Connect with us

ព័ត៌មានជាតិ

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត តែបរិមាណទឹកភ្លៀងមានត្រឹម១៥ទៅ២០%ប៉ុណ្ណោះ

បានផុស

នៅ

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា នឹងរងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី២៣ ឈ្មោះ ណាគ្រី (Nakri) T2523 តែបរិមាណទឹកភ្លៀងនៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេសមានត្រឹម១៥ ទៅ២០%ប៉ុណ្ណោះ។

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ តុលានេះ ព្យុះទី២៣ ឈ្មោះ ណាគ្រី (Nakri) បានកើតឡើងដោយសារការវិវដ្ដពីសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង ដែលមានទីតាំងនៅ មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ខណៈព្យុះទី២២ ឈ្មោះ ហាលុង មានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា តែគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

តាមការប្រកាសដដែល ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប់ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម