សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តរោងចក្រស៊ីម៉ងត៍ចក្រីទីង ពង្រីការវិនិយោគ និងនាំចេញ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគ ពង្រឹងភាពប្រកួតប្រជែង និងស្វែងរកឱកាសសម្រាប់ការនាំចេញ។

លោក ហែម វណ្ណឌី ថ្លែងក្នុងពេលចុះទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន (កម្ពុជា) ដែលរួមមានរោងចក្រស៊ីម៉ងត៍ចក្រីទីង រោងចក្របេតុង រោងចក្រសំបកបាវ និងរោងចក្រក្ដារបន្ទះស្មាតបតចក្រីទីង ក្នុងខេត្តកំពត នៅថ្ងៃទី ០៤ ឧសភា ២០២៦។
លោក Ke Hongwei អគ្គនាយកសួនឧស្សាហកម្មបានបង្ហាញប្រតិបត្តិការសកល និងអាជីវកម្មចម្រុះរបស់ក្រុមហ៊ុន ហ័រស៊ីន ដោយបញ្ជាក់ថា សម្រាប់អាជីវកម្មនៅកម្ពុជា ក្រុមហ៊ុនបានបោះទុនវិនិយោគលើរោងចក្រស៊ីម៉ងត៍ចក្រីទីងក្នុងឆ្នាំ២០១២ ដើម្បីធ្វើទំនើបកម្មរោងចក្រនេះ និងពង្រីកអាជីវកម្មបន្ថែមទៀត។
លោកបានលើកឡើងថា៖ “ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ យើងបន្តប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា ដោយលើកកម្ពស់គុណភាពផលិតផល ប្រសិទ្ធភាពផលិតកម្ម និងសេវាកម្ម ដើម្បីធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនក៏កំពុងពង្រីកអាជីវកម្មបន្ថែមទៅការផលិតម្នាងសិលា និងសម្ភារសំណង់ផ្សេងៗ។”

រោងចក្រស៊ីម៉ងត៍ចក្រីទីង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ជារោងចក្រស៊ីម៉ងត៍ដំបូងគេបង្អស់នៅកម្ពុជា។ ទីតាំងនេះត្រូវបានពង្រីកជាសួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន ដើម្បីផ្គត់ផ្គង់សម្ភារសំណង់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។
លោក ហែម វណ្ណឌី បានកោតសរសើរចំពោះការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ដោយលើកឡើងថា៖ “រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះវត្តមាន និងការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនលើស្ថិរភាពសេដ្ឋកិច្ច និងសក្តានុពលអភិវឌ្ឍរយៈពេលវែងរបស់យើង។”
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពនាំចេញ ពិភាក្សាបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ក្នុងឧស្សាហកម្ម និងសារសំខាន់នៃនិរន្តរភាពវត្ថុធាតុដើម ពិសេសថ្មកំបោរ សម្រាប់ការអភិវឌ្ឍរយៈពេលវែង។

តំណាងក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការពីក្រសួង ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលសំបកបាវដែលផលិតក្នុងស្រុក។ ឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងបញ្ចេញលក់នូវសម្ភារសំណង់ថ្មីទៀតដែលផលិតសម្រាប់ទីផ្សារក្នុងស្រុក ជំនួសឱ្យការនាំចូល។
រដ្ឋមន្ត្រីបានស្វាគមន៍សំណើនេះ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីពង្រីកការផលិតសម្ភារសំណង់ថ្មីៗ ពិសេសសម្ភារដែលនៅបន្តមាន ការនាំចូលច្រើន ដូចជាឥតការូ និងម៉ាបជាដើម។
លោក ហែម វណ្ណឌី បន្ថែមថា៖ “វិទ្យាសាស្ត្ររូបធាតុមានសារសំខាន់ណាស់ចំពោះការអភិវឌ្ឍឧស្សាហកម្ម។ ក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុន ហ័រស៊ីន សហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើការស្រាវជ្រាវ និងអភិវឌ្ឍន៍រួម ដូចជាលើការគ្រប់គ្រង និងកែច្នៃសំណល់សម្រាប់ផលិតសម្ភារប្រើប្រាស់ជាដើម។”






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


