Connect with us

ព័ត៌មានជាតិ

កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ ៦ កន្លែង ក្រៅពីផ្គត់ផ្គង់លើសតម្រូវការក្នុងស្រុក ឈាននាំចេញទៅក្រៅប្រទេសថែមទៀត

បានផុស

នៅ

បើតាម​របាយការណ៍ពីក្រសួងរ៉ែ និងថាមពល គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៦ កន្លែង ​ក្នុងខេត្ត​ចំនួន ៣ ដែលអាចផលិតស៊ីម៉ងត៍បានប្រមាណ ១១ លានតោនក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រទាំង ៦ ដែលកំពុងដំណើរការខ្សែ​សង្វាក់ផលិតកម្ម​ផលិតស៊ីម៉ងត៍ក្នុង​ប្រទេស​កម្ពុជា​រួមមាន៖

១-ក្រុមហ៊ុន កំពត ស៊ីមេន ខូអិលធីឌី ស្ថិតនៅស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពតដែលបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០០៧ មានសមត្ថភាពផលិតបាន ២,៥ លានតោន/ឆ្នាំ

២-ក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រីទីង ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ដែល​បានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៥ មានសមត្ថភាពផលិតបាន ១.៣ លានតោន/ឆ្នាំ

៣-ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត បានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៨ មានសមត្ថភាពផលិតបាន ២ លានតោន/ឆ្នាំ

៤-ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីតធីត ស្ថិតនៅស្រុករតនមណ្ឌល ខេត្ត បាត់ដំបង ដែល​បានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៨ មានសមត្ថភាពផលិតបាន ២ លានតោន/ឆ្នាំ

៥-ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិត ១ លានតោន/ឆ្នាំ

៦-ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានសមត្ថភាពផលិតបាន ២,២ លានតោន/ឆ្នាំ។

ក្រៅ​ពី​រោងចក្រទាំង ៦ កំពុង​ដំណើរការ​ផលិតផ្គត់ផ្គង់ស៊ីម៉ងត៍ផ្គត់ផ្គង់​តម្រូវការប្រើប្រាស់​​ក្នុងស្រុក ក្រុមហ៊ុនចំនួន ៣ ទៀត កំពុងសាងសង់រោងចក្រ​រផលិតស៊ីម៉ងត៍បន្ថែម​ដែល​ក្នុង​នោះ​មាន៖ ក្រុមហ៊ុន សៅដិន ស៊ីមេន (ខេមបូឌា) នៅស្រុកដងទង់​ខេត្តកំពត ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១ លាន​តោន/ឆ្នាំ ក្រុមហ៊ុន ដុងហ្វាង ជុនម៉ា ស៊ីមេន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍​​ប្រមាណ ២ លានតោន/ឆ្នាំ និងក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ត្រី ស្ថិតនៅស្រុកសំបូរខេត្តក្រចេះ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ២ លាន​តោន/ឆ្នាំ។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍ ខនស៍ ខេធី ស៊ីមេន តម្លៃប្រមាណ ២៥០ លានដុល្លារ ស្ថិតនៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូស​បញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៧ កម្ពុជា​ចាប់ផ្ដើមកសាងឡើង​វិញនូវសមត្ថភាពផលិត​ស៊ីម៉ងត៍ ខណៈមកដល់ពេលនេះកម្ពុជាមានរោងចក្រចំនួន ៦ កំពុងដំណើរការផលិត​ស៊ីម៉ងត៍ដែលអាចផលិត​បាន​ប្រមាណ ១១ លានតោនក្នុងមួយឆ្នាំ ដែល​ក្រៅ​ពីអាច​ផ្គត់ផ្គង់​​តម្រូវការក្នុងស្រុក ១០០% ក៏អាច​នាំចេញ​ទៅបរទេស​ថែម​ទៀត​ផង​។

បើតាម​ក្រសួងរ៉ែ និងថាមពល​ ស៊ីម៉ងត៍ដែលផលិតក្នុង​ប្រទេស​កម្ពុជា​បាននាំចេញទៅប្រទេសជិតខាងប្រមាណជាង ៣០ ០០០ តោន ក្រៅពីមានលទ្ធភាព​អាច​ផ្គត់ផ្គង់គ្រប់តម្រូវការ​ក្នុង​ស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម