Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ថា ការប្ដូរទីកន្លែងបំពេញការងាររបស់មន្ត្រីតុលាការ ជាការអភិវឌ្ឍសមត្ថភាពបម្រើសេវាយុត្តិធម៌ដល់ពលរដ្ឋ

បានផុស

នៅ

មន្ត្រីបម្រើការក្នុងស្ថាប័នតុលាការ រាប់ចាប់ពីប្រធានសាលាជម្រះក្ដី ចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានប្រកាសផ្លាស់ប្ដូរ និងផ្ទេរភារកិច្ច បន្ទាប់ពីមានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយការផ្លាស់ប្ដូរនិងផ្ទេរភារកិច្ចរបស់មន្ត្រីតុលាការទាំងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ជាការធ្វើឡើងតាមគោលការណ៍ការងារជាធម្មតា ដើម្បីជាការអភិវឌ្ឍសមត្ថកិច្ចមន្ត្រីក្នុងការបម្រើសេវាយុត្តិធម៌ដល់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានថ្លែងប្រាប់ «កម្ពុជាថ្មី» ថា “ការផ្លាស់ប្តូរទីកន្លែងបំពេញការងារ និងការផ្ទេរភារកិច្ចរបស់ចៅក្រម និងព្រះរាជអាជ្ញា គឺជាគោលការណ៍ការងារជាធម្មតា នៅក្នុងអាជីពជាចៅក្រម និងជាព្រះរាជអាជ្ញា ដែលត្រូវធ្វើឡើងជាទូទៅនៅរៀងរាល់ ៤ឆ្នាំម្តង”។

បើតាមអ្នកនាំពាក្យ គោលដៅនៃការផ្លាស់ប្តូរទីកន្លែងបំពេញការងារ និងផ្ទេរភារកិច្ចនេះ គឺដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចដំណើរការងារក្នុងស្ថាប័នតុលាការ និងអង្គការអយ្យការ ជាពិសេសធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

គោលការណ៍ខាងលើ ក៏អនុញ្ញាតឱ្យចៅក្រម និងព្រះរាជអាជ្ញា អាចផ្លាស់ប្តូរបទពិសោធន៍ការងារ និងបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត នៅពេលផ្លាស់ប្តូរទៅកាន់កន្លែងថ្មី ដើម្បីអភិវឌ្ឍខ្លួនឱ្យបានកាន់តែល្អប្រសើរឡើងក្នុងការបម្រើសេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ ។ នេះជាការគូសបញ្ជាក់បន្ថែមដោយលោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌។

គួរជម្រាបឱ្យដឹងថា ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានសាលាដំបូង ជាមួយនឹងការប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងតាមខេត្តមួយចំនួន។

ថ្លែងនៅគ្រប់ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីតុលាការខាងលើ លោក កើត រិទ្ធ បានគូសរំលេចពីក្របខណ្ឌគោលនយោបាយក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលរួមមានការកែទម្រង់ប្រព័ន្ធតុលាការ និងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដាំដល់មន្រ្តីតុលាការទាំងអស់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការនៅទូទាំងប្រទេសត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាពរបស់ខ្លួនឱ្យបានល្អប្រសើរ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។

ការងារដោយឡែកសម្រាប់ប្រធានសាលាដំបូង និងចៅក្រម ដែលត្រូវបានផ្លាស់ទៅបំពេញការងារនៅសាលាដំបូងផ្សេង លោក កើត រិទ្ធ បានណែនាំឱ្យត្រូវយកចិត្តទុកដាក់រៀបចំសាលក្រម/សាលដីកាដែលនៅសេសសល់ឱ្យបានរួចរាល់មុនចាកចេញចំពោះសំណុំរឿងដែលខ្លួនបានប្រកាសរួច។ រីឯព្រះរាជអាជ្ញា គឺត្រូវក្តាប់ឱ្យបាននូវនយោបាយព្រហ្មទណ្ឌនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម