KPT+
អ្នកបញ្ចេញមតិអសុរោះ ជាមនុស្សមិនល្អ ឬមានចេតនាអាក្រក់ មែនទេ?
មនុស្សមានសិទ្ធិ ការជ្រើសរើស និងការយល់ឃើញផ្សេងគ្នា ឯការបញ្ចេញមតិយោបល់ក៏កើតមានគ្រប់ទីកន្លែង ទាំងការឆ្លើយឆ្លងផ្ទាល់ ទាំងប្រយោល ទាំងពេលនៅចំពោះមុខ ឬការបង្ហោះលើបណ្ដាញសង្គមជាដើម។ ជាមួយគ្នានេះ គេសង្កេតឃើញថា មានបុគ្គលមួយចំនួន នៅពេលបញ្ចេញមតិ ទោះរឿងបុគ្គល រឿងគ្រួសារ រឿងការងារ រឿងសង្គមសាធារណៈក្ដី ច្រើនតែប្រើប្រយោគចាក់ដោត ឬគ្រោតគ្រាត អសុរោះជាដើម។ តើអ្នកបញ្ចេញមតិអសុរោះ ជាមនុស្សមិនល្អ ឬមានចេតនាអាក្រក់ មែនទេ?

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថាយើងពិបាកឆ្លើយភ្លាមៗ ព្រោះមនុស្សខ្លះសម្ដីអាក្រក់ មាត់ប៉ប៉ាច់ប៉ប៉ោច តែក្នុងចិត្តល្អ។ ប៉ុន្តែជាទូទៅមនុស្សចង់ឱ្យ បើគាត់ចិត្តល្អហើយ ឱ្យសម្ដីល្អទៀត។

បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍បន្តថា៖ “សម្រាប់ខ្ញុំ មិនអាចសន្និដ្ឋានភ្លាមៗបានថា គ្រាន់តែឃើញគាត់សម្ដីអាក្រក់ ឬគាត់ចូលចិត្តប្រើពាក្យគ្រោតគ្រាត អាចសន្និដ្ឋានបានភ្លាមៗថា គាត់ជាមនុស្សអាក្រក់ដែរ ក៏ពិបាកថាដែរ។ ខ្ញុំសូមបន្ថែមថា ហេតុអ្វីគាត់ចូលចិត្ត ឬតែងលើកយោបល់ ឬរិះគន់ផ្សេងៗក្នុងន័យថា ស្ដាប់ទៅគឺអវិជ្ជមាន? មនុស្សខ្លះមិនមែនអាក្រក់ពីធម្មជាតិមកទេ ប៉ុន្តែគាត់ខ្វះការពិចារណា នាំឱ្យគាត់យល់ច្រឡំ យល់ខុស ក៏ទៅជាខ្វះការអត់ធ្មត់ ជាមនុស្សឆេវឆាវ ឱ្យតែឃើញអី ក៏យល់ជាអវិជ្ជមាន ហើយសម្ដែងមតិ និយាយអាក្រក់តែម្ដង”។
បណ្ឌិត ឈត ប៊ុនថង លើកឡើងបន្តថា មនុស្សខ្លះ មានការគិតបែបអវិជ្ជមាន ឱ្យតែគិតអវិជ្ជមានហើយ គ្មានឃើញអ្វីដែលល្អទេ ក្នុងបណ្ដាញសង្គមក្ដី ក្នុងជីវិតជាក់ស្ដែងក៏ដោយ។ មូលហេតុមួយទៀត អាចគាត់ស្ដាប់ មើលតែរឿងអវិជ្ជមាន។

បណ្ឌិត ឈត ប៊ុនថង បញ្ជាក់ថា៖ “ក្នុងបណ្ដាញសង្គមនេះ តែយើងចុចមើលអី គឺបង្ហាញតែបែបហ្នឹង។ ឧទាហរណ៍បើយើងចុចមើលទិញផ្ទះ នោះព័ត៌មានពីការលក់ផ្ទះចេញរហូតមកហ្មង បើមើលរឿងជេររដ្ឋាភិបាល ឬរឿងគេឈ្លោះគ្នា គឺនឹងបណ្ដាញសង្គមនឹងលោតរឿងបែបនោះមកតែម្ដង។ ប្រព័ន្ធ AI ក្នុង Facebook YouTube អីហ្នឹងឆ្លាតណាស់ បើយើងចូលចិត្តចុចមើលអី ប្រភេទនោះនឹងលោតបង្ហាញយើងឃើញបន្តរហូត។ ដល់តែមនុស្សស្ដាប់ មើលរឿងបែបហ្នឹងយូរៗទៅ នាំឱ្យខួរក្បាលគាត់ពោរពេញតែភាពអវិជ្ជមាន ឬពាក្យគ្រោតគ្រាត ជេរប្រទេច…”។
បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍បន្ថែមថា មានមនុស្សខ្លះទៀត អាចជាមនុស្សអាត្មានិយម ជាមនុស្សគិតថា ក្រៅពីខ្លួនឯងអត់មានអ្នកល្អជាងខ្លួន ដូចនេះទោះអ្នកណានិយាយ ឬបង្ហាញអ្វីក៏ដោយ គឺគាត់អត់មានកាសរសើរទេ ឬគិតថា អ្នកផ្សេងខុសទាំងអស់។ ឯអ្នកខ្លះទៀត ដោយសារនៅក្នុងសង្គម គាត់រងគ្រោះ ឬទទួលសម្ពាធពីបុគ្គលជាអាជ្ញាធរ ឬបុគ្គលអ្នកមានទ្រព្យសម្បត្តិជាដើម។

បណ្ឌិត ឈត ប៊ុនថង បញ្ជាក់ថា៖ “បើទោះរដ្ឋាភិបាលដកដំណែង ដាក់ពិន័យបុគ្គលធ្វើខុសនោះជាបន្តបន្ទាប់ក៏ដោយ ដល់តែគាត់ធ្លាប់រងសម្ពាធ ទទួលភាពមិនល្អហ្នឹងទៅ ធ្វើឱ្យគាត់មានគំនិតទុទ្ទិតិនិយម ឬបាត់បង់ជំនឿង ហើយគិតថា មន្ត្រីរាជការរដ្ឋាភិបាលសុទ្ធតែអាក្រក់ទាំងអស់ អ្នកមានសុទ្ធតែអាក្រក់ទាំងអស់ អ្នកចែករំលែកបង្ហាញតាមបណ្ដាញសង្គម ឬវាគ្មិនបកស្រាយនានានោះសុទ្ធតែអាក្រក់ទាំងអស់ ដែលស្រួលមិនស្រួល ពួកគាត់ចូលមក Comment បញ្ចេញមតិជេរទៀត”។
បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍បន្តថា រឿងមួយទៀតដែលមិនអាចបដិសេធបាន គឺរឿងនយោបាយ។ អ្នកខ្លះមានគំនិត ឬយោបល់ក្នុងបណ្ដាញសង្គមដើម្បីបម្រើឆន្ទៈនយោបាយ ជានយោបាយមួយដែលថា បក្សផ្សេងៗមិនល្អដូចបក្សខ្លួនទេ គាត់គិតថា អ្នកចេញពីបក្សដទៃ ទោះអ្នកណា អ្នកជំនួញ ជាមន្ត្រីរាជការ ជាប៉ូលិសចរាចរណ៍…ក៏ដោយ គេត្រូវតែរិះគន់ ត្រូវតែបង្អាប់ ត្រូវតែវាយប្រហារ។ បណ្ឌិត បញ្ជាក់ថា ដូចនេះ បើសួរថា អ្នកដែលចូលចិត្តបញ្ចេញមតិអសុរោះ អវិជ្ជមាន ជាមនុស្សអាក្រក់ ឬយ៉ាងណានោះ គឺអាចមានអាក្រក់ខ្លះ មានមិនអាក្រក់ខ្លះ។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធានាការពារយ៉ាងច្បាស់ដល់សិទ្ធិសេរីភាព នៃការសម្ដែងមតិសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយចែងថា៖ “ប្រជាពលរដ្ឋខ្មែរមាន សេរីភាព ខាងការបញ្ចេញ មតិរបស់ខ្លួន សេរីភាពខាង សារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាព ខាងការជួបប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យ ប៉ះពាល់ដល់សិទ្ធិរបស់អ្នក ដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈនិងដល់សន្តិសុខជាតិឡើយ។”៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


