ព័ត៌មានជាតិ
ក្រសួងការងារ រៀបចំវេទិកាការងារជិត ៦០០លើក ដើម្បីផ្តល់ឱកាសការងារជូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ
គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារចំនួន ៥៧៧លើក ដោយនាំយកឱកាសការងារដ៏ច្រើនសម្បូរបែប និងការសម្ភាសការងារនៅហ្នឹងកន្លែងផ្ទាល់តែម្តង ជូនដល់ពលរដ្ឋខ្មែរ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារធ្វើគ្រប់ៗគ្នា។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏សម្បូរបែប វេទិកាការងារទាំងអស់នេះក៏ផ្តល់នូវឱកាសក្នុងការសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ ជូនដល់ពលករដែលមានបំណងសិក្សាជំនាញបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល។

លោក ស៊ុន មេសា លើកឡើងថា “នៅក្នុងវេទិកាការងារទាំងអស់នេះ ក្រៅពីការផ្តល់នូវឱកាសការងារជូនដល់បងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ក៏មានការផ្តល់នូវឱកាសក្នុងការសិក្សាជំនាញបច្ចេកទេស ដោយឥតគិតថ្លៃផងដែរ ដែលជំនាញទាំងនោះសុទ្ធតែស្របទៅតាមតម្រូវការទីផ្សារ ហើយនៅពេលដែលបងប្អូនមានជំនាញច្បាស់លាស់ បងប្អូននឹងទទួលបានការងារដែលមានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ”។

ជាមួយគ្នានេះ លោកបានបញ្ជាក់ផងដែរថា នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកចំនួន២ ក្នុងខេត្តសៀមរាប គឺស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះក៏សូមអំពាវនាវដល់អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍។

គួរបញ្ជាក់ថា ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានខិតខំប្រឹងប្រែង និងបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីសម្រួលដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃឱ្យឆាប់ទទួលបានការងារធ្វើគ្រប់ៗគ្នា ដូចជាការដាក់ពង្រាយមណ្ឌលសំចតនៅតាមបន្ទាត់ព្រំដែន ការធ្វើវេទិកាការងារនៅតាមភូមិស្រុក ការសម្រួលនូវឯកសារក្នុងការចូលធ្វើការ និងយន្តការ ១២៩៧ ជាដើម ដែលបានឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងល្អិតល្អន់ចំពោះបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ៕



-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


