Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្តៅចុះរៀបចំសណ្ដាប់ធ្នាប់ រុះរើកាត់សំយាប នៅកំណាត់ផ្លូវលេខ ២១៨ ផ្សារយូណាយ

បានផុស

នៅ

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ប្រើ​វិធានការ​ក្តៅ ចុះ​រុះរើ​កាត់​សំយាប​ដែល​អាជីវករ​សាងសង់​លក់ដូរ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​តាម​ដង​ផ្លូវ​លេខ ២១៨ ផ្សារ​យូ​ណាយ នៅ​សង្កាត់​ទឹកល្អក់​ទី ០៣ តែងតែ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​កាត់​សំយាប​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ០៩ ​ខែតុលា ឆ្នាំ ២០២៥ នេះ ដែល​ដឹកនាំ​ដោយ​លោក ស៊ឹម សុផង់ អភិបាល​រង​ខណ្ឌ​ទួលគោក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខណ្ឌ​ទួលគោក។

លោក ស៊ឹម សុផង់ បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​ណែនាំ​ពី​លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជា ពិសី អភិបាល​ខណ្ឌ​ទួលគោក លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​ជាប្រចាំ ដើម្បី​សម្រួល​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ប្រសើរ។ ដោយឡែក តាម​ផ្លូវ​លេខ ២១៨ (​ផ្សារ​យូ​ណាយ​) សង្កាត់​ទឹក​ល្អក់​ទី ០៣ ជា​ចំណុច​ស្មុគស្មាញ​ដែល​អាជីវករ​លក់ដូរ​បាន​រំលោភ​យក​ទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ​ធ្វើ​រោង និង​សំយាប​លក់ដូរ និង​តាំង​ទំនិញ បាត់បង់​សណ្ដាប់ធ្នាប់ កកស្ទះ​ចរាចរណ៍​ជាប្រចាំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​រអ៊ូរទាំ​ជា​ខ្លាំង។

លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​មិន​ចង់​ប្រើ​វិធានការ​ក្ដៅ​នោះ​ទេ សូម​ឲ្យ​អាជីវករ ក៏​ដូចជា​ប្រជាពលរដ្ឋ កុំ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម មេត្តា​ចូលរួម​សហការ ដើម្បី​ផ្លូវ​ស្អាត បរិស្ថាន​ល្អ ជា​ការ​ចូលរួម​លើក​កម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

កន្លងមក អាជ្ញាធរ​ខណ្ឌ-សង្កាត់ បាន​ចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ឲ្យ​រុះរើ​ និង​កាត់​សំយាប​ផ្ទះ​របស់​ខ្លួន​ចេញ តែ​អាជីវករ​មួយ​ចំនួន​មិន​ស្ដាប់​តាម​ការ​ណែនាំ ហើយ​អាជ្ញាធរ​ក៏​ប្រើ​វិធានការ​រដ្ឋបាល​ចុះ​មក​រុះរើ​តែម្ដង៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម