Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រាប់អង្គការសហប្រជាជាតិ ថា ពលករខ្មែរត្រូវបានប្រឈមការរើសអើង ​និងអំពើហិង្សានៅថៃ

បានផុស

នៅ

កម្ពុជាបានអំពាវនាវឱ្យមានកិច្ចការពារចំពោះពលករទេសន្តរប្រវេសក៍របស់ខ្លួន ដែលត្រូវបានរាយការណ៍ថា បានប្រឈមមុខនឹងការរើសអើង ស្អប់ខ្ពើម និងអំពើហិង្សានៅក្នុងប្រទេសថៃ។ កម្ពុជាបានបង្ហាញពីក្ដីព្រួយបារម្ភចំពោះស្ថានភាពបែបនេះរបស់ពលករខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្ដីបារម្ភនេះ ត្រូវបានលើកឡើងដោយលោក កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្រោមរបៀបវារៈទី៣ ស្ដីពីកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍។

លោក បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដល់បណ្តារដ្ឋនានាឱ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួនចំពោះពលករទេសន្តរប្រវេសក៍ និងទប់ស្កាត់ការរើសអើង អំពើហិង្សា ព្រមទាំងការរំលោភបំពាននានា។ ខណៈពលករចំណាកស្រុកកម្ពុជា ក៏ត្រូវបានគេរាយការណ៍ថា បានប្រឈមនឹងស្ថានភាពបែបនេះ  ដែលមានភាពពាក់ព័ន្ធជាពិសេសក្នុងបរិបទនៃភាពតានតឹងថ្មីៗនេះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ក្នុងសេចក្ដីថ្លែងការណ៍របស់លោក កែ សុវណ្ណ បានសង្កត់ធ្ងន់ថា ពលករទេសន្តរប្រវេសក៍មិនត្រូវក្លាយជាផ្ទាំងស៊ីប ឬជាគោលដៅកំណត់ការគំរាមកំហែង ឬរងការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយក៏មិនត្រូវក្លាយជាជនរងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋនិងរដ្ឋនោះដែរ។

ពីវេទិការបស់អង្គការសហប្រជាជាតិនេះ តំណាងអចិន្ត្រៃយ៍កម្ពុជា បានអំពាវនាវដល់ប្រទេសម្ចាស់ផ្ទះឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករទេសន្តរប្រវេសក៍ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម