ព័ត៌មានជាតិ
ទំនប់ស្ទាក់ទឹកសាលាតាអន ពេលល្ងាចៗក្លាយជាកន្លែងលំហែកម្សាន្តពលរដ្ឋ នៅមិនឆ្ងាយពីក្រុងបាត់ដំបង
ក្រៅពីការនេសាទត្រីរបស់ប្រជាពលរដ្ឋដែលមកពីទីជិតទីឆ្ងាយ នៅទំនប់ស្ទាក់ទឹកសាលាតាអនបានក្លាយទៅជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋ និងក្រុមយុវវ័យនាពេលសាយណ្ហ។
ទំនប់ស្ទាក់ទឹកសាលាតាអន គឺជាទ្វារទឹកដ៏ធំមួយ បន្ទាប់ពីទ្វារទឹកនៅទំនប់កង្ហត សម្រាប់ទប់ស្ទឹងសង្កែនៅក្នុងស្រុកបាណន់។ ដោយឡែកទំនប់ស្ទាក់ទឹកសាលាតាអន ក៏អាចទប់ទឹកស្ទឹងសង្កែបាន ហើយស្ថិតនៅភូមិសួសអី ឃុំពាមឯង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

នៅក្នុងតំបន់ខាងលើនេះ គេសង្កេតឃើញទូកប្រជានេសាទ បណ្ដែតខ្លួននៅលើផ្ទៃជលសារ ដើម្បីធ្វើការនេសាទត្រី ដោយអ្នកខ្លះក៏បានប្រើសំណាញ់ ឯអ្នកខ្លះទៀតក៏បានប្រើសន្ទូច ដើម្បីស្ទូចយកត្រីឆ្លាំងដែលនៅសម្ងំឯបាតស្ទឹង ដោយមុខរបរនេះពួកគាត់ក៏អាចរកចំណូលដើម្បីទ្រទ្រង់ក្នុងជីវភាពគ្រួសារផងដែរ ព្រោះការនេសាទរបស់ពួកគាត់គឺបានត្រីភ្លាមបញ្ជូនមកលក់នៅក្បែរទំនប់ស្ទាក់ទឹកនេះតែម្ដង។
នៅពេលរសៀលជ្រៀលជ្រេ ក៏មានមនុស្សម្នាក្មេងចាស់ប្រុសស្រី នាំគ្នាមកកម្សាន្តនៅក្នុងតំបន់នេះ ដោយគយគន់ទេសភាពនៅតាមដងស្ទឹង និងខ្លះទៀតក៏មកអង្គុយបរិភោគចំណីអាហារដែលប្រជាពលរដ្ឋនៅទីនោះយកមកដាក់លក់ជាហូរហែ។ មិនត្រឹមតែប៉ុណ្ណឹងទេប្រជាពលរដ្ឋដែលឆ្លងកាត់ឬមកកម្សាន្តទីនោះ ក៏បាននាំគ្នាទិញត្រីស្រស់ៗដែលទើបយកឡើងពីទូក ដើម្បីយកទៅកែច្នៃធ្វើជាម្ហូបអាហារផងដែរ។



បុរសម្នាក់ដែលនៅដៃកំពុងកាន់ដងសន្ទូចបាននិយាយថា នៅចំណុចទំនប់ស្ទាក់ទឹកសាលាតាអននេះ បើទោះបីជាការនេសាទពុំសូវមានត្រីក៏ដោយ ក៏មនុស្សម្នានៅតែមានមកលេងរាល់ល្ងាចជាប្រចាំ គឺទំនងជាពួកគាត់មកស្រូបយកខ្យល់អាកាសនិងគយគន់មើលទេសភាពតាមដងស្ទឹងសង្កែ នាពេលសាយណ្ហហើយមើលទៅ។
បុរសរូបនេះបានបន្តថា ការស្ទូចត្រីរបស់គាត់គឺពុំមែនសម្រាប់យកទៅលក់នោះទេ គឺស្ទូចលេងកំដរអផ្សុក បើបានក៏យកទៅធ្វើម្ហូបប្រចាំថ្ងៃតែប៉ុណ្ណោះ ព្រោះនៅក្នុងធុងរបស់គាត់ឃើញមានត្រីឆ្លាំងចំនួន ៤ ក្បាល ដូច្នេះគាត់អាចរួចថ្លៃទិញម្ហូបអាហារមួយពេលទៅហើយ។
សម្រាប់ភ្ញៀវទេសចរដែលបានធ្វើដំណើរឆ្លងកាត់ ឬបានមកសម្រាកកាយនៅក្នុងក្រុងបាត់ដំបង អាចឆៀងទៅលេងបាន ព្រោះបើធ្វើដំណើរតាមផ្លូវរ៉បដងស្ទឹងសង្កែប៉ែកខាងលិច គឺត្រូវទៅឆ្លងស្ពានដូនទាវ ( អតីតរោងចក្រក្រចៅ ) ហើយបង្ហួស ផុតបឹងក្រចៅ បត់ស្ដាំតាមផ្លូវបេតុងនោះនឹងទៅដល់ទំនប់ស្ទាក់ទឹកសាលាតាអនហើយ ដែលមានចម្ងាយប្រមាណ ជាង ១០ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដើម្បីគយគន់ទេសភាពនិងស្រូបយកខ្យល់អាកាសនៅទីនោះ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


