Connect with us

ព័ត៌មានជាតិ

ផ្លូវ​មួយខ្សែ​ភ្ជាប់ពី​រោងចក្រស៊ីម៉ង់ត៍នៅស្រុកសំបូរ ទៅ​កំពង់ផែពហុបំណង ស្រុកព្រែកប្រសព្វ​បើក​ការដ្ឋាន​សាងសង់ ​គ្រោង​បញ្ចប់​ចុងឆ្នាំនេះ

បានផុស

នៅ

ផ្លូវលេខ ២៦០បេ៧អា តភ្ជាប់ពីកំពង់ផែពហុបំណងស្ថិតនៅស្រុកព្រែកប្រសព្វទៅរោងចក្រស៊ីម៉ង់ត៍នៅស្រុកសំបូរ នៅ​ស្រុកសំបូរ​ខេត្តក្រចេះបានបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ DBST។    

ផ្លូវលេខ ២៦០បេ៧អា ដែល​បើកការដ្ឋាន​សាងសង់​នៅព្រឹកមិញនេះ មានប្រវែងសរុប ៩៤ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ និងចិញ្ចើម ១ ម៉ែត្រសងខាង ដែល​ចាប់ផ្ដើមពីរោងចក្រស៊ីម៉ង់ត៍នៅស្រុកសំបូរតភ្ជាប់ទៅកាន់កំពង់ផែពហុបំណង ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ក្រុមហ៊ុន ខេ ភី បានឲ្យដឹងថា ផ្លូវលេខ ២៦០បេ៧អា បែងចែកជា ២ កំណាត់ ដោយក្នុងនោះកំណាត់ទី ១ តភ្ជាប់ពីចំណុច​គីឡូ ៣២ ស្ថិតនៅភូមិសីទាន ឃុំសោប ស្រុកព្រែកប្រសព្វ ភ្ជាប់ទៅក្រុមហ៊ុនរោងចក្រស៊ីម៉ង់ត៍នៅស្រុកសំបូរ និងកំណាត់ផ្លូវទី២ តភ្ជាប់ពីចំណុច​គីឡូ ៣២ ស្ថិតនៅភូមិសីទាន ឃុំសោប ភ្ជាប់ទៅកំពង់ផែពហុបំណងស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

បច្ចុប្បន្នផ្លូវលេខ ២៦០បេ៧អា បានសម្រេចការត្រាសសេលើកទី ១ និងបញ្ចប់ការត្រាសសេរលើកទី ២ នៅក្នុងខែមិថុនា ហើយក្រុមការងារនឹងចាប់ផ្ដើមចាក់កៅស៊ូប្រភេទ DBST នៅក្នុងខែធ្នូ ឆ្នាំ២០២៦ និង​បើកឲ្យដំណើរការ​ជា​ធម្មតា។

លោក នូ សុវត្ថិ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការ​ស្ថាបនា​ផ្លូវមួយខ្សែនេះ មានស្ថាប័ន​ចំនួន ៣ ទទួលខុសត្រូវ​​ក្នុងនោះមានក្រសួង​សាធារណការ និងដឹកជញ្ជូន ក្រសួង​អភិវឌ្ឍជនបទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកថា មុននឹងចាប់ផ្ដើមដំណើការស្ថាបនា​​ផ្លូវ​មួយ​ខ្សែ​នេះ ក្រុមការងារអន្តរក្រសួង​បាន​ចុះ​មកពិនិត្យ​ទីតាំងផ្ទាល់ និង​មាន​​កិច្ចប្រជុំចំនួន ៤ លើក ដឹក​នាំដោយក្រុមការងារជម្រុញការវិនិយោគនៅភូមិភាកឦសាន ទម្រាំសម្រេចលេច​ចេញជារូបរាងដូចបានឃើញនាពេលនេះ។

ពាក់ព័ន្ធការ​ស្ថាបនា​ផ្លូវ​​លេខ ២៦០បេ៧អា លោក នូ សុវត្ថិ បាន​បញ្ជាក់ថា ក្រសួង​សាធារណការ និងដឹកជញ្ជូនមិនបណ្តែតបណ្តោយ ដោយ​បានអញ្ជើញក្រុមហ៊ុនមកធ្វើបទបង្ហាញចំនួន ៤ ដង ហើយការធ្វើបទបង្ហាញនេះគឺសំដៅចង់បាននូវអ្វីដែលក្រុមការងារចង់ដឹងអំពីបច្ចេកទេស។

ក្រសួង​សាធារណការនិងដឹកជញ្ជូន គឺជាក្រសួងដែលគ្រប់គ្រងនិងរៀបចំលិខិត​បទដ្ឋានបច្ចេកទេស ដូច្នេះបើផ្លូវថ្នល់ពុំ​បាន​គិតគូរពីបទដ្ឋានបច្ចេកទេសទេនោះ អាច​បង្ក​ការ​ព្រួយបារម្ភនៅពេលដែលធ្វើរួច​រាល់ហើយនោះ។

លោក នូ សុវត្ថិ បាន​ឲ្យ​ដឹង​ថា ក្រសួងនឹងបង្កើតក្រុមការងារត្រួតពិនិត្យបច្ចេកទេសឲ្យបានទៀងទាត់ពីគុណភាពផ្លូវ ជាប្រចាំ​ខែដើម្បីឲ្យច្បាស់ប្រាកដថា ថ្នល់ធ្វើហើយប្រើប្រាស់បានយូរ រឹងមាំ ដោយមិនមានការស្ដីបន្តោសពីមហាជនថា​ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ​តទៅទៀតនោះទេ។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជាថ្មី​ដឹងថា ផ្លូវ​ដែល​បើកការដ្ឋាន​ស្ថាបនា​នេះ តាម​ផែនការ​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ឆ្នាំ ២០២៦។

ពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវលេខ ២៦០បេ ៧អា ដែលមានប្រវែង ៩៤ គីឡូម៉ែត្រ និងទទឹង ៦ ម៉ែត្រ ពីផ្លូវលំទៅជាប្រភេទផ្លូវក្រាលកៅស៊ូ DBST គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាជននៅស្រុកសំបូរ និងស្រុកព្រែកប្រសព្វ នៅខេត្តក្រចេះ ដែលក្រៅ​ពី​ជួយ​សម្រួល​ការ​ធ្វើដំណើរឆ្លងកាត់កាន់តែងាយស្រួល និងមានភាពឆាប់រហ័ស ជាពិសេស​ក៏​បម្រើដល់ការតភ្ជាប់ការដឹកជញ្ជូនផលិតផលផ្សេងៗរបស់ប្រជាពលរដ្ឋ និងផលិតផលពីរោងចក្រ ស៊ីម៉ង់ត៍ ស្ថិតនៅឃុំបឹងចារ ស្រុកសំបូរ ទៅទីតាំងកំពង់ផែពហុបំណង ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម