Connect with us

KPT+

យុវជនម្នាក់ ចែករំលែកគន្លឹះសំខាន់ៗ ៨ចំណុច ដើម្បីឲ្យរបរចិញ្ចឹមសត្វមាន់ ទទួលបានលទ្ធផលល្អ

បានផុស

នៅ

បច្ចុប្បន្នការចិញ្ចឹមមាន់នៅកម្ពុជា មិនទាន់ត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយធំ និងដែលអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់នៅឡើយ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វែង សាខុន ក៏ទទួលស្គាល់ដែរថា ទាំងមន្ត្រី និស្សិត ក៏ដូចជាកសិករកម្ពុជាផ្ទាល់ នៅមានចំណុចខ្វះខាតលើការងារបច្ចេក​ទេស ការអនុវត្តជាក់ស្ដែង និងការងារស្រាវជ្រាវជាច្រើន នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មសត្វនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញបញ្ហានេះ យុវជនម្នាក់ដែលជោគជ័យក្នុងការចិញ្ចឹមមាន់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លោក ស៊ីម ពិសិដ្ឋ បានចែករំលែកគន្លឹះសំខាន់ៗ ដើម្បីឲ្យរបរនៃការចិញ្ចឹមសត្វមាន់ប្រព្រឹត្តទៅដោយរលូន កាត់បន្ថយភាពក្រីក្រ និងទទួលបានលទ្ធផលគួរជាទីមោទនៈ គឺកសិករចាំបាច់ត្រូវយល់ដឹងនូវបច្ចេកទេស ជាមូលដ្ឋានចំនួន ៨ដែលមានដូចជា៖

១. ការធ្វើទ្រុងៈ ហាមធ្វើដាច់ខាតនៅទីតាំងដែលមានការលិចទឹក។ ទ្រុងនេះទៀតសោតគួរធ្វើទៅតាមស្ថានភាពជាក់ស្ដែង ដោយប្រើឈើ ដែក ឬថ្ម ហើយចំណុចនេះដែរ ត្រូវបែងចែកឲ្យច្បាស់ថាតើផ្នែកណាសម្រាប់កូនមាន់ មាន់សាច់ និងមាន់មេបា។ ក្នុងនោះប្រវែង ឬទំហំមួយម៉ែត្រការ៉េ សម្រាប់កូនមាន់អាចដាក់ពី ៦០ទៅ ៧០កូន។ រីឯមាន់សាច់វិញមួយម៉ែត្រការ៉េ អាចដាក់ត្រឹមពី ១០ ទៅ ១៥ក្បាលប៉ុណ្ណោះ​។ ក្រៅពីនេះការធ្វើទ្រុងមាន់ ត្រូវសិក្សាមើលអំពីចរន្តខ្យល់ និងកម្ដៅ ពោលគឺត្រូវធ្វើទ្រុងយ៉ាងណាដើម្បីអាចទប់ស្កាត់ ឬកាត់បន្ថយបញ្ហាការបម្រែបម្រួលអាកាសធាតុ ដែលមានលក្ខណៈក្ដៅពេក ឬត្រជាក់ពេក។

២. ការជ្រើសរើសពូជៈ ការរើសពូជមិនបានល្អ អាចធ្វើឲ្យមាន់លូតលាស់មិនបានល្អ និងមានជំងឺ ឬឆាប់ឆ្លងជំងឺ ហើយអ្វីដែលសំខាន់បំផុតនោះ គឺមិនបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដូចនេះពូជមាន់ដែលល្អ គឺពូជមាន់ស្គួយ មាន់ត្រសក់ និងមានសំពៅនេះឯង។

៣. កត្តាទឹក និងចំណីៈ ត្រូវចាប់ផ្ដើមអនុវត្តនូវអាហារ ៤ក្រុមដែលជួយដល់ការលូតលាស់របស់

មាន់ដែលមានដូចជា ក្រុមប្រូតេអ៊ីន( សណ្ដែកសៀង ត្រី ជន្លេន កណ្ដៀរ ដង្កូវ BSF) ក្រុមសារធាតុរ៉ែ (ដី អំបិល សំបកបង្គារ សំបកងៀវ ខ្យងខ្ចៅបុកឲ្យម៉ត់លាយជាមួយចំណី)  ក្រុមអាហារវីតាមីន (ពពួករុក្ខជាតិពណ៌បៃតង) និងក្រុមអាហារថាមពល (ដើមចេក អង្ករ បាយ កន្ទក់ ឬស្រូវ..) ដោយដាក់ទៅតាមចំនួនមាន់ និងស្ថានភាពជាក់ស្ដែងរបស់កសិកររៀងៗខ្លួន។

៤. កត្តាអនាម័យៈ ជាទូទៅរៀងរាល់មួយសប្ដាហ៍ ត្រូវធ្វើការបោសសម្អាតពី ៤ទៅ ៥ដង ឬពេញមួយសប្ដាហ៏ ដោយមិនត្រូវទុកឲ្យមានក្លិន ឬមានភាពកខ្វក់នៅក្រោម ឬក្នុងទ្រុង។ ការដែលមាន់ផឹកទឹក ឬស៊ីចំណីនៅក្នុងទ្រុងដែលមានភក់ជ្រាំ ឬសើមជាប្រចាំ នោះនឹងធ្វើឲ្យមាន់មានសុខភាពមិនល្អ ឆ្លងជំងឺនិងឈានទៅដល់ការងាប់តែម្ដង។ ជាងនេះទៀតត្រូវប្រើថ្នាំ TH4 ដើម្បីសម្លាប់មេរោគនៅក្នុងកសិដ្ឋានទាំងមូល ពិសេសនៅក្រោម ឬក្នុងទ្រុង។ ក្នុងករណីខ្លះ ក៏អាចប្រើកំបោរសំលាប់បាក់តេរី ដោយបាញ់ឲ្យសព្វ និងបាចទៅលើដីឬបរិវេនរបស់កសិដ្ឋាន ហើយត្រូវប្រយ័ត្នថា រាល់ការបាចឬបាញ់កំបោរមិនត្រូវឲ្យមាន់ប៉ះ និងចឹកស៊ីនោះឡើយ ខណៈរយៈពេលនៃការបាញ់ ឬបាចលើកទីពីរគឺត្រូវធ្វើនៅអំឡុង ១៤ថ្ងៃក្រោយ។

៥. កត្តាជំងឺៈ កសិករត្រូវរៀនស្វែងយល់អំពីមូលហេតុដែលធ្វើឲ្យមាន់ឈឺ ដូចនេះដើម្បីស្វែងយល់ពីបញ្ហានេះបាន យើងគប្បីត្រូវមានមូលដ្ឋាននៅក្នុងការធ្វើរោគវិនិច្ឆ័យនូវជំងឺនីមួយៗ ដើម្បីជៀសវាងការទិញថ្នាំយកមកព្យាបាលខុស នាំឲ្យមានការខាតបង់ថវិកា។ ជំងឺដែលតែងតែកើតមានទៅលើមាន់របស់ប្រជាកសិករមានដូចជា ជំងឺញូកាស ឬដង្កោមាន់ដែលបង្កឡើងដោយវីរុស ទីពីរគឺជំងឺ ហ្គុំបូរូ ឬរលាកសួតមាន់ ដែលបង្កឡើងដោយបាក់តេរី ។ទីបី គឺជំងឺអាសន្នរោគ ជាជំងឺមួយដែលនាំឲ្យមាន់ឆាប់ងាប់ និងមានលក្ខណៈស្វាយមុខ និងបង្កឡើងដោយបាកតេរី ចំណែកទី៤ គឺជំងឺកូរីហ្សា( ហៀសំបោ ខ្ទុះក្នុងភ្នែក.ល.) បង្កឡើងដោយបាក់តេរីដែរ។ ដោយឡែកជំងឺ CRD ជាប្រផេទជំងឺមួយដែលធ្វើឲ្យមាន់របស់កសិករពិបាកដកដង្ហើម និងមានលឺសូរសម្លរនៅពេលដកដង្ហើម។ កត្តាដែលនាំឲ្យលេចចេញនូវជំងឺទាំងនេះគឺបណ្ដាលមកពីអ្នកចិញ្ចឹមទាំងឡាយមិនបានធ្វើ ឬត្រៀមវ៉ា់ក់សាំង​ ទីពីរគឺការមិនមានផែនការក្នុងការសម្អាតទីកន្លែងទៀងទាត់ ចំណែកទីបីមិនបានធ្វើការសំលាប់មេរោគនៅកន្លែងចិញ្ចឹម និងទីបួនគឺការបណ្ដោយឲ្យកសិដ្ឋានក្លាយជាកន្លែងដែលអាចចេញចូលបានដោយសេរី ដែលវាជាមូលហេតុនៅក្នុងការចម្លងជំងឺ។

