Connect with us

ព័ត៌មានជាតិ

គណៈកម្មការផ្សារអូរឫស្សី បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ជុំវិញផ្សារ​ជាកិច្ចការងារចម្បង

បានផុស

នៅ

បញ្ហាសណ្តាប់ធ្នាប់ជុំវិញផ្សារអូរឫស្សី នៅតែជាកិច្ចការងារចម្បងដែលគណៈកម្មការគ្រប់គ្រងផ្សារបន្តការយកចិត្តទុកដាក់ក្នុងការគិតគូររៀបចំឲ្យមានរបៀបរៀបរយជូនប្រជាប្រពលរដ្ឋចេញ-ចូលផ្សារ និងអាជីវករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានឲ្យដឹងថា កិច្ចការងារបរិស្ថានអនាម័យសន្តិសុខពិសេសសណ្តាប់ធ្នាប់សាធារណៈទាំងក្នុងផ្សារ និងបរិវេណជុំវិញផ្សារ ក្រុមការងារគណៈកម្មការតែងតែអនុវត្តជាប់ជាប្រចាំ ដើម្បីធានាភាពល្អប្រសើរជូនពលរដ្ឋអញ្ជើញមកផ្សារទិញម្ហូបអាហារ និងអីវ៉ាន់នានា។ បន្ថែមទៀតនោះ កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ នៃគណៈកម្មការផ្សារអូរឫស្សី តែងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលអូរឫស្សីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានរក្សាការងារ សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយជុំវិញបរិវេណផ្សារ។

លោកបានសង្កត់ធ្ងន់ថា លោកទទួលយកចំពោះការរិះគន់ក្នុងន័យកែលម្អដើម្បីស្ថាបនា តែលោកក៏សុំចិត្តចំពោះពលរដ្ឋមួយចំនួនដែលពុំយល់រឿងហេតុច្បាស់លាស់ ហើយយកទៅថតបង្ហោះផ្សព្វផ្សាយមិនល្អលើបញ្ហាសណ្តាប់ធ្នាប់ជុំវិញផ្សារ ដែលជាកត្តានាំឲ្យមានការភាន់ច្រឡំពីសំណាក់សាធារណជនវាយតម្លៃមិនល្អមកលើក្រុមការងារគណៈកម្មការគ្រប់គ្រងផ្សារទាំងមូល។

លោកបានបញ្ជាក់ថា ទីតាំងផ្សារបច្ចុប្បន្នកំពុងមានការដ្ឋានជួសជុល ផ្នែកតូបរបស់អាជីវករ និង ផ្នែកដំបូល នៃអគារផ្សារ ដូច្នេះខ្វះចំណត ធ្វើឲ្យបរិវេណជុំវិញផ្សារមានការកកស្ទះចរាចរណ៍ខ្លះ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ បានបន្តចុះរៀបចំឲ្យបានល្អប្រសើរផងដែរជាប្រចាំ។

គួររំលឹកថា បញ្ហាសណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈនេះដែរ កាលពីពេលថ្មីៗ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តការក្រើនរំលឹកខ្ពស់ទៅកាន់អាជ្ញាធរទាំង ១៤ ខណ្ឌ និងផ្សាររដ្ឋទាំង ២៥ ឲ្យបន្តការយកចិត្តទុកដាក់រៀបចំឲ្យបានស្អាតល្អធានាភាពល្អប្រសើរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម