Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌចំការមន បើកការដ្ឋានស្ថាបនាប្រព័ន្ធលូ និងផ្លូវបេតុង ០១ ខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ នៅសង្កាត់ទន្លេបាសាក់

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ ១១ និង ១២ សង្កាត់​ទន្លេបាសាក់ ទទួល​បាន​ការ​ផ្លាស់ប្ដូរ​លូ​ថ្មី និង ផ្លូវ​បេតុង​ថ្មី ០១ ខ្សែ ប្រវែង ៣១៤ ម៉ែត្រ បន្ទាប់ពី​ជួប​ការ​លំបាក​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋបាល​ខណ្ឌ​ចំការមន បាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​អនុវត្ត​គម្រោង ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់ ឆ្នាំ ២០២៥ ក្រោម​វត្តមាន​លោក កៀង ល័ក្ស អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការមន និង​លោក ខាត់ ណា​រិទ្ធ ចៅ​សង្កាត់​ទន្លេ​បាសាក់ ព្រមទាំង​មាន​ការ​ចូលរួម​ពី​នាយក​រដ្ឋបាល ចៅសង្កាត់ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផង​ដែរ។

កញ្ញា ស៊ីង ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ បាន​សម្តែង​ការ​សាទរ​ទៅកាន់​អាជ្ញាធរ បន្ទាប់ពី​ទទួល​បាន​នូវ​ផ្លូវ​បេតុង​ថ្មី និង​ប្រព័ន្ធ​លូ​រំដោះ​ថ្មី មាន​ទំហំ​ធំ​ជាង​មុន។

កញ្ញា បាន​អរគុណ​អាជ្ញាធរ​ចំពោះ​ការ​យកចិត្តទុកដាក់​មក​កាន់​ពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខណ្ឌ​ចំការមន ដែល​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លូ និង​ស្ថាបនា​ផ្លូវ​បេតុង​នេះ​ឡើងវិញ គឺ​បាន​ជួយ​សម្រួល​បន្ទុក​ជាច្រើន លែង​មាន​ក្លិនស្អុយ​ចេញពី​ទឹក​ដក់​លើ​ផ្លូវ ធ្វើ​ឲ្យ​ប្រព័ន្ធ​លំហូរ​ទឹក​ដំណើរការ​លឿន​ជាង​មុន។ ជាពិសេស​បាន​ផ្លូវ​បេតុង ០១ ខ្សែ​ថ្មី​ឡើងវិញ ស្រួល​ធ្វើដំណើរ​ចេញចូល​ផ្ទះ និង​ទៅ​ប្រកប​ការងារ​ផង​ដែរ។

លោក កៀង ល័​ក្ស បាន​ឲ្យ​ដឹង​ថា ផ្លូវ​នេះ​មាន​ប្រវែង​ប្រមាណ ៣១៤ ម៉ែត្រ ដោយ​បាន​ស្ថាបនា​ចាប់​តាំងពី​ឆ្នាំ ២០០៥ គិត​មក​ដល់​ពេលនេះ ២០ ឆ្នាំ មក​ហើយ។ ក្រោយពី​ដំណើរការ​ដាក់​ប្រព័ន្ធ​លូ និង​ចាក់​ផ្លូវ​បេតុង​ហើយ​រួចរាល់ លែង​ព្រួយបារម្ភ​ពី​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ឬ​ទឹកភ្លៀង​ហូរ​លិច​ដក់​លើ​ផ្លូវ ឬ​លំនៅឋាន​ពលរដ្ឋ​រស់នៅ​ស្រប​សងខាង​ផ្លូវ​ទៀតហើយ ។

លោក​អភិបាល​ខណ្ឌ បន្ត​ថា គម្រោង​នេះ ជា​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ភូមិ-ឃុំ-សង្កាត់ ឆ្នាំ ២០២៥ ដែល​ទទួល​បាន​ពី​ការ​ដេញ​ថ្លៃ​របស់​ក្រុមហ៊ុន​ឯកជន សម្រាប់​ផ្លាស់ប្ដូរ និង​ជួសជុល​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​សម្រួល​ដល់​ការ​រស់នៅ និង​ធ្វើ​ដំណើរ។

លោក​អភិបាល​ខណ្ឌ បញ្ជាក់​ថា ​ប្រជាពលរដ្ឋ ក៏​ត្រូវ​ចូលរួម​តាមដាន​ការ​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ទទួល​ការ​ផង​ដែរ ពីព្រោះ​ពួកគាត់​គឺជា​អ្នក​ទទួល​ផល​ផ្ទាល់​ពី​គម្រោង​នេះ។ បើ​ឃើញ​ការ​អនុវត្ត​​របស់​ក្រុមហ៊ុន​ខុស​ពី​កិច្ចសន្យា ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យ និង​កែសម្រួល​ជា​បន្ទាន់។ បន្ថែម​នោះ លោក​ក៏បាន​ធ្វើការ​ណែនាំ​ទៅ​ដល់​អ្នកម៉ៅការ​ទទួល​ស្ថាបនា​ដាក់​ប្រព័ន្ធ​លូ ត្រូវ​ពន្លឿន​ការងារ​ឲ្យ​រួចរាល់​តាម​គម្រោង និង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា​គុណភាព​ផង​ដែរ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម