Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យវឌ្ឍនភាពស្ថាបនាផ្លូវបេតុងថ្មី ប្រវែង ១ ពាន់ម៉ែត្រ និង សិក្សាបញ្ហាលូរំដោះទឹក នៅសង្កាត់ស្វាយប៉ាក

បានផុស

នៅ

កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌឫស្សីកែវ និង លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការ និង ហិរញ្ញវត្ថុខណ្ឌ រួមជាមួយលោកចៅសង្កាត់ស្វាយប៉ាក លោកមេភូមិ និង មន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគម្រោងជួសជុលផ្លូវបេតុងដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌសម្រាប់ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡេង ចាន់វិសិដ្ឋ បានឲ្យដឹងថា លោកបានចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវបេតុងមួយខ្សែ ស្ថិតនៅមុខវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ក្នុងសង្កាត់ស្វាយប៉ាក ជាមួយគ្នានោះ ព្រមទាំងចុះពិនិត្យស្ថានភាពប្រព័ន្ធលូរំដោះទឹកនៅតំបន់ងាយរងការជន់លិច ដើម្បីសិក្សាបច្ចេកទេស និង ស្វែងរកដំណោះស្រាយជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ផ្លូវបេតុងថ្មីនេះ មានប្រវែង ១ ០០០ ម៉ែត្រ និង ទទឹង ៨ ម៉ែត្រ។

លោកបន្តថា ក្នុងឱកាសចុះពិនិត្យនេះ ក្រុមការងារបានតាមដានយ៉ាងយកចិត្តទុកដាក់លើគុណភាព និង វឌ្ឍនភាព នៃការសាងសង់។ មកទល់ពេលនេះ ក្រុមជាង បានអនុវត្តការងារកាយយកដីស្អុយចេញ និង ធ្វើការបង្ហាប់ដីថ្មីឡើងវិញបានប្រមាណ ១០០ ម៉ែត្រ។ ការងារនេះ ត្រូវបានអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវឲ្យមានភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និង បង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ប្រជាពលរដ្ឋ រួមទាំងអ្នកប្រើប្រាស់ផ្លូវទូទៅ។

បន្ទាប់ពីបញ្ចប់ការពិនិត្យគម្រោងផ្លូវបេតុង ក្រុមការងារ បានបន្តចុះពិនិត្យស្ថានភាពប្រព័ន្ធលូរំដោះទឹកតាមបណ្តោយផ្លូវលេខ ១០០៣ និង នៅតាមតំបន់មួយចំនួន ក្នុងភូមិ ដែលជាញឹកញាប់រងផលប៉ះពាល់ដោយការជន់លិចទឹកភ្លៀងនារដូវវស្សា។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលទិន្នន័យជាក់ស្តែង សិក្សាផ្នែកបច្ចេកទេស និង វាយតម្លៃស្ថានភាពប្រព័ន្ធរំដោះទឹកបច្ចុប្បន្ន ដើម្បីរៀបចំផែនការកែលម្អ និង ដោះស្រាយបញ្ហាទឹកជន់លិចឲ្យកាន់តែមានប្រសិទ្ធភាព។

សកម្មភាពចុះពិនិត្យជាបន្តបន្ទាប់របស់រដ្ឋបាលខណ្ឌឫស្សីកែវ នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីបង្កើនសុខុមាលភាព និង គុណភាពជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕
អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម