Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ និងក្រសួងការងារ ប្រកាសដាក់អនុវត្តសាកល្បងលើ​ការកែលម្អរថយន្តដឹកជញ្ជូនកម្មករ-និយោជិត ឲ្យកាន់តែមានផាសុកភាពសុវត្ថិភាព

បានផុស

នៅ

ក្រសួង​សាធារណការ និង ក្រសួង​ការងារ បាន​ប្រកាស​ដាក់​អនុវត្ត​សាកល្បង​លើ​ការ​កែលម្អ​រថយន្ត​ដឹកជញ្ជូន​កម្មករ-និយោជិត ឲ្យ​កាន់តែ​មាន​ផាសុកភាព និង​សុវត្ថិភាព ព្រមទាំង​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ដឹក​ជញ្ជូន​កម្មករ-និយោជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ ក្រោម​អធិបតីភាព​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០២៥ ម្សិលមិញ។

នា​ឱកាស​នោះ លោក ប៉េង ពោធិ៍នា បាន​គូស​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ក្នុង​ការ​ដាក់​ចេញ​នូវ​យន្តការ និង​វិធានការ​នានា ដើម្បី​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ និង​ជីវភាព​របស់​កម្មករ-និយោជិត តាមរយៈ​ការ​អនុវត្ត ៖ ១.ការ​រៀបចំ​កៅអី​អង្គុយ និង​ការ​កែលម្អ​រថយន្ត(ធានា​ថា​រថយន្ត​ដឹក​ជញ្ជូន​កម្មករ-និយោជិត ត្រូវ​បាន​កែច្នៃ​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស ដែល​មាន​កៅអី​អង្គុយ​ត្រឹមត្រូវ និង​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់ ដើម្បី​បង្កើន​ផាសុកភាព)។ ២.ការ​អនុវត្ត​នីតិវិធី នៃ​ការ​ត្រួត​ពិនិត្យ(ជំរុញ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់ ត្រូវ​នាំ​យក​រថយន្ត​របស់​ខ្លួន​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ទៀងទាត់ តាម​គោលការណ៍​កំណត់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន)។ ៣.ការ​បណ្ដុះបណ្ដាល​អ្នក​បើកបរ(បង្កើន​ការ​បណ្ដុះបណ្ដាល​ដល់​អ្នក​បើកបរ​រថយន្ត​ដឹកជញ្ជូន​កម្មករ-និយោជិត អំពី​ច្បាប់​ចរាចរណ៍ ក្រមសីលធម៌ និង​បច្ចេកទេស​សុវត្ថិភាព ក្នុង​ការ​បើកបរ)។

ជាមួយ​គ្នា​នេះ លោក ហេង សួរ លើក​ឡើង​ថា គោលបំណង និង​សារៈសំខាន់​ នៃ​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​សាកល្បង​នេះ ឆ្លើយតប​ទៅ​នឹង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ និង​ក្រសួង​ការងារ ក្នុង​ការ​លើក​កម្ពស់ សុខុមាលភាព និង សុវត្ថិភាព របស់​កម្មករ-និយោជិត ក្នុង​ពេល​ធ្វើដំណើរ​ទៅ​មក​បំពេញការងារ។

លោក ហេង សួរ បន្ត​ថា ផាសុកភាព និង សុវត្ថិភាព គឺជា​អាទិភាព​ចម្បង​សម្រាប់​កម្មករ-និយោជិត ដែល​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។ គម្រោង​សាកល្បង​នេះ នឹង​ផ្តល់​បទពិសោធ​ថ្មី នៃ​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ផាសុកភាព និង​កាត់បន្ថយ​ហានិភ័យ នៃ​គ្រោះថ្នាក់​ចរាចរណ៍។ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ៖ ការ​ដាក់​ឲ្យ​អនុវត្ត​ការ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​ដឹកជញ្ជូន​កម្មករ-និយោជិត គឺជា​វិធានការ​ចាំបាច់ ដើម្បី​ធានា​ថា រថយន្ត​ទាំងអស់​ស្ថិត​ក្នុង​ស្ថានភាព​ល្អ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់ ស្របតាម​បទប្បញ្ញត្តិ​ស្ដីពី​ការ​ដឹកជញ្ជូន​កម្មករ-និយោជិត។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​កម្មវិធី​សាកល្បង​នេះ នឹង​ក្លាយ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ពង្រីក​វិសាលភាព​អនុវត្ត​ទៅកាន់​តំបន់​ផ្សេងៗ ទៀត ទូទាំង​ប្រទេស។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​សាធារណការ បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និយោជក និង​តំណាង​កម្មករ-និយោជិត ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​វិធានការ​ទាំងនេះ ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​កិត្តិយស និង​កិត្យានុភាព​របស់​កម្មករ-និយោជិត​កម្ពុជា។

គួរ​ជម្រាប​ថា ពិធី​ខាង​លើ​នេះ​ក៏​មាន​ការ​ចូលរួម​ពី លោក ប៉េង ពោធិ៍​សា អភិបាល​ខេត្ត និង​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត អាជ្ញាធរ​ដែនដី តំណាង​រោងចក្រ សហគ្រាស និង​តំណាង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

សូម​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន មាន​ការ​ផ្តល់​ជូន​នូវ​រថយន្ត​ដឹក​កម្មករ​ថ្មី​មាន​ផាសុកភាព​ដល់​កម្មករ​ក្នុង​តំបន់ រួម​ជាមួយ​នឹង​លក្ខខណ្ឌ​បង់​រំលោះ​ដែល​មាន​ភាព​ទាក់ទាញ​បំផុត។ តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន នឹង​ចាប់​បើក​ការសាងសង់​ផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​កម្មករ ដោយ​មាន​ការ​ផ្តល់​ជូន​នូវ​ការ​បង់​រំលោះ​ជាមួយ​ការប្រាក់​ទាប។ ក្នុង​នោះ មាន​ការ​រួមបញ្ចូល​ទាំង​សាលារៀន​អន្តរជាតិ មន្ទីរពេទ្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​គាំទ្រ​ដល់​ការ​រស់នៅ​ដោយ​ផាសុកភាព៕

អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម