Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ​ណែនាំ​មន្ត្រី​ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បី​លើក​គុណ​តម្លៃវិជ្ជាជីវៈ​សុខាភិបាល

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ត្រូវ​យក​ចិត្ត​ទុកដាក់ខ្ពស់ ក្នុងការពង្រឹងទាំងសមត្ថភាព និងក្រមសីលធម៌​វិជ្ជាជីវៈ ក្តី​ករុណា គុណធម៌គ្រប់ពេលវេលា ដើម្បី​សេចក្តី​ពេញចិត្តនិងទំនុកចិត្ត ប្រជាពលរដ្ឋនិងលើកគុណតម្លៃវិជ្ជាជីវៈ​សុខាភិបាល​ក្នុងសេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៧ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពសេវាថែទាំសុខភាពកុមារ ពីបង្ការ រហូត​ដល់​ការ​ព្យាបាល» ដែលរៀបចំឡើងដោយមន្ទីរពេទ្យមុមារជាតិនៅព្រឹកថ្ងៃទី៩តុលា លោករដ្ឋមន្ត្រីបានលើកទឹកចិត្ត និង​ជំរុញ គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប និងបុគ្គលិកសុខាភិបាលជំនាញផ្សេងៗ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ទាំងសាធារណៈ និងឯកជន ជួបពិភាក្សាគ្នា ផ្លាស់ប្តូរគំនិត និងបទពិសោធន៍នៃការអនុវត្តផ្ទាល់ ពិភាក្សាដោយរួមជាមួយអ្នកជំនាញពីអន្តរជាតិ ក្នុងទិសដៅពង្រឹងសេវាសុខភាពកុមារ ចាប់ផ្តើមតាំងពីការបង្ការរហូតដល់ការថែទាំ ព្យាបាល ធ្វើម៉េចឱ្យបានល្អ រួមទាំងការការពារហានិភ័យនានាអាចការពារបាន ដែលជាអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

ជាងនេះទៀត ត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ច្នៃប្រឌិត និងរកដំណោះស្រាយ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ភាពរីកចម្រើនសម្រាប់ស្ថាប័ន និងប្រទេសជាតិ។

លោករដ្ឋមន្ត្រីបានបន្តថា «បន្ថែមពីលើវិធានការបង្ការហានិភ័យមុនកំនើត ដែលជាការចាំបាច់ ខ្ញុំសុំឱ្យការបន្តលើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្តិភាពម្តាយ-ទារក ក្នុងពេលសម្រាល កាន់តែត្រូវប្រកាន់ខ្ជាប់ និងកាន់តែចាំបាច់»។

លោករដ្ឋមន្រ្តី លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់មូលនិធិ KOFIH ដែលជាដៃគូសហការដ៏សំខាន់មួយនៅក្នុងកិច្ចការនេះ រួមការចូលរួមពីដៃគូសហការឯទៀតផងដែរ ដែលពោតជារួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល។ លោកសាស្រ្តាចារ្យ សំដែងការកោតសរសើរដល់មន្ទីរពេទ្យកុមារជាតិ ដែលចូលរួមជួយកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាលថ្នាក់ខេត្ត បន្ថែមពីលើការអភិវឌ្ឍក្នុងស្ថាប័នរបស់ខ្លួន។

លោកសាស្រ្តាចារ្យ គឹម អាង នាយករងមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថា គោលបំណងរួមនៃសន្នីសីទនាថ្ងៃនេះ គឺផ្តោតសំខាន់លើការពិភាក្សា ចែករំលែកបទពិសោធន៍ ស្វែងរកនិតិវិធីនៃការថែទាំព្យាបាលទារក-កុមារ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និងបន្ថែមការយកចិត្តទុកដាក់កាន់តែខ្លាំងលើនិតិវិធីបង្ការជំងឺ ដែលអាចការពារបាន ការពារហានិភ័យដែលវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ ដែលជាអនុសាសន៍ជាយុទ្ធសាស្ត្រ របស់ក្រសួងសុខាភិបាល និងរបស់រដ្ឋាភិបាល ផងដែរ ធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាពនៃជីវិតមាតា ទារក និងកុមារកម្ពុជាឲ្យកាន់តែប្រសើរ និងកសាងបណ្តាញទំនាក់ទំនងកាន់តែរឹងមាំក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយ។

លោកសាស្ត្រាចារ្យបានបន្តថា «សកម្មភាពនេះ គឺជាការចុះទុនជាមួយគ្នា ទាំងដើមទុននៃពេលវេលា ដើមទុនចំណេះដឹងនិងបទពិសោធន៏ ដើមទុនមនសិការនិងធនធានថវិកា ក្នុងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ឆ្ពោះទៅរកការអភិវឌ្ឍគុណភាពសេវាសុខាភិបាលឲ្យកាន់តែមានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋយើង។ ហើយក៏ជាការបង្កើតឱកាសឲ្យអ្នកជំនាញទាំងអស់បានបង្កើនចំណងសាមគ្គីភាព ភាតរភាព និងបង្ហាញពីវឌ្ឍនភាពនៃសមត្ថភាពរបស់ខ្លួនដែលបានកំពុងយកចិត្តទុកដាក់ប្រឹងប្រែង តម្រង់ទិស ពី​លោក​សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់យើងផងដែរ។ ហើយ​ក៏​ជាទំនួលខុសត្រូវក្នុងនាមជាអ្នកផ្តល់សេវាថែទាំសុខភាពនិងព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋគ្រប់កម្រិត»។

លោកសាស្ត្រាចារ្យបានប្តេជ្ញាថា ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ នៅតែប្តេជ្ញាបន្តខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ក្រោមឱវាទ និងយុទ្ធសាស្ត្រដឹកនាំរបស់ក្រសួងសុខាភិបាលដែលមានលោកសាស្ត្រាចារ្យ ឈាង រ៉ា ជាថ្នាក់ដឹកនាំដ៏ឆ្នើមនៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក្នុងការពង្រឹងគុណភាព សមត្ថភាព និងបង្កើនមិត្តភាពជាមួយដៃគូរអភិវឌ្ឍនានា ដើម្បីផ្តល់ជូននូវសេវាសុខាភិបាលសាធារណៈ និងឯកជនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានទំនុកចិត្ត និងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលមានចែងនៅក្នុងកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ស្តីពីការលើកកម្ពស់សុខភាពមាតា ទារក និង កុមារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម