដូរតំណាងរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកដែរ។

ស្ថិតក្នុងតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា លោក កុយ គួង ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរាជថ្មីរបស់កម្ពុជាប្រចាំសហរដ្ឋអាមេរិក។ តើលោក កុយ គួង មានបទពិសោធយ៉ាងណាលើកិច្ចការទូត ទើបត្រូវបានប្រមុខដឹកនាំជ្រើសឱ្យធ្វើជាតំណាងកម្ពុជាប្រចាំនៅប្រទេសកំពូលមហាអំណាចមួយនេះ?
លោក កុយ គួង គឺជាមន្ត្រីការទូតជាន់ខ្ពស់របស់កម្ពុជា ដែលបាននិងកំពុងបំពេញកិច្ចការក្នុងវិស័យការទូត និងសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្មប្រកបដោយភាពប៉ិនប្រសប់ បទពិសោធ និងចំណេះដឹង ពិសេសលោក បានបំពេញតួនាទីជាឯកអគ្គរាជទូតតំណាងឱ្យកម្ពុជានៅប្រទេសជាមិត្តជាច្រើន ទាំងប្រទេសតូចប្រទេសធំ ព្រមទាំងប្រទេសមហាអំណាច។

មុនទទួលបានការចាត់តាំងឱ្យទៅបំពេញបេសកកម្មនៅមហាអំណាចសហរដ្ឋអាមេរិក លោក កុយ គួង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ ដែលមាននិវេសដ្ឋាននៅទីក្រុងញូដេលី។ បំពេញការងារការទូតរយៈពេលជាង១ឆ្នាំកន្លះ នៅឥណ្ឌា លោក កុយ គួង សម្រេចបានលទ្ធផលការងារក្នុងអំឡុងពេលបេសកកម្មការទូតជាច្រើន ជាអាទិ៍ រួមចំណែកឱ្យមានព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា នៅប្រទេសឥណ្ឌា ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា រៀបចំឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤ និងបានផ្តល់ដំណោះស្រាយជូនពលរដ្ឋខ្មែរ ដែលមកទទួលសេវាសុខាភិបាល ហើយរងគ្រោះពីភាពមិនប្រក្រតីនៅប្រទេសឥណ្ឌា បានវិលត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព។

ឯកអគ្គរាជទូត កុយ គួង ក៏បានបង្កើតស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស្រីលង្កា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា និងស្រីលង្កា និងផ្តល់សេវាកុងស៊ុលចាំបាច់ដល់ពលរដ្ឋខ្នែរ ដែលមានវត្តមានក្នុងប្រទេសនេះ ហើយលោក ក៏ជាឯកអគ្គរាជទូតកម្ពុជាទីមួយ ប្រចាំប្រទេសម៉ាល់ឌីវ។
មិនត្រឹមជាឯកអគ្គរាជទូតឥណ្ឌា លោក កុយ គួង ក៏ធ្លាប់ទៅបំពេញបេសកកម្មជាឯកអគ្គរាជទូតនៅប្រទេសអូស្ត្រាលី និងតំណែងជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស តាំងពីអាណត្តិអតីតប្រមុខការបរទេស លោក ហោ ណាំហុង និងលោក ប្រាក់ សុខុន។

មែនទែនទៅ មុនឈានជើងចូលវិស័យការបរទេស លោក កុយ គួង បានផ្ដើមបម្រើការដំបូងជាមន្ត្រីរាជការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែបានប្រមាណជិត១ឆ្នាំប៉ុណ្ណោះ លោកបានផ្លាស់ទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាវិញ ដែលក្នុងនោះ លោកត្រូវបានតែងតាំងជាប្រធានការិយាល័យច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ចំពោះកម្រិតវប្បធម៌ លោក កុយ គួង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិអូស្រ្តាលី ផ្នែករដ្ឋបាលអភិវឌ្ឍន៍ និងជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រៅពីភាសាខ្មែរ ដែលជាភាសាកំណើត លោក កុយ គួង ចេះភាសាអង់គ្លេស និងបារាំង៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