៦. កត្តាថ្នាំៈ ត្រូវទៅទិញថ្នាំព្យាបាលនៅទីតាំងណាដែលមានការទទួលស្គាល់ច្បាស់លាស់ ដោយជៀសវាងទិញតាមទម្លាប់ ឬទិញតាមគ្នា។ត្រូវទិញថ្នាំនៅដេប៉ូណា ដែលមានម្ចាស់ជាបសុពេទ្យ ឬជាអ្នកជំនាញក្នុងការចិញ្ចឹមមាន់ និងដែលមានជំនាញក្នុងការណែនាំយើងឲ្យចេះប្រើប្រាស់ថ្នាំសមស្របជាមួយនឹងជំងឺដែលកំពុងកើតមាននៅក្នុងកសិកដ្ឋានរបស់យើង។

៧. ការប្រើប្រាស់វ៉ាក់សាំងៈ វ៉ាក់សាំងមិនមែកជាថ្នាំព្យាបាលជំងឺមានទេ តែជាមេរោគម្យ៉ាងដែលធ្វើឲ្យសត្វមានភាពស៊ាំជាមួយនឹងជំងឺណាមួយ។ វ៉ាក់សាំងនេះដែរ គួរចាក់ឲ្យមាន់ដែលមានអាយុ៣ទៅ៤សប្ដាហ៏ដើម្បីបង្កើនភាពស៊ាំរបស់មាន់ និងងាយស្រួលព្យាបាល។

៨. ការបត់បែនៈ កសិករត្រូវចេះបត់បែនក្នុងការចិញ្ចឹមមាន់ ការរៀបចំទីតាំង ទ្រុង សីតុណ្ហភាព ចំណី ការប្រើប្រាស់ថ្នាំ និងវ៉ាក់សាំង ត្រូវមានភាពសមស្របទៅតាមកាលៈទេសៈជាក់ស្ដែង។ ឧទាហរណ៏ នៅចំពេលដែលមានភ្លៀងធ្លាក់ជោគជាំ ការផ្ដល់កម្ដៅសម្រាប់កូនមាន់ត្រូវតែមានភាពបត់បែន ឬថែមថយ ដោយមិនអាចយកអ្វីដែលជារូបមន្តមកប្រើបានទេ។ ក្រៅពីនេះការច្នៃប្រឌិតថ្មីៗក៏ជួយឲ្យការចិញ្ចឹមមាន់ទទួលបានជោគជ័យផងដែរ។

សរុមមកវិញ ដើម្បីឲ្យការចិញ្ចឹមមាន់មានប្រសិទ្ធភាព និងទទួលបានផលល្អ កសិករត្រូវមានភាពហ្មត់ចត់នៅក្នុងការ សម្អាតទីកន្លែង ឬបរិវេនកសិដ្ឋាន មិនត្រូវឲ្យដីមានសភាពសើមរាវទៅជាភក់ជ្រាំ ត្រូវឧស្សាហ៍ប្ដូរស្នូកទឹកដែលមានរយៈពេលយូរថ្ងៃ និងចុងក្រោយគឺទាក់ទងនឹងការប្រើប្រាស់ថ្នាំ ដែលមិនមានការណែនាំ និងគ្មានបច្ចេកទេសច្បាស់លាស់៕

អត្ថបទ៖ លន់ សេនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម