ព័ត៌មានជាតិ
ផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវក្នុងក្រុងបាត់ដំបងដែលរងការខូចខាតពិបាកធ្វើដំណើរដោយសារការជីករៀបចំប្រព័ន្ធទឹកកខ្វក់ និងទឹកស្អាត នឹងចាប់ផ្តើមសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងដូច្នេះថា «ដាច់ទឹកភ្លៀងបន្តិច ផ្លូវក្នុងក្រុងបាត់ដំបង នឹងសម្រុកធ្វើឲ្យប្រសើរឡើង»។


ពាក់ព័ន្ធស្ថានភាពផ្លូវក្នុងក្រុងបាត់ដំបងដែលរងការខូចខាតជាច្រើនខ្សែ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយសារការអនុវត្តគម្រោងសាងសង់ស្ថានីយនិងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រោមថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
រដ្ឋបាលខេត្តបាត់ដំបងកាលពីពេលកន្លងទៅនេះ បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបការលើកឡើងរបស់ពលរដ្ឋពាក់ព័ន្ធផ្លូវខូចពិបាកធ្វើដំណើរ ជាពិសេសផ្លូវក្នុងក្រុងបាត់ដំបងប៉ែកខាងលិចស្ទឹងសង្កែ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តគោលដៅមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលទទួលបានថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការអនុវត្តគម្រោងសាងសង់ស្ថានីយនិងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលគម្រោងបែងចែកជា ២ គឺ៖ គម្រោងខាងកើតស្ទឹងហៅថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន ២ ដែលបានអនុវត្តបញ្ចប់ ១០០% និងទទួលបានសមិទ្ធផលជាច្រើនដូចជា៖ បានសាងសង់ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ប្រវែងសរុប ៣២.៥៦គីឡូម៉ែត្រ, សាងសង់ប្រព័ន្ធទុយោរងប្រមូលតាមផ្ទះប្រវែងសរុប ៥៦,៧០ គីឡូម៉ែត្រ, តភ្ជាប់ទុយោទឹកកខ្វក់តាមផ្ទះប្រជាពលរដ្ឋចំនួន ៤ ១៣១ ផ្ទះ, សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ១០,០២ហិកតា, សាងសង់បង្គន់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០០ កន្លែង និងបានជួសជុលផ្លូវឡើងវិញចំនួន ៦៨ ខ្សែ មានប្រវែង ៤០.៧៨៤ ម៉ែត្រ។

ដោយឡែកគម្រោងខាងលិចស្ទឹងហៅថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តកំពុងអនុវត្តបាន ៧៦% ក្នុងសង្កាត់ស្វាយប៉ោ សង្កាត់ចំការសំរោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងឃុំអូរតាគី ស្រុកថ្មគោល គ្រោងបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តលើការងារសាងសង់ប្រព័ន្ធទុយោខួងប្រវែងសរុប ៤,៤៨ គីឡូម៉ែត្រ, ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ប្រវែងសរុប ១៣,៦៥ គីឡូម៉ែត្រ, ទុយោរងប្រមូលតាមផ្ទះប្រវែងសរុប ៥០,៩៥ គីឡូម៉ែត្រ, តភ្ជាប់តាមផ្ទះប្រជាពលរដ្ឋចំនួន ៥.០៥៧ ខ្នងផ្ទះ, សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ ៨,៩ហិកតា។
ក្នុងអំឡុងពេលអនុវត្តគម្រោងបានបណ្តាលឱ្យខូចខាតផ្លូវថ្នល់ចំនួន ៥២ ខ្សែ ក្នុងនោះបានធ្វើការជួសជុលផ្លូវឡើងវិញរួចរាល់ចំនួន ២២ ខ្សែ សរុបប្រវែង ៨.៧៤១ ម៉ែត្រ និងផ្លូវថ្នល់ដែលមិនទាន់បានធ្វើការជួសជុលចំនួន ៣០ ខ្សែ សរុបប្រវែង ១៤.៨៥៧ ម៉ែត្រ។
ដោយសារមានភ្លៀងធ្លាក់ជាប់ជាប្រចាំ រដ្ឋបាលខេត្តក៏បានស្នើឱ្យក្រុមហ៊ុនអនុវត្តគម្រោងត្រូវខិតខំធ្វើការកៀរ កិនបង្ហាប់ និងជួសជុលកែលម្អផ្លូវថ្នល់ឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ រដ្ឋបាលខេត្តក៏ស្នើសុំដល់ប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋាននិងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ នៅទីតាំងគម្រោងដែលបានកំពុងអនុវត្ត មេត្តាយោគយល់អធ្យាស្រ័យចំពោះការលំបាកទាំងឡាយដែលបានកើតឡើង ដោយសារការរៀបចំប្រព័ន្ធរំដោះទឹកកខ្វក់នេះ។
ដោយឡែកចំពោះផ្លូវថ្នល់ដែលខូចខាតហើយមិនស្ថិតក្នុងទីតាំងគម្រោង រដ្ឋបាលខេត្តបានបញ្ជាក់ថានឹងមានវិធានការដើម្បីធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


