Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ណែនាំគ្រប់មន្ទីរពេទ្យត្រូវផ្តល់អាទិភាពលើការបម្រើសេវាដល់កុមារ និងទារកឱ្យកាន់តែប្រសើរថែមទៀត

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តល់អាទិភាព និងគិតគូរលើការអភិវឌ្ឍន៍លើការបម្រើសេវាដល់កុមារ ទារកជាពិសេស ឱ្យកាន់តែប្រសើរ​ថែមទៀតដោយសារកុមារ និងទារក គឺជាអនាគតរបស់ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅព្រឹកថ្ងៃទី១៥មិថុនានេះ លោករដ្ឋមន្ត្រីក៏បានណែនាំដល់មន្ទីរពេទ្យ ត្រូវរៀបចំផែនការទុកជាមុន ប្លង់រួម សំណង់អគារ ផែនការនៃដំណើរការ ការអភិវឌ្ឍមន្ទីរពេទ្យរបស់ខ្លួន និងផលដែលទទួលបានមកវិញកម្រិតណា ដើម្បីជាការកៀរគរ ការវិយោគវិស័យសាធារណៈ និងដៃគូអភិវឌ្ឍងាយស្រួលក្នុងការចូលរួម និងឧបត្ថម្ភគាំទ្រ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ថ្ងៃនេះមិនត្រឹមតែជាការសាងសង់អគារប៉ុណ្ណោះទេ តែជានិមិត្តរូប និងការពង្រឹងចក្ខុវិស័យកម្ពុជា ដែលធ្វើឱ្យកុមារទាំងអស់ នឹងទទួលបានការប្រើសេវាដោយសុវត្ថិភាព និងជោគជ័យក្នុងការសង្រ្គោះអាយុជីវិត។ ដូច្នេះទាំងអស់គ្នា គឺដើម្បីកសាងអនាគតរបស់ជាតិ តាមរយៈការជួយសង្រ្គោះអាយុជីវិតកុមាររបស់យើង»។

លោករដ្ឋមន្រ្តី បានគូសរំលេចថា «បុណ្យកុសលធំដែលផ្តល់ផលប្រយោជន៍លើពិភពលោកគឺ ជួយសង្គ្រោះ ជាពិសេសទារក និងកុមារ។ ដូច្នេះសូមឱ្យកុសលទាំងនេះ ក្លាយទៅជាសមិទ្ធផលមួយដែលស្ថិតនៅស្ថេរយូអង្វែង ដែលផលទទួលបានពីការកសាងអគារ និងព្យាបាល គឺភាពឋិតឋេរសម្រាប់មនុស្សតជំនាន់»។

លោករដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តោតការយកចិត្តទុកដាក់លើការសង្គ្រោះជីវិត។ នេះជានិមិត្តរូបនៃសេចក្តីស្រលាញ់ដ៏បរិសុទ្ធប្រកបដោយបេះដូងមនុស្សធម៌ និងការគាំទ្រលើវិស័យសុខាភិបាលកន្លងមក និងទៅអនាគត ពិសេសការជួយពង្រឹងគុណភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារពេទ្យថ្មីៗដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេស។

បើតាមលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថា អគារសល្យសាស្ត្រកុមារនេះ សាងសង់លើទំហំដី ៣២៨៧ម៉ែត្រការ៉េ កម្ពស់ ជាង២០ម៉ែត្របណ្តោយ ២៩.៩ម៉ែត្រ ទទឹង២៣.៦ម៉ែត្រ កម្ពស់៤ជាន់ រួមទាំងជាន់ផ្ទាល់ដីនឹងមានការបំពាក់សម្ភារៈបរិក្ខាចាំបាច់ទំនើបដែលនឹងជួយពង្រឹងសមត្ថភាពផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារជាតិកាន់តែប្រសើរដើម្បីឆ្លើយតបនឹងតម្រូវរបស់កុមារដែលមកទទួលសេវានៅមន្ទីរពេទ្យមានការកើនឡើងជាបន្តបន្ទាប់។

លោកវេជ្ជបណ្ឌិតបានបន្តថា អគារនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៧ហើយតាមរយៈអាគារនេះនឹងជួយឲ្យមន្ទីរពេទ្យកុមារជាតិ មានលទ្ធភាពកាន់តែខ្ពស់ ក្នុងការផ្តល់ជូននូវសេវាថែទាំ ព្យាបាលយ៉ាងកក់ក្តៅប្រកបដោយមេត្តាធម៌ សម្រាប់កុមារកម្ពុជាទាំងអស់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា« ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យកុមារជាតិ បាននឹងកំពុងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបុគ្គលិកជំនាញ និងគុណភាពសេវា ដើម្បីមានលទ្ធភាពកាន់តែច្រើន ក្នុងការផ្តល់ជូនសេវាសុខភាពកុមារដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនក្នុងការស្តារ និងអភិវឌ្ឍន៍កម្ពុជាឱ្យបានរីកចម្រើន ថ្កុំថ្កើន រុងរឿង ទៅថ្ងៃអនាគត»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម