ព័ត៌មានជាតិ
ស្រុកអូរជ្រៅមានប្រវត្តិបង្កើតតាំងពីពេលណា ខណៈថៃបន្តអុកឡុក រាយបន្លារំលោភយកដី ផ្ទះពលរដ្ឋខ្មែរ?
រដ្ឋបាលស្រុកអូរជ្រៅបានបង្ហាញពីសាវតាក្នុងការបង្កើតស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តមួយកំពុងរងការរំលោភឈ្លានពានពីកងទ័ពថៃ។
ប្រភពឯកសាររបស់រដ្ឋបាលស្រុកអូរជ្រៅបានរៀបរាប់ពីប្រវត្តិក្នុងការបង្កើតស្រុកអូរជ្រៅថា នៅក្នុងឆ្នាំ ១៩៥៣ មានតំបន់មួយឈ្មោះថាតំបន់រដ្ឋបាលអូរជ្រៅដែលចំណុះឱ្យស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។ ក្រោយមកនៅឆ្នាំ១៩៦០ តំបន់នេះត្រូវបានបំបែកចេញពីស្រុកសិរីសោភ័ណ ដោយបង្កើតទៅជាស្រុកមួយមានឈ្មោះថា ស្រុកអូរជ្រៅចំណុះឱ្យខេត្តបាត់ដំបង។

ដោយប្រទេសជាតិមានការផ្លាស់ប្តូររបបនយោបាយពីរដ្ឋកម្ពុជាទៅជាព្រះរាជាណាចក្រកម្ពុជា (សេរីពហុបក្ស និងប្រជាធិបតេយ្យ) ស្រុកសិរីសោភ័ណត្រូវបានបំបែកជាពីរស្រុកគឺស្រុកសិរីសោភ័ណ និងស្រុកអូរជ្រៅ ដែលស្រុកអូរជ្រៅ មានទីតាំងរដ្ឋបាលស្ថិតក្នុងភូមិគីឡូលេខ ៤ ឃុំប៉ោយប៉ែត តាមខ្លឹមសារអនុក្រឹត្យលេខ ១៧ អនក្រ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៥ របស់រាជរដ្ឋាភិបាលកម្ពុជា។
លុះដល់ឆ្នាំ២០០៨ ស្រុកអូរជ្រៅ ត្រូវបានបំបែកចេញជាពីរ គឺស្រុកអូរជ្រៅ និង ក្រុងប៉ោយប៉ែត ដោយកាត់យកឃុំចំនួនពីររបស់ស្រុកអូរជ្រៅ ហើយទីតាំងរដ្ឋបាលស្រុកអូរជ្រៅក៏ប្តូរទីតាំងពីភូមិគីឡូលេខ ៤ ឃុំប៉ោយប៉ែត មកស្ថិតនៅក្នុង ភូមិសាស្ត្រ ភូមិកូបលិច ឃុំកូប តាមខ្លឹមសារអនុក្រឹត្យលេខ ២៣២ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទីតាំងភូមិសាស្រ្ត
ស្រុកអូរជ្រៅ ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង ៩ របស់ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅភាគខាងលិចនៃខេត្តដែលមានព្រំប្រទល់ ខាងជើង ទល់នឹងស្រុកស្វាយចេក ខាងត្បូង ទល់នឹងស្រុកម៉ាឡៃ ខាងកើតទល់នឹងក្រុងសិរីសោភ័ណ ខាងលិច ទល់នឹងក្រុងប៉ោយប៉ែត និងប្រទេសថៃឡង់ដ៍ ដែលមានច្រក ១ គឺច្រកអូរបីជាន់។
ស្រុកអូរជ្រៅមានចំនួន ៧ ឃុំ ( ឃុំកូប គុត្តសត សូភី សឹង្ហ ចង្ហា សំរោង និងឃុំអូរបីជាន់ ) និងមានផ្ទៃដីស្រុកសរុប ៥៥ ០៩០ ហិកតា (៥៥០ គីឡូម៉ែត្រការ៉េ) ក្នុងនោះមានផ្ទៃដីកសិកម្ម ២៥,៨៥១ ហិកតា ផ្ទៃដីលំនៅដ្ឋាន ២,៦៦២ ហិកតា ផ្ទៃដីព្រៃ បឹង បួរ អូរប្រឡាយ ១៧៨ ហិកតា ប្រវែងផ្លូវសរុបចំនួន ១៩២.៨៧០ គីឡូម៉ែត្រ។

ស្ថានភាពប្រជាជន
ស្រុកអូរជ្រៅមានប្រជាជនសរុបចំនួន ៥៦ ៥១១ នាក់ ស្រី ២៨ ៥១២នាក់ គ្រួសារសរុបចំនួន ១៤ ៣៩៤ គ្រួសារ។ ទំហំគ្រួសារជាមធ្យម ៣,៩ នាក់/គ្រួសារ ភាគរយស្ត្រីជាមេគ្រួសារមានចំនួន ៩,៣%។
មនុស្សអាយុពី ០-១៧ ឆ្នាំ មានចំនួន ១៧ ៣១៣ នាក់ មនុស្សអាយុពី ១៨-៦០ឆ្នាំ មានចំនួន ៣៣ ៥៣៤ នាក់ មនុស្សអាយុពី ៦១ ឆ្នាំឡើងមានចំនួន ៥ ៦៦៤ នាក់។
ជម្លោះព្រំដែនខ្មែរ-ថៃ
ភូមិចំនួនពីរក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យគឺភូមិជោគជ័យ និងភូមិព្រៃចាន់ បានរងការរំលោភបំពានពីអាជ្ញាធរថៃដែលបានលើកទ័ពចូលមកទន្ទ្រានកាន់កាប់ និងរាយបន្លាលួសព័ទ្ធយកដី និងផ្ទះរបស់ពលរដ្ឋខ្មែរ។
ការចូលមករំលោភដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជានេះ រដ្ឋាភិបាលកម្ពុជាបានថ្កោលទោស និងប្រាប់ឱ្យភាគីថៃត្រូវតែបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពឈ្លានពានចូលទឹកដីកម្ពុជា និងបញ្ឈប់សកម្មភាពបង្ករឿងជាបន្ទាន់ និងគោរពនូវបទឈប់បាញ់ការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរនិងច្បាប់អន្តរជាតិឡើងវិញ៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


