Connect with us

ព័ត៌មានជាតិ

តម្លៃជ័រកៅស៊ូ​​ធ្លាក់ចុះ ឈ្មួញអះអាងថា ដោយសារ​ជ័រចូលទឹកភ្លៀងខ្លាំងពេក

បានផុស

នៅ

អ្នកស្រី យន់ ស្រីមុំ ជាពលរដ្ឋរស់នៅស្រុកស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា តម្លៃជ័រកៅស៊ូលក្ខណៈគ្រួសារបាន​ធ្លាក់ចុះ ដោយ​សារជ័រចូលទឹកភ្លៀងខ្លាំងពេក ធ្វើឱ្យជ័រអន់ តម្លៃនៅសល់ត្រឹមតែ ២៣០០ រៀល ទៅ ២៥០០ រៀល ក្នុង ១ គីឡូក្រាម។ រីឯជ័រកៅស៊ូល្អទិញក្នុងតម្លៃ ៣០០០ រៀល ទៅ ៣៥០០រៀល ក្នុង១គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី យន់ ស្រីមុំ ​ដែល​បានប្រកបមុខរបរដាំដំណាំកៅស៊ូ និងប្រមូលទិញជ័រកៅស៊ូជាលក្ខណៈគ្រួសារ​រយៈពេលជាង ១៨ ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅក្នុង១ថ្ងៃ អាចប្រមូលទិញជ័រកៅស៊ូបានចន្លោះ​ពី ៥០តោន ទៅ ៧០តោន ដោយយកទៅលក់នៅខាងក្រែក ស្ថិតក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ។ ប៉ុន្តែនៅក្នុងមួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃទីផ្សារមានការចុះថ្លៃ នៅសល់ត្រឹមតែប្រមាណជាង ២០០០ រៀលប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម បើប្រៀបធៀបកាលពីចាប់ផ្តើមប្រមូល​ផល​នាដើមរដូវនោះ តម្លៃប្រមាណជាង ៣០០០រៀល ក្នុង១គីឡូក្រាម។

ជ័រកៅស៊ូដែលអ្នកស្រីប្រមូលទិញបានសព្វថ្ងៃនេះ ជាប្រភេទជ័របង្កកហើយត្រូវយកទៅកែច្នៃឱ្យចេញជាផលិតផលសម្រេចជាប្រភេទជ័រក្រែប ដោយអាចលក់បានក្នុងតម្លៃប្រមាណជា ១៥០០ ដុល្លា ក្នុង​ ១ តោន ទៅតាមទីផ្សារជ័រលេខ១ និងលេខ២។

អ្នកស្រី យន់ ស្រីមុំ បានសំណូមពរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យជួយរកទីផ្សារឱ្យប្រជាពលរដ្ឋផង ឱ្យមានតម្លៃទីផ្សារសមរម្យ កាលណាមានទីផ្សារមានសមរម្យហើយ ប្រជាពលរដ្ឋ​ក៏មានកម្លាំងចិត្តខិតខំដាំដុះ ព្រោះដំណាំកៅស៊ូនេះ ទម្រាំតែដាំដុះបានផលគឺត្រូវចំណាយពេលវេលាយូរឆ្នាំ ដល់ពេលបានប្រមូលផល បែរជាតម្លៃធ្លាក់ថ្លៃ ចុះ​ថោក​ក៏​ពិបាក។ ណាមួយខែនេះ ជារដូវភ្លៀងធ្លាក់ ការជៀរជ័រក៏មិនសូវបានទៀងទាត់ ហើយតម្លៃធ្លាក់ថោកទៀត។

អ្នកស្រី បានបញ្ជាក់ថា ជ័រកៅស៊ូ ដែលអ្នកស្រីប្រមូលទិញសព្វថ្ងៃនេះ គឺជាកៅស៊ូ ដែលប្រជាពលរដ្ឋ ដាំដុះជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម